ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​តែ​រថយន្ត​ជាប់ផុង កុំ​អី​គ្រញូង​២​រថយន្ត​មិនដឹង​ទៅ​ដល់​ណា​ទេ​…

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ចុះ​បង្ក្រាប​ករណី​បទល្មើស​ព្រៃឈើ ដោយ​រក​ឃើញ​ឈើ​ប្រណីត​គ្រញូង​ជា​ច្រើន​ដុំ

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ចុះ​បង្ក្រាប​ករណី​បទល្មើស​ព្រៃឈើ ដោយ​រក​ឃើញ​ឈើ​ប្រណីត​គ្រញូង​ជា​ច្រើន​ដុំ ដែល​ត្រូវ​ឈ្មួញ​ដឹក​តាម​រថយន្ត​បម្រុង​នឹង​យក​ទៅ​លក់​បន្ត​នៅ​ឯ​ខេត្តបាត់ដំបង​។ លុះ​ពេល​កំពុង​តែ​ធ្វើ​សកម្មភាព​ដឹកឈើ​ទាំងនោះ​បម្រុង​ចេញពី​ព្រៃ ស្រាប់តែ​ជាប់ផុង ពេល​សមត្ថកិច្ច​ទៅ​ពិនិត្យ​មើលឃើញ​សុទ្ធតែ​ឈើ​គ្រញូង ក៏​បង្ក្រាប​តែ​ម្តង​។ ចំណែក​ម្ចាស់​រថយន្ត​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​ឈឹង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ចម្ការ​មួយ​កន្លែង ក្នុងភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដោយ​រក​ឃើញ​ឈើ​គ្រញូង​ចំនួន​៣៨​ដុំ​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ពេល​សមត្ថកិច្ច​នគរបាល​ទៅ​ដល់​កន្លែង​ដែល​រថយន្ត​ជាប់ផុង ក្រុម​ឈ្មួញ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ដោយ​បន្សល់​ទុក​រថយន្ត​ចំនួន​២​គ្រឿង ទី​១.​ម៉ាក​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2k-0399 ដឹកឈើ​គ្រញូង ទី​២.​រថយន្ត​ច្នៃ​ពណ៌​ខៀវ អត់​ស្លាក​លេខ មានឈ្មោះ លឹ​ម សេង ជា​បើករថយន្ត​ដឹកឈើ​គ្រញូង​បន្ត​ផង​ដែរ​។

ប្រភព​បន្ត​ថា គេ​ឃើញ​រថយន្ត​ម៉ាក​បា​ឡែ​ន​១​គ្រឿង​ខាងលើ បាន​បើកបរ​ដល់​ចំណុច​កើតហេតុ ក៏​បត់​ទៅ​ខាងស្តាំ​ដៃ ចូល​ទៅ​ក្នុង​ចម្ការ​មួយ​។ ពេល​នោះ​ដោយ​មានការ​សង្ស័យ ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​រថយន្ត​ដឹកឈើ​ក្រ​ញួ​ង​ជាប់ផុង ហើយ​គេ​ឃើញ​មានកម្ម​ក​៥​ទៅ​៦​នាក់ កំពុង​តែ​នាំ​គ្នា​ជញ្ជូន​ឈើ​ចេញពី​រថយន្ត​បា​ឡែ​ន ទៅ​ដាក់​ក្នុង​រថយន្ត​ច្នៃ​មួយ​គ្រឿង​ទៀត ស្រប​ពេល​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ទៅ​ដល់ ទើប​គេ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្តង​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក មិន រ៉ា​វុ​ធ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ប្រព្រឹត្ត​បទល្មើស មាន​ចំនួន​២​គ្រឿង ដែល​មួយ​គ្រឿង​ជា​រថយន្ត​ម៉ាក​បា​ឡែ​ន​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2k-0399 និង​រថយន្ត​មួយទៀត​ជា​រថយន្ត​ច្នៃ គ្មាន​ស្លាក​លេខ​។

ចំពោះ​បទល្មើស​ឈើ​ក្រ​ញូ​ង​នេះ គឺ​រឹបអូស​បាន​ឈើ​ក្រ​ញូ​ង​ចំនួន​៣៨​ដុំ ស្មើនឹង​៣៦៥​គីឡូក្រាម  ដោយឡែក​ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ លោក​បាន​បន្ត​ថា បច្ចុប្បន្ន​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​ទ​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ដើម្បី​រៀបចំ​កសាង​សំណុំ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ប៉ៃលិន បាន​កើត​មាន​យ៉ាង​សកម្ម ដោយ​លេច​ចេញ​នូវ​រូបភាព​ផ្សេង​ៗ ដូច​ជា​ដឹក​តាម​ម៉ូតូ និង​តាម​រថយន្ត​ដឹក​សាំង ឬ​តាម​រថយន្ត​តាក់ស៊ី និង​មធ្យោបាយ​មួយ​ចំនួន​ទៀត ដែល​សកម្មភាព​ទាំងនោះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ពុំ​មានការ​រារាំង​ពី​មន្ត្រី​ជំនាញ​ណា​ម្នាក់​នោះ​ឡើយ តែ​បើសិនជា​មាន គឺ​ដោយសារ​រថយន្ត​បទល្មើស​ទាំងនោះ​រងគ្រោះថ្នាក់​ដោយ​យថាហេតុ​ណាមួយ ទើប​គេ​បង្ក្រាប​ចាប់​បាន​ដូច​ករណី​ខាងលើ​៕