រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឲ្យដំណើរការច្រកចេញចូលតែមួយ នៅទីស្តីការរបស់ក្រសួង ក្នុងគោលដៅលើកកម្ពស់គុណភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ មិថុនា កន្លងមក បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់គុណភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន និងអង្គភាព ដែលបម្រើសេវាសាធារណៈនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ឲ្យដំណើរការនូវច្រកចេញចូលតែមួយ តាមរយៈប្រកាសលេខ១៨២៣ ស.ហ.វ.ប្រ.ក ចុះថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៥ ស្តីពីស្តង់ដាសេវាសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ការអនុវត្តនេះ ក៏ធ្វើឡើងស្របតាមប្រកាសលេខ៣៨៩ ស.ហ.វ.ប្រ.ក ចុះថ្ងៃទី១០ មេសា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃច្រកចេញចូលតែមួយទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ជាក់ស្តែង ច្រកចេញចូលតែមួយរបស់ក្រសួង មានអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងចំនួន៣ គឺអគ្គនាយកដ្ឋាន លទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិគណនេយ្យ ។
ដោយឡែក សេវាសាធារណៈដែលត្រូវបម្រើដោយអគ្គនាយកដ្ឋាន មានទីតាំងនៅខាងក្រៅទីស្តីការក្រសួងចំនួន៣ទៀតរួមមាន អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងអគ្គនាយកដ្ឋានរតនាគារជាតិ ទទួលបន្ទុកផ្តល់សេវាជូនសាធារណជននៅទីតាំងរបស់សាមីអង្គភាពតែម្តង ។
យោងតាមសេចក្តីជូនដំណឹងដដែលបន្តថា ៖ « ការដាក់ឲ្យដំណើរការច្រកចេញចូលតែមួយនៅទីស្តីការក្រសួងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួល និងជំរុញនីតិវិធីការងារ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់សាធារណជន អាចមកទទួលសេវាសាធារណៈពីក្រសួង ដោយរលូន ទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងអាចបំពេញសេចក្តីត្រូវការជូនសាធារណជនបានល្អប្រសើរផងដែរ » ៕
ចែករំលែកព័តមាននេះ