ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទេព រិ​ន​ដា​រ៉ូ និង​កញ្ញា​ដួង ម៉ា​និច្ចពេញចិត្ត​ការ​ឱប​ថើប​បបោសអង្អែល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ទេព រិ​ន​ដា​រ៉ូ និង​កញ្ញា​ដួង ម៉ា​និច្ច បាន​រួម​គ្នា​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​ពស់​កេងកង​» ។ ភាពយន្ត​នេះ​មាន​ឈុត​ឆាត​ស្នេហា​ច្រើន​រវាង​លោក​ដា​រ៉ូ និង​កញ្ញា​ម៉ា​និច្ច ។

រាជធានី​ភ្នំពេញ ៖ លោក​ទេព រិ​ន​ដា​រ៉ូ និង​កញ្ញា​ដួង ម៉ា​និច្ច បាន​រួម​គ្នា​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​ពស់​កេងកង​» ។ ភាពយន្ត​នេះ​មាន​ឈុត​ឆាត​ស្នេហា​ច្រើន​រវាង​លោក​ដា​រ៉ូ និង​កញ្ញា​ម៉ា​និច្ច ។
ពិធី​សម្ពោធ​ខ្សែភាពយន្ត​រឿង​«​ពស់​កេងកង​»​របស់​ទូរទស្សន៍​PNN រៀបចំ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ភ្នំពេញ ដោយ​មាន​ផលិតករ តារា​សម្តែង និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ចូលរួម ។

លោក​ទេព រិ​ន​ដា​រ៉ូ ដែល​ប៉ះ​ជាមួយ​ស្រី​ស្អាត​វ័យក្មេង​ដួង ម៉ា​និច្ច ក្នុង​រឿង​«​ពស់​កេងកង​»​សម្តែង​ក្តី​សប្បាយ​រីករាយ​ដែល​រឿង​នេះ​បាន​ថត​ឡើង​វិញ​ក្រោម​បច្ចេកទេស​ថ្មី និង​គោរព​ស្នាដៃ​ដើម ។ រឿង​នេះ​លោក​ដា​រ៉ូ​សម្តែង​ជា​តួអង្គ​«​ពស់​កេងកង​» ស្រឡាញ់​នាង​នី​សម្តែង​ដោយ​កញ្ញា​ដួង ម៉ា​និច្ច ។

លោក​ទេព រិ​ន​ដា​រ៉ូ និយាយ​ថា «​ការ​សម្តែង​ជាមួយ​ស្រី​និច្ច​មាន​អារម្មណ៍​ចូល​តួ​ល្អ នាង​ហ៊ាន​លេង​ឈុត​ស្នេហា​ថើប​ឱប​ជញ្ជក់មាត់​មិន​ឲ្យ​បារម្ភខ្មាស ។ នេះ​ជា​សិល្បៈ ពិសេស​ឈុត​ក្នុង​ទឹកជ្រោះ​ផង និង​ថត​ឈុត​ស្នេហា​ក្នុង​ខ្ទម​ផង ។ នាង​សម្តែង​បាន​ល្អ​ដូច​ឈុត​ស្នេហា​ខ្ញុំ​ធ្លាប់​ថត​ជា​មូ​យ​អ្នក​នាង​អម្ពរ ទេវី ពី​មុន​ក្នុង​រឿង​ចៅ​ពស់​កេង​» ។ 

កញ្ញា​ដួង ម៉ា​និច្ច និយាយ​ពី​ការ​សម្តែង​ឈុត​ស្នេហា​រោលរាល​ថា «​ដំបូង​ឡើយ​នាង​ខ្ញុំ​គិត​ថា​ពិបាក ព្រោះ​មិន​ដែល​គិត​ថា​បាន​ប៉ះ​គ្នា​ជាមួយ​លោក​ទេព រិ​ន​ដា​រ៉ូ​ទេ ។ បាន​ថត​ជាមួយ​គាត់​ពី​ដំបូង​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា កាន់តែ​ងាយស្រួល ដោយសារ​តែ​ទាំង​ប៉ា​រ៉ូ​ល​និង​កាយវិការ​បាន​បង្ហាញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​នាង​ខ្ញុំ​ព្យាយាម​យ៉ាងណា​ឲ្យ​ងាយស្រួល​ឲ្យ​គាត់​ទទួលយក​អារម្មណ៍​របស់​នាង​ខ្ញុំ​វិញ ។

ពី​មុន​នាង​ខ្ញុំ​ខ្លាចពស់ តែ​ខ្លាច​ធម្មតា តែ​ថត​ជាមួយ​ពស់​ដំបូង​អត់​ដឹង​ថា ពស់​មាន​ចង្កូម​ទេ តែ​ពេល​សម្តែង​ជាមួយ​គឺ​បាន​ល្អជា​មួយ​ពស់​ទម្ងន់​១០០​គីឡូ ។ អ្វី​ដែល​ភ័យ​តក់ស្លុត គឺ​ត្រង់​ថត​ឈុត​បែប​ពពោះ មាន​ផ្ទុក​ដោយ​សត្វ​ពស់​១៥​គីឡូ ត្រូវ​ពពោះ​ថត​ស្លុត​ខ្លាំង​សុ​ទ្ឋ​តែ​ពស់​ពេញ​ផ្ទៃពោះ​យើង តែ​នេះ​ជា​ការ​ស្រឡាញ់​មិន​បោះបង់​ឡើយ​» ។

ភាពយន្ត​រឿង​«​ពស់​កេងកង​» ផលិត​ឡើង​វិញ​ជា​រឿង​ភាគ និង​ត្រូវ​ចែក​ចេញ​ជា​ពីរ​វគ្គ ដោយ​វគ្គ​ទី​១​រក្សា​ទម្រង់​ដើម​ចំនួន​១២​ភាគ​។ វគ្គ​ទី​២​ចំនួន​២៦​ភាគ ។ រឿង​នេះ​សហការ​ផលិត​ដោយ​អ្នក​ជំនាញ​ពី​ប្រទេស​កា​ណា​ដា ហ្វ៊ី​លី​ពី​ន និង​កម្ពុជា ដោយ​ទូរទស្សន៍​ភី​អិន​អិន​បាន​ទទួល​សិទ្ធិ​ពី​ស្ថា​ប​ន័​សិទ្ធិ​អ្នក​និ​ព​ន្ឋ និង​សិទ្ធិ​ប្រហាក់ប្រហែល ។ 

តារា​ចូលរួម​សម្តែង​ក្នុង​រឿង​«​ពស់​កេងកង​»​មាន​លោក​ទេព រិ​ន​ដា​រ៉ូ​, កញ្ញា​ដួង ម៉ា​និច្ច , លោក​ជា សំណាង​, លោក​ណា​ខុន​, កញ្ញា​សក្ក​ដា​, អ្នក​នាង​ឌី លី​ណា​, និង​តារា​កំប្លែង​តា​ចេក​ជាដើម ។

កញ្ញា​ទូច បុ​ប្ជា ប្រធាន​ផ្នែក​ទីផ្សារ​របស់​ទូរទស្សន៍​ភី​អិន​អិន​និយាយ​ថា កន្លង​មក​ភី​អិន​អិន​បាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​ប្រភេទ​សាច់​រឿង​បែប​កំ​ប្លេង និង​មនោសញ្ចេតនា​ទាំង​សម័យ​និង​បុរាណ ផលិត​ជា​ភាពយន្ត​ភាគ​ទូរទស្សន៍ ដើម្បី​ជា​ចំណី​អារម្មណ៍​សម្រាប់​ទស្សនិកជន​នៅ​តាម​គេហដ្ឋាន ។ ចំពោះ​ប្រភេទ​រឿងព្រេង​ខ្មែរ​មួយ​ចំនួន ក៏​ជ្រើសរើស​តែ​ផលិត​ដែរ​ដោយ​ជឿជាក់​ថា ទស្សនិកជន​ភាគច្រើន​ចង់​ទស្សនា​។ ជាក់ស្តែង​រឿង «​ពស់​កេងកង​»​បាន​ជ្រើសរើស​យក​មក​ផលិត​ហើយ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ខែកក្កដា ៕