ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ខេត្ត ចុះ​ត្រួតពិនិត្យ​សារធាតុ​គីមី​ក្នុង​ទំនិញ​គ្មាន​អនាម័យ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ង៉ែត ចេក ជា​ប្រធាន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ សារធាតុ​គីមី និង​ទំនិញ​គ្មាន​អនាម័យ​លើ​មុខម្ហូប​ចំណី

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ង៉ែត ចេក ជា​ប្រធាន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ សារធាតុ​គីមី និង​ទំនិញ​គ្មាន​អនាម័យ​លើ​មុខម្ហូប​ចំណី បន្លែ ត្រី សាច់ ដែល​បាន​ផ្ទុក​នៅ​ក្នុង​ម្ហូបចំណី និង​គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ ដោយ​ពុំ​មាន​កាលបរិច្ឆេទ​ច្បាស់លាស់ ក្នុង​គោលបំណង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មុន​នឹង​ទិញ​យក​ទៅ​ប្រើប្រាស់ ឬ​ក៏​បរិភោគ សូម​មេត្តា​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​។ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្មាន​គុណភាព​នោះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ផ្សារ​សាមគ្គី ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លរ​ក្រាម ក្រុង​/ ខេត្តសៀមរាប​។

លោក ង៉ែត ចេក ប្រធាន​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ថា  ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព ចំណី​ម្ហូបអាហារ ជូន​ប្រជាពលរដ្ឋ​កន្លង​មក មន្ត្រី​ជំនាញ​របស់​លោក តែងតែបាន​ចុះ​ទៅ​ត្រួតពិនិត្យ រកសារ​ធាតុគីមី ដែល​ត្រូវ​ហាមឃាត់​ដាក់​នៅ​ក្នុង​បន្លែ​ត្រី​សាច់ និង​ចំណីអាហារ​ផ្សេង​ៗ​នៅ​តាម​បណ្តា​ផ្សារ​នានា ក៏​ដូច​ជា​Star Mart និង​Mini Mart នៅ​ទូ​ទាំង​ខេត្តសៀមរាប ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​។ ដើម្បី​ឆាប់​បានដឹង​ពី​លទ្ធផល​ថា​តើ​ចំណីអាហារ​ណា​មាន​សារធាតុ​គីមី ហាមឃាត់​ត្រូវ​ដកហូត និង​ចំណីអាហារ​ណា​មានគុណ​ភាពល្អ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ ទិញ​យក​ទៅ​បរិភោគ​បាន គឺ​អនុញ្ញាត​ឱ្យ​ដាក់​លក់​បន្ត​។ លោក​បាន​បញ្ជាក់​ថា ជាក់ស្តែង​នៅ​ថ្ងៃនេះ លោក​បានឱ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ពិសោធន៍​ដោយ​ផ្ទាល់​នៅ​ផ្សារ​សាមគ្គី​តែ​ម្តង​។

ហើយ​ជា​លទ្ធផល​ឃើញ​ថា បន្លែ​ត្រី​សាច់ និង​ចំណីអាហារ​ផ្សេង​ៗ​ដែល​បាន​យក​មក​ធ្វើការ​ពិសោធន៍ គឺ​មិន​មានការ​ដាក់​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ​។ លោក ង៉ែត ចេក បាន​គូសបញ្ជាក់​ទៀត​ថា ការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​តាម​ផ្សារ នៅ​តែ​ជា​រឿង​សំខាន់​បំផុត​មិន​អាច​បណ្តែតបណ្តោយ​បាន​នោះ​ឡើយ ដើម្បី​ទប់ស្កាត់​ទំនិញ​គ្មាន​គុណភាព ការពារ​សុខភាព របស់​ប្រជាពលរដ្ឋ​។ ការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​តាម​ទីផ្សារ និង​កន្លែង​លក់ដូរ​នានា​គឺជា​រឿង​ល្អ​ប្រសើរ គឺ​រឹតតែ​សំខាន់​ថែម​ទៀត​ផង​ដែរ​។

ក្រៅពី​ការ​ពិនិត្យ​រកសា​ធាតុគីមី​នៅ​ក្នុង​បន្លែ ត្រី សាច់ និង​ចំណីអាហារ​ផ្សេង​ៗ​នៅ​តាម​បណ្តា​ផ្សារ​នានា​នៅ​ទូ​ទាំង​ខេត្តសៀមរាប​កន្លង​មក មន្ត្រី​ជំនាញ​ក៏​បាន​កំពុង​តែ​រឹត​បន្តឹង​នៃ​ការ​ត្រួតពិនិត្យ​ការ​នាំ​ចូល បន្លែ ត្រី សាច់ ពី​ប្រទេស​ជិតខាង​នៅ​តាម​ច្រកព្រំដែន​នានា​ផង​ដែរ ដោយ​យល់​ឃើញ​ថា តើ​ផលិតផល​ដែល​នាំ​ចូល​មកនេះ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ និង​មានគុណ​ភាពល្អ ឬ​អត់​។ ចំណែក​ក្រុម​អាជីវក​នៅ​ផ្សារ​សាមគ្គី​ខេត្តសៀមរាប បាន​សម្តែង​ការ​សប្បាយចិត្ត និង​គាំទ្រ​ចំពោះ​សកម្មភាព​របស់​មន្ត្រី​កាំកុងត្រូល​ជំនាញ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​ទាំងអស់​នេះ ដោយ​ពុំ​មាន​បញ្ហា​អ្វី​ឡើយ​៕