ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ដាំ​យក​ផល ចម្ការ​កាហ្វេ​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ចម្ការ​កាហ្វេ​មួយ​កន្លែង​ដែល​លាតសន្ធឹង​តាម​ជើងភ្នំ​ក្នុង​ខេត្តមណ្ឌលគិរី មិន​ត្រឹមតែ​ដាំ​សម្រាប់​ប្រមូល​ផល​ផ្គត់ផ្គង់​ទីផ្សារ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា និង​

ខេត្តមណ្ឌលគិរី ៖ ចម្ការ​កាហ្វេ​មួយ​កន្លែង​ដែល​លាតសន្ធឹង​តាម​ជើងភ្នំ​ក្នុង​ខេត្តមណ្ឌលគិរី មិន​ត្រឹមតែ​ដាំ​សម្រាប់​ប្រមូល​ផល​ផ្គត់ផ្គង់​ទីផ្សារ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា និង​សិក្សា​ឈ្វេងយល់​ពី​របៀប​នៃ​ការ​ដាំ​ដុះ​ដំណាំ និង​ថែទាំ រាល់ថ្ងៃ ហើយ​បច្ចុប្បន្ន បាន​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ទទួល​បាន​ចំណូល​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

បើ​តាម​ម្ចាស់​ចម្ការ​កាហ្វេ បាន​រៀបរាប់​ថា ដំបូង​ឡើយ​លោក​គ្រាន់តែ​ដាំ​កាហ្វេ​ដើម្បី​យក​ផ្លែ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​មាន​ភ្ញៀវ​ទេសចរ​ចេះ​តែ​មក​លេង ទស្សនា​ដើម​និង​ផ្លែ​កាហ្វេ ព្រមទាំង​មាន​សិស្ស​-​និស្សិត និង​បណ្ដា​អង្គការ​ចុះ​មក​ឈ្វេងយល់​ពី​របៀប​ដាំ​និង​ថែទាំ​ ទើប​ក្រុម​គ្រួសារ​លោក​បង្កើត​ជា​កន្លែង​អង្គុយ​លេង​សម្រាប់​ភ្ញៀវ តែ​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ ។

លោក ដា​រ៉ា​ណា ម្ចាស់​រមណីយដ្ឋាន​ចម្ការ​កាហ្វេ​នេះ បាន​បន្ដ​ថា បន្ទាប់​ពី​មាន​ភ្ញៀវ​កាន់តែ​ច្រើន​ឡើង​ៗ ក្រុម​គ្រួសារ​លោក​បាន​ពង្រីក​ជា​ខ្យូ​ស​កាន់តែ​ច្រើន​ទៀត ព្រមទាំង​មាន​សេវាកម្ម​លក់​ម្ហូបអាហារ និង​ភេសជ្ជៈ ជា​ពិសេស កាហ្វេ នៅ​ក្នុង​ចម្ការ​នេះ​តែ​ម្ដង ។ ក្រៅពី​នេះ ក្នុង​ចម្ការ​ក៏​មាន​ដាំ​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​មុខ​ទៀត​បែប​លក្ខណៈ​ធម្មជាតិ និង​យក​ផលិតផល​ទាំងនោះ​មក​ដាក់​លក់​ជូន​ភ្ញៀវ​ផង​ដែរ ។

លោក​ថា ៖ « កាលពី​បង្កើត​ជា​រមណីយដ្ឋាន​ដំបូង មិនសូវ​មាន​ភ្ញៀវ​មក​ទស្សនា​ទេ ហើយ​ភ្ញៀវ​មក​ទស្សនា​លើក​ដំបូង​ជា​ភ្ញៀវ​បរទេស ។ ក្រោយមក ភ្ញៀវ​ទាំងនោះ​បាន​ផ្សព្វផ្សាយ​ត​ៗ​គ្នា ទើប​ធ្វើ​ឲ្យ​រមណីយដ្ឋាន​មួយ​នេះ​ចេះ​តែ​មាន​ភ្ញៀវ​មក​ជា​ហូរហែ​រៀងរាល់ថ្ងៃ និង​មាន​កំណើន​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ » ។ លោក​បន្ដ​ទៀត​ថា ៖ « រៀងរាល់ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​មិន​ច្រើន​ប៉ុន្មាន​ទេ តែបើ​នៅ​ថ្ងៃ​ឈប់​សម្រាក ឬ​បុណ្យ​ទាន​ធំ​ៗ មាន​ភ្ញៀវ​មក​ពី​ក្រៅ​ខេត្ត​ច្រើន​មក​លេង និង​ទស្សនា​ចម្ការ​កាហ្វេ​ធម្មជាតិ និង​ដំណាំ​ជា​ច្រើន​ទៀត ដែល​មាននៅ​ក្នុង​ចម្ការ​នេះ​ដូច​ជា ដើម​ទុរេន ប័​រ និង​ផា​សិន​ជាដើម​» ។

ដោយសារ​តែ​មាន​ភ្ញៀវ​មក​ទស្សនា​ច្រើន​ដូចនេះ​ហើយ រមណីយដ្ឋាន​ចម្ការ​កាហ្វេ ក៏​បាន​បង្កើត​ជា​ផ្ទះ​ស្នាក់​សម្រាប់​ភ្ញៀវ​ចង់​សម្រាក​បែប​លក្ខណៈ​ធម្មជាតិ​នៅ​លើ​ភ្នំ​ផង​ដែរ ហើយ​បើ​ភ្ញៀវ​ណា​មិន​ចូល​ចិត្ត​សម្រាក​នៅ​ក្នុងផ្ទះ​បែប​នេះ ពួក​គាត់​អាច​ត្រឡប់​ទៅ​សម្រាក​នៅ​ទីរួមខេត្ត​ក៏​បាន​ដែរ ដោយ​គ្រាន់តែ​មក​ទស្សនា ឬ​សម្រាកលំហែ​ពេល​ថ្ងៃ ។

លោកស្រី An ជនជាតិ​អា​មេ​រិ​ក មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ឲ្យ​ដឹង​ថា ជា​ទូទៅ លោកស្រី និង​ក្រុម​គ្រួសារ​តែងតែ​មក​សម្រាកលំហែ​ក្នុង​រមណីយដ្ឋាន​ចម្ការ​កាហ្វេ​មណ្ឌលគិរី ពីព្រោះ​វា​មាន​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ ។ លោកស្រី​និយាយ​ថា ៖ « អ្វី​ដែល​ប្លែក​សម្រាប់​ខ្ញុំ នៅ​ក្នុង​រមណីយដ្ឋាន​ចម្ការ​កាហ្វេ​នេះ គឺ​មាន​ដើមឈើ​ច្រើន​ប្រភេទ ក្រៅពី​ដើម​កាហ្វេ ដែល​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​បន្ទាប់​ពី​ការងារ » ។

លោកស្រី​បន្ត​ថា ទេសភាព និង​អាកាស ធាតុ​នៅ​ខេត្ត​នេះ វា​មិន​ខុស​ពី​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​អា​មេ​រិ​ក​ទេ ហើយ​អ្វី​ដែល​លោកស្រី​ចាប់អារម្មណ៍​បំផុត​នោះ គឺ​កាហ្វេ​ខេត្តមណ្ឌលគិរី​មាន​រស​ជាតិ​ឆ្ងាញ់ មិន​ចាញ់​បរទេស​ប៉ុន្មាន​ទេ តែ​បើសិនជា​មាន​វិធី​ឆុង​ដូច​កាហ្វេ​បរទេស​នោះ លោកស្រី​គិត​ថា វា​នឹង​ឈ្នះ​កាហ្វេ​បរទេស ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត មាន​ប្រសាសន៍​ថា កសិកម្ម ជា​វិស័យ​ស្នូល​មួយ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ក្នុង​នោះ​មាន​ចម្ការ​កាហ្វេ ចម្ការ​ម្រេច និង​កៅស៊ូ ហើយ​កាហ្វេ​ជា​ដំណាំ​ទាក់ទាញ​ទេសចរ​ជាងគេ​ក្នុង​វិស័យ​កសិកម្ម ។ ក្រៅពី​ការ​ដាំ​ដុះ​យក​ផ្លែ​ហើយ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក៏​បាន​បន្ត​វិនិយោគ​លើ​ចម្ការ​កាហ្វេ​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ ៕