ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​យល់ព្រម​ឱ្យ​លោក សម រ​ង្ស៊ី ចូល​ស្រុក​ពេល​ណា​ក៏​បាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​មេ​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី បាន​អះអាង​ថា លោក​នឹង​វិល​មក​ស្រុក​ខ្មែរ​វិញ​ដោយ​មិន​ខ្លាច​ជាប់​ពន្ធនាគារ​ឡើយ​ដើម្បី​ប្រកួតប្រជែង​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ អតីត​មេ​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី បាន​អះអាង​ថា លោក​នឹង​វិល​មក​ស្រុក​ខ្មែរ​វិញ​ដោយ​មិន​ខ្លាច​ជាប់​ពន្ធនាគារ​ឡើយ​ដើម្បី​ប្រកួតប្រជែង​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ ការ​ប្រកាស​នេះ​មេ​បក្ស​ប្រឆាំង​មុន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ចេញ ស​.​ជ​.​ណ ថ្មី​ដោយ​លុប ស​.​ជ​.​ណ ចាស់ ដែល​រារាំង​ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក សម រ​ង្ស៊ី ចេញ​កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦​កន្លង​ទៅ ។ ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​លោក សម រ​ង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​លោក​នឹង​វិល​ចូល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ណាមួយ ពិសេស​នោះ​មក​ដើម្បី​ប្រកួតប្រជែង​ផ្នែក​នយោបាយ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ ការ​ប្រកាស​នេះ​លោក សម រ​ង្ស៊ី ស្នើ​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដក​បទបញ្ជា​ទាំងឡាយ​ដែល​ហាម​លក់​សំបុត្រ​យន្តហោះ​ឲ្យ​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨​ផង​ដែរ ។

​លោក សម រ​ង្ស៊ី បញ្ជាក់​ថា «​សម្តេច ហ៊ុន សែន ត្រូវ​តែ​ផ្អាក​លើ​ការ​ទំលាក់​ចោល​នូវ​បញ្ហា​ដែល​រដ្ឋាភិបាល​របស់​គាត់​បាន​ឲ្យ​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍​ទូ​ទាំង​ពិភពលោក​មិន​ឲ្យ​ដឹក​រូប​ខ្ញុំ​មក​កម្ពុជា ។ អីចឹង​គ្មាន​ក្រុមហ៊ុន​ណា​ដឹក​រូប​ខ្ញុំ​ទេ​» ។ លោក​បន្ថែម​ថា បើ​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​នោះ​ត្រូវ​តែ​ឲ្យ​រូប​ខ្ញុំ​ដែល​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ចូល​ស្រុក​ដើម្បី​តតាំង​គ្នា​ដោយ​សូមកុំ​មានការ​រារាំង​រូប​ខ្ញុំ​មក​ស្រុក​ខ្មែរ​ដើម្បី​ប្រកួត​គ្នា​ឲ្យ​សោះ ។ ​លោក សម រ​ង្ស៊ី បាន​បញ្ជាក់​ថា «​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់តាំង​រូប​ខ្ញុំ​ជា​គូរ​ប្រកួត ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​តទល់​ប្រកួត​ជាមួយ​សម្តេច ហ៊ុន សែន ។  ដូច្នេះ​ត្រូវ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​អាកាសចរណ៍​ជា​មុន​សិន​» ។ ​អតីត​មេ​បក្ស​ប្រឆាំង​ក៏​បាន​លើក​ឡើង​ថា ការ​ចូល​មក​ស្រុក​វិញ​របស់​លោក​អាស្រ័យ​លើស​ម្តេច ហ៊ុន សែន ព្រោះ​ថាបើ​លោក​មិន​បាន​ចូល​មក​នោះ​ការ​ប្រកួត​គ្មាន​តម្លៃ​នោះ​ទេ ។ ពិសេស​នោះ​គ្មាន​អ្នក​ណា​ទទួលស្គាល់​នោះ​ទេ ។ ហើយ​មានការ​ទទួលស្គាល់​លុះត្រា​មាន​វត្តមាន សម រ​ង្ស៊ី ហើយ សម រ​ង្ស៊ី នឹង​ត្រឡប​មក​កម្ពុជា​វិញ​ឲ្យ​ទាន់​ពេល​បោះ​ឆ្នោត ។ 

​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ទៀត​ថា បើ​មានការ​បើកទ្វារ​ឲ្យ​លោក​ចូល​ស្រុក​ទោះបី ជា​មានការ​ចាប់​ដាក់​ពន្ធនាគារ​យ៉ាងណា​ក្តី​ក៏​លោក​នៅ​តែ​ចូល​កម្ពុជា​ដែរ ។ លោក​បញ្ជាក់​ថា «​ខ្ញុំ​ព្រម​ចូល​ឲ្យ​តែ​មានការ​ធានា​ថា​បើកផ្លូវ​ឲ្យ​ខ្ញុំ​វិល​ត្រឡប​ទៅ​ជាន់​ដី​កម្ពុជា ។ ខ្ញុំ​នឹង​ទៅ​កម្ពុជា​បាត់​ហើយ​បើ​គ្មាន​វិធានការ​រារាំង​មិន​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​» ។ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ចេញ ស​.​ជ​.​ណ ថ្មី ដោយ​លុប ស​.​ជ​.​ណ ចាស់​ដែល​រារាំង​ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក សម រ​ង្ស៊ី ចេញ​កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦​កន្លង​ទៅ​គឺ​លុប​បំរាម​ចោល​ហើយ​ដែល​លោក សម រ​ង្ស៊ី អាច​ចូល​មក​កម្ពុជា​ពេល​ណា​ក៏​បាន ។ សូម​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ​លោក សម រ​ង្ស៊ី នៅ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ច្រើន​រាប់​មិន​អស់​រហូត​ដល់​នាំ​ឲ្យ​មានការ​ដាក់​បទបញ្ជា​តឹង​រឹង​ដល់​រាល់​ក្រុមហ៊ុន​អាកាសចរណ៍ ឬ​ក្រុមហ៊ុន​ទេសចរណ៍​ទាំងឡាយ​មិន​ឲ្យ​លក់​សំបុត្រ​យន្តហោះ​ដល់​លោក​ថែម​ទៀត ។ លោក សម រ​ង្ស៊ី អះអាង​ថា លោក​មិន​ខ្លាច​ជាប់គុក​នោះ​ទេ​ប្រសិនបើ​សម្តេច ហ៊ុន សែន បើក​ច្រក​ឲ្យ​លោក​ចូល​ស្រុក​វិញ ។

យ៉ាងណា​ក្តី​គណបក្សប្រឆាំង​បាន​អបអរសាទរ​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​ចេញ​លិខិត​លុប​ចោល​បម្រាម​កាលពី​ឆ្នាំ​២០១៦​មិន​ឲ្យ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​វិញ ។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹ​ម សុវណ្ណ បាន​ប្រកាស​អបអរសាទរ​ភ្លាម​ៗ​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ក្រោយ​ពេល​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​លិខិត​លេខ ១៥១ ចុះ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ដឹក​លោក សម រ​ង្ស៊ី វិល​ចូល​ស្រុក​វិញ ។ លោក យឹ​ម សុវណ្ណ អះអាង​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ។ ទោះបីជា​យ៉ាងនេះ​ក្ដី​លោក យឹ​ម សុវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ក្រៅពី​នេះ​ទេ​ដូច​ជា​ឆ្លើយ​សំណួរ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចរចា​អ្វី​ពីក្រោយ​ខ្នង​ជាមួយ​រដ្ឋាភិបាល​ចំពោះ​ករណី​លោក សម រ​ង្ស៊ី ឬទេ ហើយ​ថា​តើ​លោក សម រ​ង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ណា ៕