ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ននេះខេត្តមណ្ឌលគិរីដែលនៅឆ្ងាយពីរាជធានី និងទីតំបន់នានានោះ ហាក់បីដូចជានៅកៀកជិតលែងឆ្ងាយដូចមុនទៀតហើយ ព្រោះតែផ្លូវថ្នល់តភ្ជាប់យ៉ាងល្អប្រណីតពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងសែនមនោរម្យ ។
កាលពីពេល ថ្មីៗកន្លងមកមហាជនលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខេត្តមណ្ឌលគិរីរីកចម្រើនខ្លាំងណាស់ បើធៀបនឹងពេលកន្លងទៅ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រុងសែនមនោរម្យ អភិវឌ្ឍគួរជាទីមោទនៈ ។
កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០-១៩៩០ ការរស់នៅរបស់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី គឺរស់នៅក្នុងសភាពស្ងាត់ជ្រងំ ស្ទើរតែគ្មានប្រព័ន្ធគមនាគមន៍សម្រាប់ធ្វើចរាចរណ៍ទៅកាន់ទីប្រជុំជន និងរាជធានីទេ ។ ការធ្វើដំណើរទៅកាន់បណ្តាខេត្ត ផ្សេងៗ និងរាជធានីភ្នំពេញកាលជំនាន់នោះភាគច្រើនឆ្លងកាត់តាមប្រទេសវៀតណាមត្រូវប្រើពេលវេលារាប់ថ្ងៃទម្រាំដល់គោលដៅ ម្តងៗ ។
បច្ចុប្បន្ននេះ ខេត្តមណ្ឌលគិរីមានគ្រប់យ៉ាង ប្រជាពលរដ្ឋរស់នៅយ៉ាងស្រួល មិនលំបាកដូចពេលមុនឡើយ ។
ខេត្តមណ្ឌលគិរីបាន និងកំពុងរីកលូតលាស់លើគ្រប់វិស័យ តួយ៉ាងដូចជាវិស័យកសិកម្ម កសិឧស្សហកម្ម វិស័យរ៉ែ និងទេសចរណ៍ វិស័យសំណង់ជាដើម ។ ចំពោះក្រុងសែនមនោរម្យវិញ ក៏កំពុងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ទៅលើវិស័យសំណង់ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុងទាំងមូល ។
សព្វថ្ងៃក្រុងសែនមនោរម្យ កំពុងមានការអភិវឌ្ឍលើផ្នែកជាច្រើន ដូចជាការកសាងអតីតអាកាសយានដ្ឋានឲ្យទៅជាសួនកម្សាន្តរបស់ប្រជាពលរដ្ឋ ការកសាងប្រព័ន្ធគមនាគមន៍ ដោយផ្ដើមចេញពីក្រុងសែនមនោរម្យ គឺពលរដ្ឋអាចធ្វើដំណើរទៅកាន់បណ្ដាស្រុកទាំង៤ របស់ខេត្តមណ្ឌលគិរី យ៉ាងងាយស្រួលបំផុតលើផ្លូវកៅស៊ូ មិនតែប៉ុណ្ណោះភ្ជាប់ទៅបណ្ដាខេត្ត ដែលនៅជាប់ខេត្តមណ្ឌលគិរី រួមមានខេត្តក្រចេះ រតនគិរី ស្ទឹងត្រេងជាដើម ។ ផ្លូវជាតិឆ្ពោះទៅបណ្ដាខេត្តទាំងនោះយ៉ាងឆាប់រហ័សផងដែរ ។ មួយវិញទៀតវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី កំពុងរីកធំធាត់ ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទៅលេងកម្សាន្តកើនឡើងជាលំដាប់ ។ អ្វីដែលជាចំណុចពិសេសបំផុតនោះ គឺដោយសារប្រទេសកម្ពុជាមានស្ថិរភាព សន្តិសុខល្អប្រសើរធ្វើឲ្យពលរដ្ឋក្នុងខេត្តមណ្ឌលគិរីអាចប្រកបការងារ ឬរបរទ្រទ្រង់ជីវភាព មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។
អភិបាលក្រុងសែនមនោរម្យ លោកឡុង វិបុល ឲ្យដឹងថា កត្តាដែលជំរុញឲ្យក្រុងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់នោះ គឺព្រោះប្រទេសកម្ពុជាមានសន្តិភាពល្អ ហើយផ្អែកលើកត្តាសន្តិភាពនេះផ្ដល់ឲ្យពលរដ្ឋអាចអភិវឌ្ឍន៍ជីវភាពរបស់ខ្លួន កាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។ ការអភិវឌ្ឍរបស់ប្រជាពលរដ្ឋនេះហើយ គឺជាចំណែកដ៏វិសេសវិសាលសម្រាប់អភិវឌ្ឍក្រុងសែនមនោរម្យទាំងមូល ។ កត្តាពិសេសមួយទៀតនោះ គឺផ្អែកលើហេដ្ឋានរចនាសម្ព័ន្ធខេត្តមណ្ឌលគិរី កាន់តែល្អប្រណីតដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តច្រើន ដោយធ្វើពលរដ្ឋបានទទួលចំណូលច្រើនពីវិស័យឧស្សាហកម្មគ្មានផ្សែងនេះ ។
អភិបាលក្រុងសែនមនោរម្យបញ្ជាក់ថា ទាក់ទិននឹងវិស័យសំណង់ក្នុងក្រុងមានការរីកចម្រើនខ្លាំងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពោលបើគិតត្រឹមឆ្នាំ២០១៦ ធៀបនឹងឆ្នាំ២០១៥ គឺមានកំណើនសំណង់ប្រមាណ៤០% ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោកងិន សុវិមាន ថ្លែងថា «បច្ចុប្បន្នខេត្តមណ្ឌលគិរី មានសណ្ឋាគារ ផ្ទះសំណាក់ ប្រមាណជាង១ពាន់បន្ទប់ សម្រាប់ភ្ញៀវទេសចរសម្រាក និងមានភោជនីយដ្ឋានប្រមាណជិត៤០ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តមណ្ឌលគិរីមានកំណើនភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ ហើយអ្វីដែលធ្វើឲ្យមានកំណើនភ្ញៀវទេសចរនេះ ព្រោះតែកត្តាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិនេះហើយ» ។
លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីថ្លែងថា «បើទោះបីពេលនេះខេត្តមណ្ឌលគិរីកំពុងមានការអភិវឌ្ឍលើវិស័យនានាបានល្អប្រសើរជាងពេលកន្លងទៅ ប៉ុន្តែរដ្ឋបាលសាលាខេត្តមណ្ឌលគិរី នៅតែស្វាគមន៍ដៃគូវិនិយោគអភិវឌ្ឍនៅលើទឹកដីនៃខេត្តមណ្ឌលគិរីលើវិស័យទូទៅក្នុងតំបន់បន្ថែមទៀត សំដៅធ្វើឲ្យជីវភាពរបស់ពលរដ្ឋក្នុងខេត្តមណ្ឌលគិរីទាំងមូលមានជីវភាពកាន់តែប្រសើរឡើង» ៕
ចែករំលែកព័តមាននេះ