ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាព​នៃ​វិស័យ​អចលនវត្ថុ​កម្ពុជា មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ចាត់​ទុក​វិស័យ​អចលនទ្រព្យ​និង​សំណង់ ជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ នៅ​ឆ្នាំ​២០១៦​ទាំងមូល ទុន​វិនិយោគ​លើ​វិស័យ​នេះ​បាន​កើនឡើង​ជាង​៥,៥​ពាន់​លាន​ដុល្លារ ស្មើនឹង

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ចាត់​ទុក​វិស័យ​អចលនទ្រព្យ​និង​សំណង់ ជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ នៅ​ឆ្នាំ​២០១៦​ទាំងមូល ទុន​វិនិយោគ​លើ​វិស័យ​នេះ​បាន​កើនឡើង​ជាង​៥,៥​ពាន់​លាន​ដុល្លារ ស្មើនឹង​កំណើន​៦៧% ខណៈ​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧​នេះ មាន​កំណើន​ប្រមាណ​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ដោយសារ​សន្ទុះ​នៃ​កំណើន​នេះ វិនិយោគិន ក៏​ដូច​ជា​សេដ្ឋវិទូ​កម្ពុជា មើលឃើញ​ថា វិស័យ​មួយ​នេះ មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ និង​ចេះ​តែ​បន្ដដំណើរ​ទៅ​មុខ ដោយ​គ្មាន​អ្វី​រាំងស្ទះ ។

លោក​ឧកញ៉ា នួន រិ​ទ្ធី នាយក​ក្រុមហ៊ុន KFA មាន​ប្រសាសន៍​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ការ​សាងសង់​ក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា មានដំណើរ​ការ​ធម្មតា ។ ជាក់ស្តែង នៅ​ប៉ុន្មាន​ខែ​ដើមឆ្នាំ​នេះ បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ប៉ុន្មាន​ខែ​ដើមឆ្នាំ​មុន ទុន​វិនិយោគ​ក្នុង​វិស័យ​មួយ​នេះ​កើន​ជាង​៤​ពាន់​លាន​ដុល្លារ ។ ដូចនេះ បើ​យើង​មើល​សន្ទុះ​នៃ​ការ​សាងសង់ អត់​មាន​គម្រោង​ណាមួយ​អាក់ខាន​ទេ។

លោក​ឧកញ៉ា​ថ្លែង​ថា ៖ « សុខភាព​នៃ​វិស័យ​អចលនវត្ថុ​កម្ពុជា យើង​សង្កេត​ឃើញ​ថា គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ ដោយសារ​វិនិយោគិន​នៅ​តែ​បន្ត​ចាប់អារម្មណ៍​ទៅ​លើ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស នៅ​តំបន់​សំខាន់​ៗ តួយ៉ាង ខេត្ត​ព្រះ​សីហ​នុ ថ្មី​ៗ​នេះ​យើង​ឃើញ​វិនិយោគិន​ចិន​ច្រើន​កំពុង​បោះទុន​អភិវឌ្ឍន៍​២​ទៅ​៣​គម្រោង​ទៀត » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ យល់​ថា កំណើន​២០%​ដែល​វិស័យ​អចលនទ្រព្យ​ទទួល​បាន​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ វា​បង្ហាញ​ពី​ភាពរឹងមាំ និង​វិជ្ជមាន​នៅ​ក្នុង​វិស័យ​សំណង់ ហើយ​ប្រទេស​កម្ពុជា​ត្រូវការ​ពេលវេលា​សម្រាប់​ការ​សាងសង់ យ៉ាង​ហោច​ណាស់​ប្រហែល​៣០​ឆ្នាំ​ទៀត ។

លោក​បណ្ឌិត ម៉ី កល្យាណ គូសបញ្ជាក់ថា ៖ « សេដ្ឋកិច្ច​កម្ពុជា​មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​មានដំណើរ​ការ​ធម្មតា គ្មាន​អ្វី​ប្រែប្រួល​ទេ មាន​ន័យ​ថា វា​មាន​កំណើន​ធម្មតា​៧%​ក្នុង​មួយ​ឆ្នាំ ហើយ​រាជរដ្ឋាភិបាល​ដឹង​អ្វី​ដែល​ត្រូវធ្វើ ដូច​ជា ទាក់ទង​នឹង​រឿង​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស អគ្គិសនី ធ្វើ​យ៉ាងម៉េច ឱ្យ​ខ្មែរ​មានការ​ប្រកួតប្រជែង​ល្អ​ជាង​មុន ។ ជា​ទូទៅ សេដ្ឋកិច្ច​កម្ពុជា ខ្ញុំ​យល់​ឃើញ​ថា វា​ចេះ​តែ​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ គ្មាន​អ្វី​មក​រាំងស្ទះ​ទេ » ។

យោង​តាម​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ថា​៖ « ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ប្រមាណ​៥.៥៨០​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​កំណើន​៦៧,១៥% ។ ចំណែក​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧ មាន​ទឹកប្រាក់​ប្រមាណ​៤.៣៦២​លាន​ដុល្លារ កើនឡើង​ប្រមាណ​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៦ ហើយ​ព្យាករ​ថា វិស័យ​សំណង់​នេះ​នឹង​នៅ​តែ​រក្សា​បាន​កំណើន​ល្អ​បន្ត​ទៀត » ៕