យោងតាមគេហទំព័រអង់គ្លេស BBC បានចេញផ្សាយថា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានកំពូលកីឡាករឆ្នើម៣រូបហើយដែលរងនូវការចោទប្រកាន់ពីតុលាការអេស្ប៉ាញថា បានបន្លំប្រាក់បង់ពន្ធដោយក្លែងប្រាក់ចំណូលពីការលក់សិទ្ធិរូបថតរបស់ខ្លួន
យោងតាមគេហទំព័រអង់គ្លេស BBC បានចេញផ្សាយថា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានកំពូលកីឡាករឆ្នើម៣រូបហើយដែលរងនូវការចោទប្រកាន់ពីតុលាការអេស្ប៉ាញថា បានបន្លំប្រាក់បង់ពន្ធដោយក្លែងប្រាក់ចំណូលពីការលក់សិទ្ធិរូបថតរបស់ខ្លួន រួមទាំងបទឧក្រិដ្ឋទាក់ទងនឹងហិរញ្ញវត្ថុផ្សេងៗទៀតដើម្បីកាត់បន្ថយការបង់ពន្ធ ក្នុងនោះមានកីឡាករ Lionel Messi និង Neymar របស់ក្លឹបអ្នកមានបុណ្យ Barcelona និងកីឡាករ Cristiano Ronaldo របស់ក្លិបអធិរាជស Real Madrid ។
ទាក់ទងទៅនឹងបញ្ហារបស់ Lionel Messi តុលាការអេស្ប៉ាញធ្លាប់បានចោទពីបទគេចពន្ធទៅលើការលក់សិទ្ធិផ្សព្វផ្សាយរូបថតរបស់ខ្សែប្រយុទ្ធរូបនេះកាលពីឆ្នាំ២០១៦ ដោយតុលាការកំពូលរបស់អេស្ប៉ាញសម្រេចដាក់ទោស Messi និងឪពុករបស់កីឡាកររូបនេះ លោក Jorge ឱ្យជាប់ពន្ធធនាគារក្នុងម្នាក់រយៈពេល២១ខែទៀតផង ។ យ៉ាងណាមិញ ពួកគេទាំងពីរអាចនៅក្រៅឃុំបានដោយទោសកំហុសនេះមានរយៈពេលតិចជាង២ឆ្នាំ និងម្យ៉ាងទៀតពួកគេមិនធ្លាប់មានរឿងឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលកន្លងមក ។ ចំពោះករណីរបស់ Neymar ព្រះរាជអាជ្ញាបានស្នើតុលាការឱ្យដាក់ទោសកីឡាកររូបនេះរយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានអឺរ៉ូទៀតផង ដោយចោទពីបទប្រព្រឹត្តអំពើពុករលួយទាក់ទងនឹងការផ្ទេរពីក្លឹប Santos ទៅកាន់ Barcelona កាលពីឆ្នាំ២០១៣ ។ រីឯរឿងដដែលនេះក៏បានធ្លាក់មកលើកីឡាករ Cristiano Ronaldo របស់ក្លិប Real Madrid ផងដែរ ដែលបច្ចុប្បន្នកំពុងប្រឈមការចោទប្រកាន់ពីករណីបន្លំមិនបង់ពន្ធដែលមានទឹកប្រាក់សរុបចំនួន១៤,៧លានអឺរ៉ូ ចន្លោះឆ្នាំ ២០១១និង២០១៤ ។ ម្យ៉ាងទៀត កាលពីខែធ្នូកន្លងទៅធ្លាប់មានការបែកធ្លាយឯកសារមួយចំនួនដែលបង្ហាញថា Cristiano Ronaldo មិនបានបង់ពន្ធលើប្រាក់ចំណូលនោះទេ ប៉ុន្តែត្រូវខ្សែប្រយុទ្ធរូបនេះច្រានចោលទាំងស្រុង ។ ដោយសារតែករណីទាំងនេះទើបធ្វើឱ្យ C.Ronaldo ចង់ចាកចេញពីទឹកដីអេស្ប៉ាញ ។
ចែករំលែកព័តមាននេះ