ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កើនឡើង​នៃ​ផ្សារ​ទំនើប បាន​ប៉ះពាល់​តិចតួច​ដល់​ផ្សារ​ប្រពៃណី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ផ្សារ​ទំនើប​ស្តង់ដា​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ​កំពុង​កើនឡើង បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​សម្តែង​ការ​ព្រួយបារម្ភ​ថា ការ​កើនឡើង​នៃ​ផ្សារ​ទំនើប​នេះ​អាច​ប៉ះពាល់​ដល់​ផ្សារ​ប្រពៃណី ដោយសារ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ផ្សារ​ទំនើប​ស្តង់ដា​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ​កំពុង​កើនឡើង បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​សម្តែង​ការ​ព្រួយបារម្ភ​ថា ការ​កើនឡើង​នៃ​ផ្សារ​ទំនើប​នេះ​អាច​ប៉ះពាល់​ដល់​ផ្សារ​ប្រពៃណី ដោយសារ​តែ​ការ​លក់ទំនិញ​នៅ​ផ្សារ​ទំនើប​មាន​លក្ខខណ្ឌ​អនាម័យ និង​សុវត្ថិភាព​ខ្ពស់ ។ ទោះបី​យ៉ាងណា  ពាណិជ្ជរ អាជីវករ និង​ពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា វា​មាន​ផល​ប៉ះពាល់​ដែរ តែ​តិចតួច​ប៉ុណ្ណោះ ព្រោះ​រវាង​ផ្សារ​ទាំង​ពីរ​នេះ​បែងចែក​គ្នា​ដាច់​ដោយឡែក​ពី​គ្នា ។

អ្នក​នាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ថា ប្រភេទ​ផ្សារ​ទាំង​ពីរ គឺ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល និង​ផ្សារ​ប្រពៃណី​ដូច​ជា ផ្សារ​អូរ​ឫស្សី និង​អូ​ឡាំ​ពិ​ក គឺ​បែងចែក​គ្នា​ដាច់ មិន​ប៉ះពាល់​គ្នា​ទេ ។ ផ្សារ​ទំនើប​បម្រើ​សម្រាប់ Life Style, កម្សាន្ត និង​អាហារ​បែប​ទំនើប ។ ចំណែក​ផ្សារ​ប្រពៃណី សម្រាប់​បម្រើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​ជា ការ​ទិញ​ត្រី សាច់ បន្លែ និង​ផ្លែ​ឈើ ។

អ្នក​នាង​បន្ត​ថា ៖ « កម្ពុជា​នៅ​មាន​តម្រូវការ​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ថែម​ទៀត ដោយសារ​ទំហំ​ផ្សារ​ទំនើប​នៅ​កម្ពុជា ធៀប​នឹង​មនុស្ស​ម្នាក់ គឺ​មាន​ទំហំ​តូច​នៅឡើយ បើសិន ជា​ធៀប​ជាមួយ​ប្រទេស​រីក​ចម្រើន​នានា​ក្នុងតំបន់ » ។

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក​ផល សម្បត្តិ ឱ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ផ្សារ​ទំនើប​បង្ហាញ​ពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​ជា​ពិសេស ជីវភាព​ប្រជាពលរដ្ឋ​ល្អ​ប្រសើរ ។ ទីផ្សារ​ទាំង​ពីរ​មាន​លក្ខណៈ​ផ្សេង​គ្នា ។ យើង​ទៅ​ផ្សារ​ទំនើប​ភាគច្រើន​ដើម្បី​លំហែ​កម្សាន្ត​ដូច​ជា មើល​កុន ពិសា​អាហារ​បែប​ទំនើប​ៗ ទិញ​ម៉ាក​ល្បី​ៗ និង​ទិញ​គ្រឿងសម្អាង​ជាដើម ប៉ុន្តែ​បើ​ចង់​ទិញ​ត្រី សាច់ បន្លែ និង​ផ្លែ​ឈើ គឺ​ត្រូវ​ទៅ​ផ្សារ​ប្រពៃណី​វិញ ។

លោក​បន្ត​ថា ៖ « ខ្ញុំ​គិត​ថា ទោះជា​ផ្សារ​ទំនើប​មាន​ចំនួន​ច្រើន​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ​នឹង​មិន​បោះបង់​ផ្សារ​ប្រពៃណី​ដូច​ជា ផ្សារ​អូ​ឡាំ​ពិ​ក អូរ​ឫស្សី ឬ​ផ្សារ​ទួល​ទំពូង​ទេ ព្រោះ​ផ្សារ​បែប​ប្រពៃណី​ទាំងនេះ​នៅ​តែ​ផ្សារ​ភ្ជាប់​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ » ។

ចំណែក​អ្នក​នាង ប្រាក់ ស៊ីវ​ម៉ី អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ទៀត​លើក​ឡើង​ថា ផ្សារ​ទំនើប និង​ផ្សារ​ប្រពៃណី មាន​សភាព​ម្យ៉ាង​ម្នាក់​។ ការ​ទៅ​ផ្សារ​ទំនើប​ដើម្បី​កម្សាន្ត និង​លំហែ​សប្បាយ​ៗ រីឯ​ការ​ទៅ​ផ្សារ​ប្រពៃណី គឺ​ដើម្បី​ទិញ​ម្ហូបអាហារ​សម្រាប់​បម្រើ​ជីវភាព​ប្រចាំ​ថ្ងៃ ។

ដោយឡែក លោកស្រី ឈុ​ន ពៅ ជា​អ្នកលក់​ត្រីងៀត​នៅ​ផ្សារ​អូរ​ឫស្សី ឱ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ផ្សារ​ទំនើប​នេះ វា​ប៉ះពាល់​ខ្លះ​ដែរ​ដល់​ផ្សារ​ប្រពៃណី ដែល​ធ្វើ​ឲ្យ​ចំនួន​អតិថិជន​មក​កាន់​ផ្សារ​អូរ​ឫស្សី​ថយ​ចុះ ប៉ុន្តែ​វា​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ដោយសារ​តម្រូវការ​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ពួក​គេ​នៅ​តែ​និយម​មក​កាន់​ផ្សារ​បែប​ប្រពៃណី​នៅឡើយ ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប ដែល​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ នេះ​រក​ឃើញ​ថា តម្រូវការ​ប្រើប្រាស់​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ បាន​កើនឡើង​ពី​៧៩​ដល់​៨២%​នៅ​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ៕