ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​ចេញ​-​ចូល​រវាង​កម្ពុជា​និង​ថៃ​តាម​ច្រក​ប៉ោយ​ប៉ែ​ត​ខុស​គ្នា​ដាច់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ ខុស​គ្នា​រាប់​ពាន់​លាន​ដុល្លារ ដោយសារ​តែ​កម្ពុជា​នាំ​ចូល​ច្រើន​ជាង​នាំ​ចេញ ។ មួយវិញទៀត កម្ពុជា​ក៏​ពុំ​ទាន់​មាន​ផលិតផល​អ្វី​ដែល​

ខេត្តបន្ទាយមានជ័យ ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ ខុស​គ្នា​រាប់​ពាន់​លាន​ដុល្លារ ដោយសារ​តែ​កម្ពុជា​នាំ​ចូល​ច្រើន​ជាង​នាំ​ចេញ ។ មួយវិញទៀត កម្ពុជា​ក៏​ពុំ​ទាន់​មាន​ផលិតផល​អ្វី​ដែល​ជា​តម្រូវការ​ចាំបាច់ ក្រៅពី​សម្លៀក​បំពាក់ ត្រី សាច់ បន្លែ និង​កសិផល​មួយ​ចំនួន​ឡើយ ។ ចំណែក​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ គឺ​ផ្គត់ផ្គង់​ស្ទើរតែ​គ្រប់​វិស័យ បូក​រួម​ទាំង​ឧស្សាហកម្ម​ធុន​ធ្ងន់​ផង​ដែរ​។ កត្ដា​ទាំងនេះ​ហើយ​ធ្វើ​ឲ្យ​ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មិន​សម​មាត្រ និង​ខុស​គ្នា​ដាច់ ។

បើ​តាម​លោក សៀន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ ទំនិញ​កម្ពុជា​ដែល​នាំ​ចូល​ទៅ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រួម​មាន សម្លៀក​បំពាក់​ដែល​ផលិត​ក្នុងស្រុក ត្រី បន្លែ និង​កសិក​ផល​មួយ​ចំនួន​ទៀត ។ ចំណែក​ទំនិញ​ថៃ​នាំ​ចូលរួម​មាន គ្រឿង​អេ​ឡិច​ត្រូ​និក​, គ្រឿងសំណង់ ដែក ស៊ីម៉ងត៍ និង​សម្ភារ​ផ្គត់ផ្គង់​វិស័យ​សំណង់​ផ្សេង​ទៀត​, គ្រឿងអគ្គិសនី គ្រឿង​ឧបភោគបរិភោគ បន្លែ ផ្លែ​ឈើ និង​ផលិតផល​ថែរក្សា​សម្ផស្ស​ជា​ច្រើន​ទៀត និយាយ​ជា​រួម​គឺ​នាំ​ចូល​ស្ទើរ​គ្រប់​វិស័យ ។

ទន្ទឹម​នឹង​នេះ គេ​សង្កេត​ឃើញ​ថា ជា​រឿយ​ៗ នៅ​ពេល​កម្ពុជា​នាំ​ទំនិញ​ចូល​ទៅ​ប្រទេស​ថៃ គឺ​ត្រូវ​បាន​ភាគី​ថៃ​រឹត​បណ្ដឹង​មិន​ថា សម្លៀក​បំពាក់​ទេ សូ​ម្បី​តែ​កសិក​ផល​នានា​ក៏​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ល្អិតល្អន់​ដែរ​។ ចំណែក​ភាគី​ថៃ​នាំ​ចូល​វិញ គឺ​ដំណើរការ​យ៉ាង​រលូន និង​គ្មាន​ឧបសគ្គ​អ្វី​ឡើយ ។

ក្រុម​អាជីវករ​កម្ពុជា​ដែល​នាំ​ទំនិញ​ចូល​ទៅ​លក់​នៅ​តាម​ជាយ​ដែន​បាន​លើក​ឡើង​ថា ៖ « វា​ដូច​ជា​អយុត្តិធម៌​ពេក​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នាំ​ទំនិញ​ចូល​ទៅ​លក់​នៅ​ប្រទេស​ថៃ​តាម​ជាយ​ដែន​ត្រូវ​ភាគី​ថៃ​ធ្វើបាប​តាមតែ​អំពើ​ចិត្ត តែ​ភាគី​ថៃ​នាំ​ចូល​ដោយ​សេរី គ្មាន​កើតទុក្ខ​បុក​ម្នេញ​អ្វី​ឡើយ » ។

លោក វួ​ច អូន ប្រធាន​គណៈកម្មាធិការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ គឺ​មាន​តិចតួច​ណាស់​ក្រៅពី​ទំនិញ​ក្រុមហ៊ុននាំចេញ តែ​ទំនិញ​ថៃ​នាំ​មក​កម្ពុជា​វិញ មាន​ទំនិញ​ចម្រុះ​ច្រើន​រាល់ថ្ងៃ ។ យ៉ាងណា​ក៏​ដោយ លោក​សុំ​ឲ្យ​ស្ថាប័ន​មន្ត្រី​ជំនាញ​មាន​កាំកុងត្រូល គួរតែ​យកចិត្ត​ទុក​ត្រួតពិនិត្យ​បន្ថែម​ទៀត​រាល់​ទំនិញ​នាំ​ចូល​នានា ពិសេស​គ្រឿង​ឧបភោគ​បរិ​យោគ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ ។

តាម​របាយការណ៍​ពាណិជ្ជកម្ម​ពី​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​ក្នុង​ឆ្នាំ​២០១៦​មាន​ចំនួន​ប្រមាណ​៥,៦​ប៊ី​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ ប្រទេស​ទាំង​ពីរ​សង្ឃឹមថា ទំហំ​ពាណិជ្ជកម្ម​នឹង​កើន​ទឹកប្រាក់​ដល់​៥,៨​ប៊ី​លាន​ដុល្លារ ។ ទន្ទឹម​នឹង​នេះ នៅ​ឆ្នាំ​២០២០​ឬ​៣​ឆ្នាំ​ខាង​មុខ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​ធ្វើ​យ៉ាងណា នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កើនឡើង​៣​ដង ៕