សុខភាព » សុខភាព

វិធី​បំបាត់​ស្នាម​ខ្មៅ​នៅ​លើ​ស្បែក​តំបន់​អាថ៌​កំបាំង

ដោយ ៖ យុំា កំលិញ   

ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ០៧:៣០   (19-06-2017 07:30)

ភាព​ខ្មៅ​នៅ​ចន្លោះ​រវាង​ភ្លៅ និង​តំបន់​អាថ៌​កំបាំង គឺជា​បញ្ហា​ទាក់ទង​នឹង​សម្រស់​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​ភាព​អាម៉ាស់ ប៉ុន្តែ​សំណាងល្អ​វា​មិន​ទាក់ទង​នឹង​បញ្ហា​សុខភាព​ទេ ។

ដោយសារ​ស្បែក​នៅ​តំបន់​អាថ៌​កំបាំង​នេះ​មាន​ភាព​ស្តើង ងាយ​នឹង​ប្រតិកម្ម វា​មិនមែន​ជា​រឿង​ល្អ​ទេ ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ស​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុគីមី​ដើម្បី​កែខៃ​បញ្ហា​នេះ ។

មាន​វិធីសាស្ត្រ​ធម្មជាតិ​ងាយស្រួល​ជា​ច្រើន​ដើម្បី​បំបាត់​ភាព​ខ្មៅ​នៅ​តំបន់​នេះ​។ វិធីសាស្ត្រ​ទាំងនេះ​អាច​ចំណាយពេល​យូរ​បន្តិច ដូច្នេះ​អ្នក​ត្រូវ​មាន​ភាព​អត់ធ្មត់​ដើម្បី​ទទួល​បាន​លទ្ធផល​វិជ្ជមាន ។

១-​ប្រទាល​កន្ទុយក្រពើ
ប្រទាល​កន្ទុយក្រពើ​គឺជា​ឱសថ​ធម្មជាតិ​មួយ​ដ៏​ពេញ​និយម​ជួយ​ធ្វើ​ឲ្យ​ស្បែក​ស ។ នៅ​ពេល​ដែល​បាន​ប្រើ​ជា​ប្រចាំ វា​អាច​ជួយ​ឱ្យ​ស្បែក​មាន​ភាព​ភ្លឺ​ថ្លា​ជាង​មុន និង​បន្ថយ​ចំណុច​ខ្មៅ​លើ​ស្បែក​។ វា​ថែម​ទាំង​អាច​ជួយ​ជួសជុល​កោសិកា​ស្បែក និង​ជំរុញ​ការ​បង្កើត​កោសិកា​ស្បែក​ឡើង​វិញ ។

-​យក​ជែ​ល​ចេញពី​ស្លឹក​ប្រទាល​កន្ទុយក្រពើ​នេះ ។
-​លាប​ជែ​ល​នេះ​នៅ​លើ​កន្លែង​ស្បែក​ខ្មៅ​នៅ​តំបន់​អាថ៌​កំបាំង​របស់​អ្នក ។
-​ទុក​វា​ចោល​ប្រហែល​២០​នាទី​បន្ទាប់​មក​លាង​វា​ចេញ​ជាមួយ​ទឹក ។
-​ធ្វើ​ដូចនេះ​ម្តង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទទួល​បាន​លទ្ធផល​រហ័ស ។

២-​ទឹកក្រូច​ឆ្មារ
ទឹកក្រូច​ឆ្មារ​ជា​ឱសថ​ធម្មជាតិ​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ស​ស្អាត​បាន​យ៉ាង​មាន​ប្រសិទ្ធ ភាព​ដោយសារ​តែ​លក្ខណៈសម្បត្តិ​នៃ​ទឹក​អាស៊ីត​របស់​វា ។ វីតាមីន C នៅ​ក្នុង​ទឹកក្រូច​ឆ្មារ​ក៏​អាច​ជួយ​កម្ចាត់​កោសិកា​ស្លាប់ និង​ធ្វើ​ឱ្យ​សុខភាព​ស្បែក​ទូទៅ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ​។ វា​ក៏​ជួយ​ព​ន្លឿ​ន​ការ​បង្កើត​កោសិកា​ស្បែក​ដែល​មាន​សុខភាព​ល្អ​ឡើង​វិញ ។

កាត់​ផ្លែក្រូច​ឆ្មារ​ជា​ពីរ និង​ត្រដុស​វា​ត្រង់​ស្បែក​ខ្មៅ​រយៈពេល​ពីរ​ទៅ​បី​នាទី​។ ទុក​ទឹកក្រូច​ឆ្មា​រលើ​ស្បែក​រយៈពេល​១០​ទៅ​១៥​នាទី ។ លាង​ជម្រះ​វា​ចេញ​ជាមួយ​ទឹក​ក្តៅ ឧ​ណ្ណ​ៗ ។

ដោយសារ​ទឹកក្រូច​ឆ្មារ​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត ដូច្នេះ​អ្នក​គួរតែ​លាប​ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក ឬ​លាបប្រេង​ដូង​បន្ទាប់​ពី​ការ​អនុវត្ត​វិធី​នេះ ។

៣-​ទឹក​ត្រសក់
ទឹក​ត្រសក់​មាន​លក្ខណៈសម្បត្តិ​ធ្វើ​ឲ្យ​ស្បែក​ស​។ វីតាមីន A ដែល​មាននៅ​ក្នុង​ផ្លែ​ត្រសក់​អាច​ជួយ​បន្ថយ​ភាព​ខ្មៅ​លើ​ស្បែក​ដោយ​ជួយ​គ្រប់គ្រង​ការ​ផលិត​ជាតិ​មេឡានីន​របស់​ស្បែក ។ លើស​ពី​នេះ​ជាតិ​ទឹក​ខ្ពស់​ជួយ​រក្សា​សំណើម​ដល់​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង ។

លាបទឹក​ត្រសក់​នៅ​លើ​ស្បែក​ខ្មៅ​នៃ​កន្លែង​អាថ៌​កំបាំង​របស់​អ្នក​។ ទុក​វា​ចោល​រយៈពេល​១០ ទៅ​១៥​នាទី បន្ទាប់​មក​លាង​វា​ចេញ​ជាមួយ​ទឹក​ត្រជាក់ ។ ធ្វើ​ដូចនេះ​ពីរ​ដង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទទួល​បាន​លទ្ធផល​ឆាប់រហ័ស ។

៤-​សម្បក​ក្រូច
ជំនួស​ឱ្យ​ការ​បោះចោល​សម្បក​ក្រូច បន្ទាប់​ពី​អ្នក​ទទួលទាន​ក្រូច​ហើយ អ្នក​អាច​ប្រើ​សម្បក​វា​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​នៅ​តំបន់​អាថ៌​កំបាំង​របស់​អ្នកមាន​ភាព​ស​ភ្លឺ​ថ្លា​ឡើង​វិញ ។ សម្បក​ក្រូច​នេះ​មាន​នាទី​ធ្វើ​ឲ្យ​ស្បែក​ស​ពី​ធម្មជាតិ និង​អាច​ជួយ​បន្ថយ​ភាព​ខ្មៅ​លើ​ស្បែក ។

សម្បក​នេះ​មាន​ផ្ទុក​វីតាមីន C ច្រើន​ជាង​សាច់​ក្រូច​របស់​វា ។ វីតាមីន​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ដែល​អាច​បំផ្លាញ​តួនាទី​របស់​កោសិកា​ស្បែក និង​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​ភាព​ចែងចាំង ៕