ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​ខែ​ដើមឆ្នាំ​នេះ កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កើន​ជាង​9%

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧​នេះ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ចំនួន​សរុប​ប្រមាណ​១៧៣​ពាន់​TEU ក្នុង​នោះ​កុងតឺន័រ​នាំ​ចូល​មាន​៨៧.៦១២TEU និង​នាំ​ចេញ​

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧​នេះ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ចំនួន​សរុប​ប្រមាណ​១៧៣​ពាន់​TEU ក្នុង​នោះ​កុងតឺន័រ​នាំ​ចូល​មាន​៨៧.៦១២TEU និង​នាំ​ចេញ​៨៥.៣៨៨TEU ពោល​កើនឡើង​ប្រមាណ​៩,២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦​។ នេះ​បើ​តាម​ប្រធាន​ការិយាល័យ​ស្ថិតិ​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

លោក អ៊ុ​ក តុ​មេធី ប្រធាន​ការិយាល័យ​ស្ថិតិ​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ៥​ខែ​កន្លង​ទៅ​នេះ បើ​តាម​ការ​កត់សម្គាល់​សម្រាប់​មុខទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ភាគច្រើន គឺ​សម្លៀក​បំពាក់ និង​អង្ករ ។ ដោយឡែក ផលិតផល​នាំ​ចូល​មក​វិញ គឺ​វត្ថុធាតុដើម​បម្រើ​ក្នុង​វិស័យ​វាយនភ័ណ្ឌ និង​សម្ភារ​ប្រើប្រាស់​សម្រាប់​ការ​សាងសង់ ។

ទន្ទឹម​នឹង​នេះ ការ​បង្កើន​សមត្ថភាព​លើកដាក់​កុងតឺន័រ​របស់​ផែ​បច្ចុប្បន្ន លោក អ៊ុ​ក តុ​មេធី ថា ផែ​អាច​ធានា ប៉ុន្តែ​រយៈពេល​៤​ឬ​៥​ឆ្នាំទៅ​មុខ​ទៀត បើ​ផែ​នៅ​តែ​រក្សា​បាន​កំណើន​ដូច​ពេល​នេះ តម្រូវ​ឲ្យ​បង្កើត​ផែ​ថ្មី​មួយទៀត ។

លោក លូ គឹ​ម​ឈ​ន់ ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ថា ៖ « ចំនួន​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧ កើនឡើង​ជាង​៩% ខ្ញុំ​គិត​ថា នេះ​ជា​កម្រិត​កំណើន​មួយ​ដ៏​ខ្ពស់ ហើយ​យើង​សង្ឃឹមថា ទៅ​មុខ​ទៀត​នឹង​កើនឡើង​កាន់តែ​ល្អ​ប្រសើរ ។ នៅ​ដើមឆ្នាំ​២០១៧ ចំនួន​គ្រឿងចក្រ​យើង​បាន​កើនឡើង​២​ដង​នៃ​សមត្ថភាព ដែល​ធ្វើ​ឱ្យ​អតិថិជន​ដែល​ចង់​នាំ​កុងតឺន័រ​ឆ្លងកាត់​ផែ​នោះ គាត់​មាន​ទំនុកចិត្ត » ។

បើ​តាម​លោក​ប្រធាន​អគ្គនាយក​កំពង់​ផែ​ថា ផែ​កំពង់សោម​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​លើកដាក់​កុងតឺន័រ ហើយ​ចំនួន​កុងតឺន័រ​ជា​កត្តា​កំណត់​នៃ​ការ​ធ្វើ​អាជីវកម្ម ។ បើ​កំណើន​ជា​មធ្យម​១០%​ក្នុង​មួយ​ឆ្នាំ ដូចនេះ ផែ​ត្រូវការ​ពង្រីក​បន្ថែម​ជាង​១០០​ម៉ែត្រ​ទៀត​ដើម្បី​មាន​សមត្ថភាព​ពេញលេញ​ទាំង​ការ​ទាក់ទាញ និង​ប្រកួតប្រជែង​នា​ពេល​ខាង​មុខ ។

លោក លូ គឹ​ម​ឈ​ន់ បញ្ជាក់​ថា ៖ « យើង​មាន​គម្រោង​ធ្វើ​ផែ​ថ្មី​មួយទៀត ដោយ​ត្រូវការ​ចំណាយ​ប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ ។ ផែ​នេះ​ធ្វើ​ក្នុង​ជម្រៅ​ទឹក​១៤,៥​ម៉ែត្រ មាន​ន័យ​ថា ៩៣%​នៃ​កប៉ាល់​នៅ​ក្នុង​តំបន់​អាច​ចូល​ចត​ផែ​បាន ខណៈ​សព្វ​ថ្ងៃនេះ មាន​តែ​១៨%​នៃ​កប៉ាល់​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ចូល​ចត ។ យើង​ប៉ាន់​ស្មានថា នៅ​ឆ្នាំ​២០២២ គឺ​៩៣%​នៃ​កប៉ាល់​ក្នុង​តំបន់ និង​កប៉ាល់​ធំ​ៗ​អាច​ចូល​ចត​បាន នឹង​ធ្វើ​ឱ្យ​ថ្លៃ​ដឹក​ជញ្ជូន​នៅ​តាម​សមុទ្រ​ធ្លាក់​ចុះ ។ ពេល​នោះ ផែ​កំពង់សោម​ទទួល​បាន​ភាព​ប្រកួតប្រជែង​កាន់តែ​ល្អ សេដ្ឋកិច្ចជាតិ​យើង​ក៏​មានការ​ប្រកួតប្រជែង​ល្អ​ប្រសើរ​ផង​ដែរ » ៕