ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំមួយខ្សែចេញពីផ្លូវផ្លូវជាតិលេខ៥ នៅចំណុចជាប់ខាងត្បូងផ្សារពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ទៅកាន់ឃុំពេជចង្វា បានរងការខូចខាតស្ទើរទាំងស្រុង ពិសេសចំណុចជាប់ផ្សារនេះតែម្តង។ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរបានត្អូញត្អែរថា ផ្លូវមួយខ្សែនេះខូចខាតយូរហើយគ្មានអ្នកធ្វើ បណ្តាលឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ។ ប្រជាពលរដ្ឋដែលរស់នៅជាប់នឹងផ្លូវដែលរងការខូចខាត រួមទាំងអ្នកធ្វើដំណើរបានលើកឡើងថា តាមពិតផ្លូវនឹងឃើញមានចាក់ដីធ្វើរាល់ឆ្នាំ ប៉ុន្តែដោយសារគ្មានប្រព័ន្ធលូបង្ហូរទឹកទើបបណ្តាលឲ្យផ្លូវខូចបែបនេះជារៀងរាល់ឆ្នាំ។
ក្នុងស្ថានភាពផ្លូវបែបនេះ ប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរជាខ្លាំង អាស្រ័យហេតុនេះពួកគាត់ បានសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលសូមមេត្តាជួយស្ថាបនាផ្លូវមួយខ្សែនេះដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួលផង។ ផ្តើមចេញពីការលំបាក ធ្វើដំណើរនៅតាមផ្លូវខាងលើនេះ ក៏មានបណ្តាញសង្គម ហ្វេសបុក បានបង្ហោះរូបភាពផ្លូវលំបាកនេះ ហើយបន្ទាប់មកក៏ឃើញមានអ្នកចូលទៅ បញ្ចេញយោបល់(comment) តាមទស្សនៈផ្សេងៗគ្នា ខ្លះថាឲ្យមេឃុំទើបជាប់ឆ្នោតថ្មីធ្វើទៅ (មេឃុំជាប់ឆ្នោតថ្មីគណៈបក្សសង្គ្រោះជាតិ) តែខ្លះទៀតថា ផ្លូវខូចយូរហើយ មេឃុំចាស់ម៉េចមិនព្រមធ្វើ ចំណែកខ្លះទៀតបែបនិយាយបែបកណ្តាល ថា ខាងណាជាប់ឆ្នោតក៏ដោយ សូមយកប្រាក់បដិភាគ និងមូលនិធិឃុំ ធ្វើទៅ ទើបបានធ្វើដំណើរស្រួលទាំងអស់គ្នា។
ប៉ុន្តែទោះយ៉ាងនេះក្តី អភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ បានប្រាប់ថា កុំទាន់ចោទដាក់គ្នាអី ផ្លូវមួយខ្សែនេះមានប្រវែងជាង១២គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥ ចំណុចផ្សារពន្លៃនេះ ទៅឃុំពេជចង្វា ស្រុកបរិបូរណ៍ គឺមានគម្រោងធ្លាក់មកហើយ គឺក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកធ្វើដោយក្រាលកៅស៊ូ ហើយបើតាមដឹង នឹងធ្លាក់មកឆាប់ៗនេះ មិនដល់ឆ្នាំ២០១៨ទេ។ សូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តចុះ និងសូមអត់ធ្មត់ទ្រាំបន្តិចទៅ នឹងបានផ្លូវថ្មីក្រាលកៅស៊ូក្នុងពេលឆាប់ៗខាងមុខនេះ។សូមបញ្ជាក់ដែរថា បើតាមមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងទៅបន្តធ្វើផ្លូវលំខាងលើនេះ ក្នុងពេលឆាប់ៗនេះ ព្រោះបច្ចុប្បន្នកំពុងជាប់ធ្វើផ្លូវក្រាលកៅស៊ូដូចគ្នានេះដែរ ពីផ្លូវជាតិលេខ៥ចំណុចភូមិឈើនាគ ទៅផ្លូវជាតិលេខ៥៣ ស្រុកទឹកផុស៕ .
ចែករំលែកព័តមាននេះ