ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​6​ខែ កម្ពុជា​បាត់បង់​ប្រាក់​ជាង​150​លាន​ដុល្លារ​លើ​ការ​ចិញ្ចឹម​ជ្រូក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ថ្លៃ និង​គ្មាន​ទីផ្សារ ព្រោះតែ​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​រាប់រយ​ក្បាល​ស្ទើរ​រាល់ថ្ងៃ ធ្វើ​ឲ្យ​កសិករ ក៏​ដូច​ជា​ក្រុមហ៊ុន និង​សហគមន៍​ចិញ្ចឹម​ជ្រូក​បោះបង់​ចោល

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ថ្លៃ និង​គ្មាន​ទីផ្សារ ព្រោះតែ​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​រាប់រយ​ក្បាល​ស្ទើរ​រាល់ថ្ងៃ ធ្វើ​ឲ្យ​កសិករ ក៏​ដូច​ជា​ក្រុមហ៊ុន និង​សហគមន៍​ចិញ្ចឹម​ជ្រូក​បោះបង់​ចោលការ​ចិញ្ចឹម​ជា​បន្តបន្ទាប់ ដោយសារ​ខាតបង់ និង​មិន​អាច​ទប់ទល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន ដែល​គិត​ត្រឹម​រយៈពេល​៦​ខែ​នេះ តាម​តួលេខ​ត្រួស​ៗ​ពី​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា កម្ពុជា​ខាតបង់​ប្រាក់​ប្រមាណ​ជាង​១៥០​លាន​ដុល្លារ ។ ក្រៅពី​អ្នក​ចិញ្ចឹម​ខាតបង់​ហើយ ក៏​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ និង​ក្រុមហ៊ុន​លក់​ថ្នាំ​ថែម​ទៀត ។

លោក ជេ​ត ភិ​រម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​យ៉ាង​គំហុក ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​កម្ពុជា​ធ្លាក់​ថ្លៃ​ខ្លាំង ហើយ​គិត​ត្រួស​ៗ​ឃើញ​ថា កម្ពុជា​ទាំងមូល​បាន​ខាតបង់​ទឹកប្រាក់​ប្រមាណ​ជាង​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ ។ លោក​និយាយ​ថា ៖ « ការ​ខាតបង់​នេះ​មាន​ដូច​ជា​ម្ចាស់​កសិដ្ឋាន​ត្រូវ​បង្ខំចិត្ត​លក់​ជ្រូក​ទាំង​តម្លៃ​ទាប ព្រោះ​បើ​ទុក​នៅ​កាន់តែ​ខាត​ច្រើន ដោយសារ​តែ​ត្រូវ​ស៊ី​ចំណី​ប្រចាំ​ថ្ងៃ ។ មួយវិញទៀត ជ្រូក​កាន់តែ​ចាស់ កាន់តែ​ប្រឈម​នឹង​ជំងឺ ដូចនេះ​បើ​ទុក​នៅ ខាត​ចំណី​ផង ហើយ​អាច​ធ្វើ​ឱ្យ​ជ្រូក​នោះ​ងាប់​ទៀត » ។

លោក​បន្ត​ថា នៅ​ថ្ងៃ​អនាគត បើសិនជា​មិន​ទប់ស្កាត់​ការ​នាំ​ចូល​ពី​ក្រៅប្រទេស​ទេ វា​នឹង​ធ្វើ​ឱ្យ​ការ​ខាតបង់​កាន់តែ​ច្រើន​ឡើង​ៗ ហើយ​កសិករ និង​ម្ចាស់​កសិដ្ឋាន​តូច​ៗ​អាច​ដួល​រលំ​ជា​បន្តបន្ទាប់​ទៀត។ បើសិនជា​មានការ​ទប់ស្កាត់ វា​នឹង​ធ្វើ​ឱ្យ​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ល្អ​ប្រសើរ​ឡើង​ខ្លះ ប៉ុន្តែ​បើ​នៅ​តែ​បន្ត​ឱ្យ​នាំ​ចូល​ពី​ខាងក្រៅ​ទៀត​នោះ ការ​ចិញ្ចឹម​ជ្រូក​នឹង​កាន់តែ​ខាតបង់​ជា​មិន​ខាន ។

លោក​បន្ថែម​ថា តាម​ពិត ថ្លៃដើម​សម្រាប់​ចិញ្ចឹម​ជ្រូក​នៅ​វៀតណាម និង​កម្ពុជា វា​គ្មាន​ភាព​ខុស​គ្នា​ខ្លាំង​ណាស់ណា​ទេ តែ​បន្ទាប់​ពី​ប្រទេស​ចិន​មិន​អនុញ្ញាត​ឱ្យ​ជ្រូក​វៀតណាម​នាំ​ចូល ធ្វើ​ឱ្យ​ជ្រូក​នៅ​វៀតណាម​គរ​ចោល ។ ដូចនេះ ដើម្បី​កុំឱ្យ​កាន់តែ​ខាត​ច្រើន ឬ​ទុក​យូរ​ធ្វើ​ឱ្យ​ជ្រូក​ងាប់​ចោល​នោះ ឈ្មួញ​វៀតណាម ឬ​ម្ចាស់​កសិដ្ឋាន​ត្រូវ​បង្ខំចិត្ត​លក់​មក​ឲ្យ​កម្ពុជា​ក្នុង​តម្លៃ​មួយ​ទាប​សមរម្យ ដើម្បី​បាន​ប្រាក់​ថ្លៃដើម​ខ្លះ​ៗ​ត្រឡប់​ទៅ​វិញ ។

លោក​មាន​ប្រសាសន៍​ថា ៖ « បើសិនជា​មានការ​ទប់ស្កាត់​មួយ​ចំនួន កុំ​បណ្ដែតបណ្ដោយ​ច្រើន​ពេក សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​អាច​នឹង​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​លើ​ទីផ្សារ ខណៈ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ធានា​រួច​ស្រេច​ហើយ​ថា នឹង​ផ្គត់ផ្គង់​បាន​ដោយ​មិនបាច់​នាំ​ចូល » ។

ដើម្បី​ជា​ដំណោះស្រាយ គឺ​មាន​តែ​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​ដោះស្រាយ និង​គិតគូរ​ពី​បញ្ហា​ប្រឈម​ទាំង​អស់នេះ ជា​ពិសេស រឹត​បន្តឹង​ច្បាប់ និង​ពង្រឹង​សមត្ថ​កិច្ច​តាម​ច្រករបៀង​ដែល​តែងតែ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ជ្រូក​នេះ មិនមែន​តែ​អ្នក​ចិញ្ចឹម​ទេ​ដែល​កំពុង​ព្រួយបារម្ភ​នោះ ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ ក៏​កំពុង​ព្រួយបារម្ភ​ដូច​គ្នា ពី​សុវត្ថិភាព​សាច់​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម ជា​ពិសេស ជ្រូក​មាន​ជំងឺ​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ក៏​កំពុង​រក​វិធី​ធ្វើ​យ៉ាងណា ឱ្យ​ពលរដ្ឋ​ខ្មែរ​សម្គាល់ថា សាច់​ជ្រូក​ណា​ជា​របស់​ខ្មែរ ដើម្បី​ឱ្យ​អ្នក​បរិភោគ​មាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់ ៕