ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​កម្ពុជា​ចាប់ផ្ដើម​បង្កើត​យីហោ​កាហ្វេ​ដើម្បី​ប្រកួត​ជាមួយ​យីហោ​នាំ​ចូល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ប្រកួតប្រជែង​ជាមួយ​យីហោ​កាហ្វេ​ដែល​នាំ​ចូល​ពី​បរទេស សហគ្រិន​កម្ពុ​ជាមួយ​ចំនួន​បាន​ចាប់ផ្ដើម​ច្នៃ​បង្កើត​ឈ្មោះ​យីហោ​ហាង​កាហ្វេ​ក្នុងស្រុក ស្រប​ពេល​ពលរដ្ឋ​កម្ពុជា ពិសេស​យុវវ័យ និង

រាជធានី​ភ្នំពេញ ៖ ដើម្បី​ប្រកួតប្រជែង​ជាមួយ​យីហោ​កាហ្វេ​ដែល​នាំ​ចូល​ពី​បរទេស សហគ្រិន​កម្ពុ​ជាមួយ​ចំនួន​បាន​ចាប់ផ្ដើម​ច្នៃ​បង្កើត​ឈ្មោះ​យីហោ​ហាង​កាហ្វេ​ក្នុងស្រុក ស្រប​ពេល​ពលរដ្ឋ​កម្ពុជា ពិសេស​យុវវ័យ និង​អ្នកធ្វើការ និយម​ទទួលទាន​កាហ្វេ​មាន​យីហោ​ត្រឹមត្រូវ និង​ល្បី​ៗ ។

លោក ដួង តារា ស្ថាបនិក​ហាង​កាហ្វេ មី​ស្ទ័​រ​ប្រ៊ូ​យ៍ (MisterBrew) ជា​យីហោ​បង្កើត​ក្នុងស្រុក​បានឱ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ការ​និយម​ទទួលទាន​កាហ្វេ​របស់​ពលរដ្ឋ​កម្ពុជា មាន​កំណើន​ឡើងជា​ប្រចាំ ហើយ​ហាង​កាហ្វេ​ភាគច្រើន​ជា​ហាង​ដែល​ទិញ​ម៉ាក​យីហោ​ពី​បរទេស ដើម្បី​ធ្វើ​អាជីវកម្ម ទើប​លោក​សម្រេច​បង្កើត​យីហោ​កាហ្វេ​ក្នុងស្រុក​ថ្មី​មួយ ដើម្បី​ផ្ដល់​ជូន​ពលរដ្ឋ​កម្ពុជា ដែល​ជា​អ្នក​និយម​ទទួលទាន​កាហ្វេ ។

លោក​និយាយ​ថា ៖ « នៅ​ក្នុង​ទស្សនវិស័យ​របស់ខ្ញុំ ដែល​បង្កើត​ហាង​កាហ្វេ​នេះ​ឡើង គឺ​ចង់​ក្លាយជា​ម៉ាក​កាហ្វេ​លេខ​១​នៅ​ក្នុងស្រុក ដោយ​យើង​នឹង​បន្ត​បើកហាង​តូច​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ទស្សនវិស័យ​ផ្ដល់​ជូន​កាហ្វេ​មានគុណ​ភាពល្អ និង​សេវាកម្ម​រហ័ស ជា​ពិសេស គឺ​តម្លៃ​ទាប​ជាង​កាហ្វេ​យីហោ​បរទេស ដែល​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ក្នុងស្រុក​ខ្មែរ ពីព្រោះ​ការ​បង្កើត​យីហោ​ខ្លួនឯង​ចំណាយ​ទុន​តិច​ជាង​ការ​ទិញ​យីហោ​ពី​បរទេស​មក​ធ្វើ​អាជីវកម្ម​»​។ លោក​បន្ថែម​ថា ការ​បង្កើត​យីហោ​ក្នុងស្រុក មិន​ចំណាយ​ដើមទុន​ច្រើន ដូច​ទិញ​សិទ្ធិ​អាជីវកម្ម​ពី​ក្រៅ​នោះ​ទេ ។ ដូចនេះ តម្លៃ​កាហ្វេ​ក្នុងស្រុក​នឹង​ទាប​ជាង​កាហ្វេ​ដែល​នាំ​ចូល តែ​ចំពោះ​គុណភាព និង​រសជាតិ​វិញ មិន​ចាញ់​កាហ្វេ​ទិញ​សិទ្ធិ​មក​ធ្វើ​អាជីវកម្ម​នោះ​ទេ ។ 

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​អំពាវនាវ​ឲ្យ​សហគ្រិន​កម្ពុជា បង្កើត​យីហោ​កាហ្វេ​ក្នុងស្រុក​ដើម្បី​លក់​ជូន​ប្រជាពលរដ្ឋ​ខ្លួន​វិញ ជា​ជាង​ទិញ​យីហោ​ពី​បរទេស​មក​ធ្វើ​អាជីវកម្ម ដែល​មាន​តម្លៃ​ថ្លៃ និង​ចំណាយ​ច្រើន ។

នៅ​ក្នុង​ពិព័រណ៍​កាហ្វេ​កន្លង​មក លោក​មាន​ប្រសាសន៍​ថា ៖ « ការ​បង្កើត​យីហោ​ហាង​កាហ្វេ​ក្នុងស្រុក​មួយ វា​មិន​ចំណាយ​ទុន​ច្រើន​ទេ បើ​ទោះបីជា​កាហ្វេ​ចល័ត​តាម​ផ្លូវ​ក៏​ដោយ តែ​នៅ​ពេល​ដែល កាហ្វេ​នោះ​មាន​រសជាតិ​ឆ្ងាញ់ មាន​អ្នកគាំទ្រ​ច្រើន យើង​អាច​បោះទុន​បង្កើត​ជា​ហាង​ទំនើប​បាន​ដូច​គ្នា »​។

លោក​បន្ត​ថា កម្ពុជា​ក៏​មាន​គ្រាប់​កាហ្វេ​ដែល​ល្បី​ដល់​បរទេស​ដែរ គឺ​កាហ្វេ​មណ្ឌលគិរី ។ ដូច្នេះ​ហើយ​សហគ្រិន​មិន​ចាំបាច់​នាំ​គ្រាប់​កាហ្វេ​ពី​បរទេស​មក​ធ្វើ​ទេ គឺ​គ្រាន់តែ​សិក្សា​ពី​របៀប​ឆុង​ដើម្បី​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​ដូច​កាហ្វេ​យីហោ​នាំ​ចូល​ទៅ​បាន​ហើយ ដូច​ជា​ឡា​តេ ឬ​កា​ពូ​ស៊ី​ណូ ជាដើម ៕