ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ជេ​ណា​ណា និង​ប៉ុយ​នុយ រង​ការ​រិះគន់​រឿង​ធ្វើ​គណៈកម្មការ​ប្រឡង​ចម្រៀង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មិន​ធ្លាប់​មានបទពិសោធន៍​ផ្នែក​សិល្បៈ​ចម្រៀង និង​ការ​ឱ្យ​ពិន្ទុ តែ​បែរជា​អ្នក​រៀបចំ​កម្មវិធី «​ចង់​ក្លាយជា​តារា​» របស់​ទូរទស្សន៍​អប្សរា​ឱ្យធ្វើ​ជា​អ្នក​ដាក់​ពិន្ទុ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង ។ នេះ​ជា​ការ​រិះគន់​ចំពោះ

រាជធានី​ភ្នំពេញ ៖ មិន​ធ្លាប់​មានបទពិសោធន៍​ផ្នែក​សិល្បៈ​ចម្រៀង និង​ការ​ឱ្យ​ពិន្ទុ តែ​បែរជា​អ្នក​រៀបចំ​កម្មវិធី «​ចង់​ក្លាយជា​តារា​» របស់​ទូរទស្សន៍​អប្សរា​ឱ្យធ្វើ​ជា​អ្នក​ដាក់​ពិន្ទុ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង ។ នេះ​ជា​ការ​រិះគន់​ចំពោះ វី​ជេ NANA និង​វី​ជេ ប៉ុយ​នុយ ។

កម្មវិធី​ប្រឡង​ចម្រៀង «​ចង់​ក្លាយជា​តារា​»​រៀបចំ​ធ្វើ​ឡើង​នៅ​ស្ថានីយទូរទស្សន៍​អប្សរា​ក្រោម​ការ​ដឹកនាំ​របស់​លោក​នូ សុ​ភេ​ន ។ កម្មវិធី​នេះ​ផ្សាយ​ជូន​រាល់ថ្ងៃ​សៅរ៍​វេលា​ម៉ោង​៧​យប់​ដល់​ម៉ោង​៩​យប់ ។ គណៈកម្មការ​ដាក់​ពិន្ទុ​មាន​អ្នកស្រី​សួន ច​ន្ថា​, លោក​នូ សុ​ភេ​ន អ្នកដឹកនាំ​កម្មវិធី​, កញ្ញា​វី​ជេ ណា​ណា និង​លោក​វី​ជេ ប៉ុយ​នុយ ។

លោក​នូ សុ​ភេ​ន ឱ្យ​ដឹង​ថា កម្មវិធី​«​ចង់​ក្លាយជា​តារា​» ជា​កម្មវិធី​ថ្មី​មួយ​ប្លែក​ដែល​មាន​តារា​កិត្តិយស​អម​គណៈកម្មការ​ដូច​ជា​វី​ជេ​ណា​ណា និង​វី​ជេ​ប៉ុយ​នុយ ដែល​អ្នក​ទាំង​ពីរ​ជា​តំណាង​កែវភ្នែក​របស់​ទស្សនិកជន ក្នុង​ការ​ដាក់​ពិន្ទុ​ក្រៅពី​អ្នកស្រី​សួន ច​ន្ថា ព្រមទាំង​គណៈកម្មការ​៣​នាក់​ទៀត ។

លោក​នូ សុ​ភេ​ន និយាយ​បន្ត​ថា «​មាន​ទស្សនិកជន​មួយ​ចំនួន​ហាក់​មិន​ពេញចិត្ត​ណា​ណា និង​ប៉ុយ​នុយ​ដោយ​រិះគន់​ថា​នៅ​ក្មេង​មិន​មាន​លក្ខណៈ​ឯកទេស​ចម្រៀង តែ​បែរជា​មក​អង្គុយ​ថា និង​រិះគន់​អ្នក​ប្រឡង​ដូច​ជា​មិន​ទំនង​។ យ៉ាងណា​ក្តី​ខ្ញុំ​មិន​មានការ​លាក់កំបាំង ឬ​ស៊ីសំណូក​ជាមួយ​បេក្ខជន​នោះ​ឡើយ យក​តែ​អ្នក​ណា​ខ្លាំង​មាន​សមត្ថភាព​ប៉ុណ្ណោះ ។ បែរ​ទៅ​មើល​វី​ជេ​ណា​ណា និង​ប៉ុយ នុយ​គាត់​ក៏​មាន​សមត្ថភាព​យល់​ដឹង​ពី​ការ​លើកដាក់​សំឡេង​ពីរោះ​មិន​ពីរោះ​ដែរ ដូច​ជា​ចង្វាក់ភ្លេង​ជាដើម ។ គាត់​មិន​ខុស​ពី​ទស្សនិកជន​នោះ​ទេ ឃើញ​បេក្ខជន​មិនល្អ​គាត់​ថា​មិនល្អ បេក្ខជន​ចេញ​មក​ច្រៀង​ពីរោះ កាយវិការ​បាន យល់​ពី​អត្ថន័យ​ក្នុង​ចម្រៀង​បូក​ជាមួយ​ការ​ស្លៀកពាក់ គឺ​ពួក​គាត់​មិន​ខ្លាច​ការ​ឲ្យ​ជាប់​នោះ​ទេ​» ។

វី​ជេ​ណា​ណា​និយាយ​ថា «​នាង​ខ្ញុំ​អាច​មើល​ដឹង​បេក្ខជន​ណា​ពូកែ​និង​មិន​ពូកែ ។ បើ​មើល​ដឹង អ្នក​ទស្សនា​ក៏​គាត់​មើល​ដឹង ដ្បិតតែ​យើង​មិនមែន​ជា​អ្នកចម្រៀង​មែន តែ​អាច​ស្តាប់​បាន​ដែរ ។ បេក្ខជន​ខ្លះ​គេ​ចេញ​មក ទោះជា​ចាំ​ពេល​ឡើង​ប្រឡង​យូរ​បែប​ណា ហត់​ហេវ តែ​អាច​យកឈ្នះ​បាន ដោយសារ​អត់​ខ្វល់​សម្ពាធ​ខាងក្រៅ​ទេ  ។ សិល្បៈ​លើ​ឆាក​ផ្សេង ខាងក្រៅ​ឆាក​ផ្សេង​បើ​គាត់​ចែក​ដាច់​នោះ​យើង​ដាក់​ពិន្ទុ​តាម​ហ្នឹង​» ។

វី​ជេ ប៉ុយ​នុយ ថ្លែង​អរគុណ​ចំពោះ​អ្នក​រិះគន់​ស្ថាបនា​ចំពោះ​លោក​ដែល​ធ្វើ​ជា​អ្នក​ដាក់​ពិន្ទុ​ឲ្យ​បេក្ខជន​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​«​ចង់​ក្លាយជា​តារា​»​។ «​ការណ៍​ពិត​ខ្ញុំ​គ្មាន​ជំនាញ​ស្តាប់​ការ​ច្រៀង​ពេញលេញ​ទេ តែ​ខ្ញុំ​ក៏​ដឹង​ខ្លះ​ដែរ​ថា​បេក្ខជន​ណា​ល្អ និង​មិនល្អ ច្រៀង​បាន និង​មិន​បាន ព្រោះ​មានបទពិសោធន៍​ក្នុង​សិល្បៈ​យូរ​ដែរ ពិសេស​ការងារ​ក្នុង​វិទ្យុ ។ សិល្បៈ​ខ្ញុំ​កាន់​ការងារ​ក្នុង​វិទ្យុ​រាប់​ឆ្នាំ និយាយ​ផង ចាក់​ចម្រៀង​ផង អាច​ដឹង​ពី​ចង្វាក់​បែប​ណា​បាន​ច្បាស់ ។ មួយទៀត​ខ្ញុំ​បាន​ចាក់​ចម្រៀង​ក្នុង​កម្មវិធី​«​ឆា​ឆា​ឆា​»​របស់​ប៉ុស្តិ៍​បាយ័ន​យូរ​ឆ្នាំ​ដឹង​បន្ថែម​ទៀត​ផ្នែក​ចង្វាក់ ។ ដូចនេះ​បេក្ខជន​ខ្ញុំ​មើល​ច្រើន​លើ​ចង្វាក់​ជាងគេ ចូល​មុន ឬ​ក្រោយ​ចង្វាក់ គឺ​ដឹង ។ ទោះបី​យ៉ាងណា​ក្តី​ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​នេះ​ឲ្យ​ល្អ និង​អរគុណ​ដល់​អ្នក​រៀបចំ​កម្មវិធី ក្រុមការងារ និង​អ្នកគ្រូ​សួន ច​ន្ថា ដែល​បាន​លើកទឹកចិត្ត និង​ជួយ​ប្រាប់​ចំណុច សំខាន់​ៗ​ក្នុង​ការ​ធ្វើ​គណៈកម្មការ​ចម្រៀង »៕