ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាស្ត្រី​ក្មេងដំបូងគេ ក្លាយជាអភិបាល​ខេត្ត…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​មុន រាជរដ្ឋាភិបាល​បាន​សម្រេច​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ធ្វើការ​ផ្លាស់​ប្តូរ អភិបាល​រាជ ធានី​-​ខេត្ត​ចំនួន​៤ គឺ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកោះកុង ។ ជាការ​កត់សម្គាល់​ពេញ​១​ថ្ងៃ​សៅរ៍​ទី​១៧ មិថុនា តាម​បណ្តាញ​សង្គម និង​តាម​ប្រភព​ព័ត៌មាន​នានា​ធ្វើការ​ចាប់អារម្មណ៍​ជុំវិញ​ការ​ផ្លាស់​ប្តូរ​នេះ ។

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​មុន រាជរដ្ឋាភិបាល​បាន​សម្រេច​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ធ្វើការ​ផ្លាស់​ប្តូរ អភិបាល​រាជ ធានី​-​ខេត្ត​ចំនួន​៤ គឺ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកោះកុង ។ ជាការ​កត់សម្គាល់​ពេញ​១​ថ្ងៃ​សៅរ៍​ទី​១៧ មិថុនា តាម​បណ្តាញ​សង្គម និង​តាម​ប្រភព​ព័ត៌មាន​នានា​ធ្វើការ​ចាប់អារម្មណ៍​ជុំវិញ​ការ​ផ្លាស់​ប្តូរ​នេះ ។

យោង​តាម​ព្រះរាជក្រឹត្យ​រួម​គ្នា​មួយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​កំពង់ចាម និង​លោក ប៊ុ​ន លើ​ត អភិបាលខេត្ត​កោះកុង ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺជា​ការ​ដំឡើង​ឋានៈ​សម្រាប់​ការ​ប្តូរ​តំណែង​នេះ។

ក្នុង​ព្រះរាជក្រឹត្យ​ដោយឡែក​ៗ​ពី​គ្នា​ចំនួន​៤ ព្រះករុណា​ក៏​បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា​លើ ព្រះរាជក្រឹត្យ​តែងតាំង​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុ​ជាតិ​វង្ស ។ ចំណែកឯ លោក គួ​ច ចំរើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ជំនួស​លោក លន់ លឹ​ម​ថៃ និង លោក លី ឡេ​ង ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ។ ការ​តែងតាំង​មួយ​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ព្រះមហាក្សត្រ​ក៏​បាន​ត្រាស់​បង្គាប់​តែងតាំង លោកស្រី មិថុនា ភូ​ថង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង​ជំនួស​លោក ប៊ុ​ន លើ​ត ។

លោក​ជំទាវ មិថុនា ភូ​ថង អាច​ចាត់ទុកជា​ស្ត្រី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​ការ​បោះ​ឆ្នោតជាតិ​លើក​ទី​មួយ​នា​ឆ្នាំ​១៩៩៣ ដែល​ត្រូវ​បាន​តែងតាំង​សម្រាប់​តំណែង​ជា​អភិបាលខេត្ត​។ លោក​ជំទាវ​ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរមន្ត្រី ថ្នាក់​លេខ​៤ មក​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី ថ្នាក់​លេខ​៦ នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០១៧ ដែល​បាន​ចេញ​ព្រម​ៗ​គ្នា​ជាមួយនឹង​ការ​តែងតាំង​នេះ ។

លោក​ជំទាវ មិថុនា ភូ​ថង ជា​ចៅស្រី​ពៅ​របស់​លោក សាយ ភូ​ថង ដែល​ជា​អ្នកតស៊ូ​ប្រឆាំង​នឹង​របប​ខ្មែរក្រហម​នៅ​ភាគ​ខាងលិច និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ ក្នុង​វ័យ​៣៨​ឆ្នាំ លោក​ជំទាវ មិថុនា ភូ​ថង គឺជា​ស្ត្រី​ទី​ពីរ​ដែល​ត្រូវ​កាន់​តំណែង​ខ្ពស់​ជា​អភិបាលខេត្ត ដែល​ស្ត្រី​ដំបូង​នោះ គឺ​លោក​ជំទាវ ឡាក់ អូន អតីត​អភិបាលខេត្ត​រតនគិរី​ក្នុង​សម័យ​រដ្ឋ​កម្ពុជា ដែល​បច្ចុប្បន្ន​លោក​ជំទាវ ឡាក់ អូន​គឺជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​កាលពី​ថ្ងៃអាទិត្យ​លោក​ជំទាវ មិថុនា ភូ​ថង បាន​បង្ហាញ​នូវ​ក្តី​រំភើប​រីករាយ ដែល​បាន​ទទួល​ការ​ជឿ​ទុកចិត្ត​ពី​ព្រះមហាក្សត្រ​ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ប្រគល់​ភារកិច្ច​និង​តួនាទី​កំពូល​ក្នុង​ខេត្ត​ដល់​លោក​ជំទាវ ។
លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ផ្ទាល់​ពិតជា​មានចិត្ត​រំភើប និង​មាន​មោទនភាព​សម្រាប់​ខ្លួន​ខ្ញុំ​ដែល​ទទួល​បាន​នូវ​ទំនុកចិត្ត​ពី​រាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រ​ដែល​បាន​ត្រាស់​បង្គាប់​តែងតាំង​សម្រាប់​មុខ​តំណែង​មួយ​នេះ​» ។

លោក​ជំទាវ​បាន​បន្ត​ទៀត​ថា​៖ «​សម្រាប់​ទស្ស​នះ​គំនិត​របស់​នាង​ខ្ញុំ​គឺថា រាល់​គ្រប់​ភារកិច្ច​សុទ្ធតែ​មាន​ឧបសគ្គ តែ​នាង​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​បំពេញការងារ​និង​អនុវត្ត​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ច្បាប់​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល​នីមួយ​ៗ»។លោក​ជំទាវ មិថុនា ភូ​ថង បាន​បញ្ចប់​ការ​សិក្សា​អនុ​បណ្ឌិត​ជំនាញ​ខាង​ច្បាប់រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១២ ។ ដោយ​មានការ​ជំរុញ​ពី​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត លោក​ជំទាវ​បាន​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​នា​ឆ្នាំ​២០០៩ ហើយ​ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្តកោះកុង​នៅ​ខែឧសភា ឆ្នាំ​២០១៦ ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ៖ «​អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​គឺ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ជា​ពិសេស​គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​ថា ការងារ​មួយ​ដំណើរការ​ទៅ​បាន​ល្អ គឺ​ត្រូវ​មានការ​ចូលរួម​ពី​មន្ត្រី​មាន​សមត្ថភាព ។ នាង​ខ្ញុំ​ចង់​បញ្ជាក់​ថា គឺ​ការ​ពង្រឹង​នូវ​ការងារ​ដែល​រាជរដ្ឋាភិបាល​បាន​ទម្លាក់​ឱ្យ​មូលដ្ឋាន​និង​ខិតខំ​ឲ្យ​គាត់​មាន​ទំនុកចិត្ត​តាម​ដោយ​ការ​ពង្រឹង​ធនធានមនុស្ស​នៅ​វិស័យ​រដ្ឋបាល និង​ឯកជន » ។

លោក​ជំទាវ​បាន​បង្ហាញ​ជំនឿ​មុតមាំ​ថា នឹង​មាន​ស្ត្រី​ដែល​មាន​សមត្ថភាព​ច្រើន​រូប​ទៀត នឹង​ទទួល​បាន​ទំនុកចិត្ត និង​ការ​តែងតាំង​សម្រាប់​តួនាទី​ជា​អភិបាលខេត្ត ។អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ គឺ​ការ​តែងតាំង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​ថា តើ​អភិបាលក្រុង​ថ្មី លោក ឃួ​ង ស្រេង ដែល​នឹង​ឡើង​កាន់​តំណែង​នា​ពេល​ខ្លី​ខាង​មុខ​នេះ នឹង​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ​ល្អ​ប្រសើរ​ជាង​មុន ឬ​ក៏​យ៉ាប់​យឿ​ន​ជាង​មុន ព្រោះ​ទីក្រុង​គជ់​មួយ​នេះ​ត្រូវ​បាន​រិះគន់​ពាក់ព័ន្ធ​នឹង​ជំនន់​ទឹកភ្លៀង ជា​ពិសេស​តើ​លោក​អាច​ដោះស្រាយ​បញ្ហា​ចម្បង​ដែល​ការ​យក​ចិញ្ចើម​ផ្លូវ​មួយ​ចំនួន​ធំ​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ធ្វើការ​លក់ដូរ ជា​ចំណតរថយន្ត និង​យានយន្ត​សម្រាប់​ភោជនីយដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ផ្សេង ក៏​ដូច​ជា​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍​តាម​ដង​វិ​ថី និង​មហាវិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ រាប់​ទាំង​បញ្ហា​សំរាម ការ​យក​ថ្លៃ​សំរាម​ស្រេច​តែ​ចិត្ត​ក្រុមហ៊ុន ទុក​ឱ្យ​ក្រុមហ៊ុន​ឈ្មោះ​ស៊ី​ន​ទ្រី​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង គឺជា​បញ្ហា​ចម្បង​ផង​ដែរ ។
លោក ឃួ​ង ស្រេង មិន​អាច​ទំនាក់ទំនង​បាន​ទេ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ។ ទោះបីជា​មានការ​តែងតាំង​ត្រូវ​បាន​បង្ហាញ​ជា​សា​ធារ​ណេៈ​ក៏​ដោយ តែ​ពិធី​ផ្ទេរ​និង​ដំឡើង​តំណែង​ជា​ផ្លូវការ​នៅ​មិន​ទាន់​បាន​រៀបចំ​ជា​ផ្លូវការ​នៅឡើយ​ទេ ។

លោកស្រី ធីតា ឃឹះ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីល​ការ បាន​មាន​ប្រសាសន៍​ថា លោក​ជំទាវ​ចូលរួម​អបអរ​សារ​ទរ សម្រាប់​ការ​តែង​តាំង​ឲ្យ​មាន​ស្ត្រី​នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខេត្ត​-​រាជធានី ហើយ​លោកស្រី​សង្ឃឹមថា នឹង​មាន​ស្ត្រី​មាន​សមត្ថភាព​ច្រើន​រូប​ទៀត នឹង​ត្រូវ​បាន​តែងតាំង​សម្រាប់​មុខ​តំណែង​ជា​អភិបាល​រាជធានី​-​ខេត្ត ព្រោះ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​ដល់​បច្ចុប្បន្ន​នេះ លោក​ជំទាវ មិថុនា ភូ​ថង គឺជា​ស្ត្រី​ទី​មួយ​ដែល​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង ។

លោកស្រី ធីតា ឃឹះ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សង្ឃឹមថានឹង​មាន​ស្ត្រី​ជា​ច្រើន​រូប​ទៀត នឹង​ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​-​រាជធានី មិនមែន​មាន​ត្រឹមតែ​គាត់​ម្នាក់​នោះ​ទេ ។ ជា​ពិសេស​ខ្ញុំ​សង្ឃឹមថានឹង​មានការ​គាំទ្រ​គាត់​ពី​បណ្តា​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៅ​ខេត្ត​នោះ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​គាត់ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ស្ត្រី​អភិបាលខេត្ត​ទី​១ ត្រូវ​បរាជ័យ​ការងារ មិនមែន​ដោយសារ​គ្មាន​សមត្ថភាព​នោះ​ទេ តែ​គឺ​ការ​បាក់ទឹកចិត្ត​ដោយសារ​តែ​គ្មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ពី​បណ្តា​អភិបាលរង​បុរស ឬ​ថ្នាក់ដឹកនាំ​ផ្សេង​ៗ​ទៀត ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បង្ហាញ​ពី​ភាព​លើក​ស្ទួយ​ដល់​ស្ត្រី ។

លោកស្រី​បាន​បន្ត​ទៀត​ថា ពី​ដើម​ក៏​មាន​ថ្នាក់ដឹកនាំ​ស្ត្រី​ក្នុង​តួនាទី​ជា​អភិបាលខេត្ត​មួយ​ចំនួន​ផង​ដែរ ។ សម្រាប់​តួនាទី​ជា​អភិបាល
រង​ខេត្ត​ជា​ស្ត្រី គឺ​មាន​គ្រប់​ខេត្ត​-​ក្រុង​ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា «​ពួក​គាត់​ជា​អភិបាលរង​មាន​សមត្ថភាព មានឱកាស​ធ្វើការ​បាន​ល្អ»៕