រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន ប្រភេទដីដែលមានសក្តានុពលនៅកម្ពុជា កំពុងថយចុះគុណភាពជាបណ្តើរៗទៅជាដីមានសក្តានុពលទាប ឬដីគ្មានសក្តានុពលសម្រាប់ផលិតកម្មកសិកម្ម ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងទិវាពិភពលោក ប្រយុទ្ធប្រឆាំងនឹងរហោឋានកម្ម ឬឱនភាពដីឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី១៥ មិថុនា ថា កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមានខឿនសេដ្ឋកិច្ចពឹងផ្អែកទៅលើវិស័យកសិកម្ម ក្នុងនោះតាមការសិក្សាកន្លងមកវាយតម្លៃថា ដីនៅប្រទេសកម្ពុជាប្រមាណ២៨%មានសក្តានុពលលើផ្នែកកសិកម្ម ឬជាដីមានជីជាតិខ្ពស់, ដី១៩%មានសក្តានុពលមធ្យម និង៥៣%ជាប្រភេទដីមានសក្តានុពលទាប ។
លោកបន្តថា បច្ចុប្បន្ន ប្រភេទដីដែលប្រកបដោយសក្តានុពលនេះ កំពុងទទួលរងការថយចុះគុណភាពជាបណ្តើរៗ ទៅជាដីមានសក្តានុពលទាប ឬដីគ្មានសក្តានុពលសម្រាប់ផលិតកម្មកសិកម្ម ។ កត្តាដែលនាំឲ្យមានការខូចខាតដល់ទំហំដី និងធនធានដីក្នុងពេលបច្ចុប្បន្ននេះ រួមមាន ការប្រើប្រាស់បច្ចេកទេសមិនសមស្របនានាក្នុងផលិតកម្មកសិកម្ម, ការខ្វះចន្លោះក្នុងការគ្រប់គ្រងកាកសំណល់, ការមិនទាន់បែងចែករវាងដីត្រូវប្រើប្រាស់ក្នុងផលិតកម្មកសិកម្ម ឬសំណល់ភូមិសាស្ត្រដី ទៅតាមសក្តានុពលនៃប្រភេទដំណាំ និងដីសម្រាប់គោលបំណងក្រៅពីផលិតកម្មកសិកម្មជាដើម ។
លោក វេង សាខុន បន្តទៀតថា ពាក់ព័ន្ធនឹងបញ្ហាឱនភាពដី បរិស្ថាន អស្ថិរភាពនយោបាយ អសន្តិសុខ ស្បៀង និងភាពក្រក្រី គឺជាកត្តាធ្វើឲ្យមនុស្សជាច្រើនបង្ខំចិត្តធ្វើចំណាកស្រុក។ ជាក់ស្តែង ចំនួនមនុស្សដែលធ្វើការចំណាកស្រុកនៅទូទាំងពិភពលោក បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ គឺមានរហូតដល់២៤៤លាននាក់ក្នុងឆ្នាំ២០១៥ ខណៈនៅឆ្នាំ២០០០ មានត្រឹមតែ១៧៣លាននាក់ប៉ុណ្ណោះ ។ បញ្ហាទាំងនេះ យើងកត់សម្គាល់ឃើញថា ការបាត់បង់ដីដែលមានផលិតភាព បានជំរុញឲ្យមនុស្សមានជម្រើសជីវិតផ្សេងៗ គឺប្រកបដោយភាពប្រថុយប្រថាន ។
ទាក់ទិននឹងបញ្ហាឱនភាពដីធ្លី មកដល់ពេលនេះ ក្រសួងកំពុងអនុវត្តជាបន្តបន្ទាប់នូវគោលការណ៍មួយចំនួនក្នុងជំហានទាំង១០នៃកម្មវិធីនេះ ដោយសម្រេចលទ្ធផលជាក់លាក់មួយចំនួន ក្នុងនោះបានជ្រើសរើសយកគម្របព្រៃគោលជាង១០លានហិកតា ស្មើនឹងជាង៧៥%នៃផ្ទៃដីសរុបសម្រាប់ឆ្នាំ២០១០ និងជាង៨លានហិកតា ស្មើជាង៤៦%នៃផ្ទៃដីសរុបសម្រាប់ឆ្នាំ២០១៤ ដើម្បីជួយដល់បញ្ហាឱនភាពដីធ្លី ដែលកំពុងមានសក្តានុពលថយចុះទាំងនេះ ៕
ចែករំលែកព័តមាននេះ