រាជធានីភ្នំពេញ ៖ លោក ជី សុភាព គឺជាអាជ្ញាកណ្ដាលបាល់ទាត់ថ្នាក់ជាតិ និងជាជំនួយការអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ(FIFA) និយាយថា សព្វថ្ងៃលោកក៏មានបំណងចង់ធ្វើជាអាជ្ញាកណ្ដាលកម្រិតអន្តរជាតិដែរប៉ុន្តែការងារមួយនេះមិនមែនអ្នកណាក៏អាចធ្វើបាននោះទេព្រោះមិនមែនជារឿងងាយស្រួលឡើយ ។
ដើមឡើយលោក ជី សុភាព គឺជាកីឡាករអត្តពលកម្ម៣វិញ្ញាសាកីឡាមានចោលដុំដែក ចោលស្នរ និងចោលថាស តាំងពីឆ្នាំ២០០០រហូតដល់ឆ្នាំ២០០៩លោកបានចាប់យកអាជីពជាអាជ្ញាកណ្ដាលបាល់ទាត់វិញម្ដង ។ ដោយសារតែរូបលោកមានកាយសម្បទារឹងមាំ និងចេះភាសាអង់គ្លេសអាចប្រើការបានផង ទើបលោកមានលទ្ធភាពចូលរួមវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលដោយឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនួយការអាជ្ញាកណ្ដាលកម្រិតថ្នាលឡើងដល់កម្រិតខ្ពស់រហូតមានការទទួលស្គាល់ជាផ្លូវការនិងពេញសិទ្ធិជាជំនួយការអាជ្ញាកណ្ដាលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិរហូតមកដល់សព្វថ្ងៃនេះ ។
លោក ជី សុភាព បញ្ជាក់ថា លោកក៏មានបំណងឈានមួយជំហានទៀតដើម្បីឱ្យក្លាយទៅជាអាជ្ញាកណ្ដាលបាល់ទាត់កម្រិតអន្តរជាតិមួយរូបដែរ ប៉ុន្តែការសម្រេចបំណងមួយនេះមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ។ លោកថា មុនក្លាយខ្លួនជាអាជ្ញាកណ្ដាលកម្រិតអន្តរជាតិត្រូវមានកាយសម្បទារឹងមាំឆ្លងកាត់ការទទួលស្គាល់ពីស្ថាប័នកំពូលរបស់ជាតិជាមុនសិន បន្ទាប់មកត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកម្រិតអន្តរជាតិជាច្រើនលើកដែលតម្រូវឱ្យចេះភាសាអង់គ្លេសប្រើការបាន រហូតដល់មានការទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ។
លោកអះអាងថាសូម្បីកម្រិតត្រឹមជំនួយការអាជ្ញាកណ្ដាលអន្តរជាតិក៏លោកខិតខំតស៊ូពុះពាររៀនសូត្រខ្លាំងណាស់ទើបធ្វើតេស្តជាប់នៅចុងឆ្នាំ២០១៥ ។ ទោះបីយ៉ាងណា លោកមិនបោះបង់មហិច្ឆតារបស់ខ្លួនដែលចង់ធ្វើជាអាជ្ញាកណ្ដាលកម្រិតអន្តរជាតិនោះទេ តែលោកត្រូវចំណាយពេលវេលាហ្វឹកហាត់លត់ដំច្រើនឆ្នាំទៀតទើបបាន ។ លោកថា ទោះបីលោកក្លាយជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិក្ដីក៏មិនអាចធ្វើអ្វីស្រេចតែចិត្តនោះដែរ ពោលគឺត្រូវមានចំណាត់តាំងច្បាស់លាស់ ។
សូមបញ្ជាក់ថា លោក ជី សុភាព សព្វថ្ងៃមានអាយុ៣២ឆ្នាំ បម្រើការនៅនាយកដ្ឋានអប់រំកាយនិងកីឡាមានតួនាទីជាគ្រូបង្ហាត់កីឡាអត្តពលកម្មនិងវិធីសាស្ត្រកីឡាដែលមានទីតាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ ភរិយាលោកឈ្មោះ វ៉ាង ចាន់រ៉ា ជាគ្រូបង្ហាត់កីឡាប្រចាំសាលាជា ស៊ីម ចំរើនរដ្ឋ នៅសង្កាត់ស្វាយប៉ាកនេះដែរ និងមានកូនស្រី២នាក់នៅតូចៗនៅឡើយ ។ លោកមានស្រុកកំណើតនៅភូមិត្រពាំងឫស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោក និងក្រុមគ្រួសារសុទ្ធតែជាអ្នកស្រឡាញ់វិស័យកីឡាដូចគ្នា ជាក់ស្ដែងបើទោះជាអាជីពមួយនេះ
មិនបានជួយឱ្យជីវភាពគ្រួសារលោកធូរធារក្ដីក៏លោកមិនបោះបង់ចោលដែរ ៕
ចែករំលែកព័តមាននេះ