ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលគិរី​គ្រោង​បង្កើន​ការ​វិនិយោគ​លើ​ផ្ទះសំណាក់ និង​សណ្ឋាគារ​បំពេញតម្រូវការ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ផ្ទះសំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន​កំពុង​តែ​កើនឡើង វិនិយោគិន​ឯកជន​ក្នុង​ខេត្តមណ្ឌលគិរី​គ្រោង​នឹង​វិនិយោគ​លើ​ផ្នែក​ទាំងនេះ​បន្ថែម​ទៀត។ ជាមួយ​គ្នា​នេះ វិនិយោគិន​ទាំងនោះ

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ផ្ទះសំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន​កំពុង​តែ​កើនឡើង វិនិយោគិន​ឯកជន​ក្នុង​ខេត្តមណ្ឌលគិរី​គ្រោង​នឹង​វិនិយោគ​លើ​ផ្នែក​ទាំងនេះ​បន្ថែម​ទៀត។ ជាមួយ​គ្នា​នេះ វិនិយោគិន​ទាំងនោះ​បាន​សំណូមពរ​ដល់​ថ្នាក់​ខេត្ត ជួយ​ស្វែងរក​តំបន់​ទេសចរណ៍ធម្មជាតិ​បន្ថែម ឬ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទៅ​កាន់​តំបន់​ទេសចរណ៍​ដែល​មាន​ស្រាប់ ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ទៅ​លេង និង​ស្នាក់​នៅ​ច្រើន​ថ្ងៃ ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត មាន​ប្រសាសន៍​ថា កា​រវិ​វត្ត​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ជាក់ស្ដែង ពេល​នេះ ការ​អភិវឌ្ឍ​លើ​ផ្ទះសំណាក់ និង​សណ្ឋា​គារ​នៅ​ក្នុង​ខេត្ត​បាន​រីក​ចម្រើន​ជា​បន្តបន្ទាប់ ក្នុង​នោះ​ទាំង​សណ្ឋាគារ និង​ផ្ទះសំណាក់​មាន​ជាង​៨០០​បន្ទប់ ប៉ុន្តែ​នៅ​ពេល​មានបុណ្យ​ទាន​ឈប់​សម្រាក​ម្ដង​ៗ បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​មិន​អាច​ទទួលភ្ញៀវ​គ្រប់​ទេ ។ ដូចនេះ ត្រូវការ​វិនិយោគ​បន្ថែម​ទៀត​ពី​វិនិយោគិន​នានា​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថា ការ​វិនិយោគ​លើ​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ខេត្ត​នេះ កំពុង​តែ​មាន​សក្ដានុពល​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ហើយ​ខាង​រដ្ឋបាល​ខេត្ត​ក៏​បាន​សម្របសម្រួល​រាល់​ឯកសារ និង​ការ​បំពេញ​បែបបទ​វិនិយោគ​នានា​ដើម្បី​ឱ្យ​ការ​វិនិយោគ​កាន់តែ​ឆាប់រហ័ស ។ ម្យ៉ាងទៀត ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​បច្ចុប្បន្ន ក៏​បាន​ល្អ​ប្រសើរ​មួយ​ចំនួន​ធំ ដែល​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​មក​កាន់​ខេត្តមណ្ឌលគិរី ខណៈ​ប្រព័ន្ធ​អគ្គិសនី​របស់​ខេត្ត ក៏​មាន​គ្រប់គ្រាន់​សម្រាប់​បម្រើ​ឱ្យ​ការ​វិនិយោគ​ពី​សំណាក់​វិនិយោគិន​នានា​ផង​ដែរ ។

លោក ម៉ុ​ក យ៉ា​រាំង អ្នកចាត់ការ​ទូទៅ​នៃ​ផ្ទះសំណាក់​និង​រមណីយដ្ឋាន ក្រុង​សែន​មនោ​រម្យ​ឱ្យ​ដឹង​ថា លោក​មាន​គម្រោង​ពង្រីក​បន្ទប់​បន្ថែម​ទៀត​សម្រាប់​ទទួលភ្ញៀវ ពេល​ពួក​គាត់​មក​លេង​ខេត្ត​មណ្ឌលគិរី​នៅ​រដូវ​បុណ្យ​ទាន និង​ថ្ងៃ​ឈប់​សម្រាក ព្រោះ​នៅ​ពេល​ថ្ងៃ​ឈប់​សម្រាក​ម្ដង​ៗ ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ខេត្ត​នេះ​មិន​អាច​ទទួលភ្ញៀវ​គ្រប់គ្រាន់​ទេ ។ ទន្ទឹម​នឹង​នេះ លោក​ក៏​សំណូម​ពរ​ឱ្យ​ថ្នាក់​ខេត្ត​ជួយ​រក​កន្លែង​រម​យ​ណី​យ​ដ្ឋា​ន​ល្អ​ៗ​ក្នុង​ខេត្ត​បន្ថែម​ទៀត ដើម្បី​ឱ្យ​ភ្ញៀវ​មក​ហើយ​បាន​ទស្សនា​ច្រើន​ថ្ងៃ​។ ជាក់ស្ដែង រមណីយដ្ឋាន​ដែល​មាន​ទេសភាព ស្អាត​ៗ​ក្នុង​ខេត្ត​មាន​ច្រើន នៅ​ខ្វះ​តែ​ផ្លូវ​សម្រាប់​ចូល​ទៅ​តំបន់​នោះ​ប៉ុណ្ណោះ ។ ដូចនេះ បើសិនជា​ថ្នាក់​ខេត្ត​ជួយ​ធ្វើ​ផ្លូវ​ឱ្យទៅ​ដល់​តំបន់​រមណីយដ្ឋាន​ទាំងនោះ ភ្ញៀវ​ដែល​មក​ដល់​ខេត្ត​នេះ​ហើយ នឹង​បន្ត​ស្នាក់​នៅ​យូរថ្ងៃ ។

អ្នកស្រី ប៉ុន ពិសី ម្ចាស់ផ្ទះ​សំណាក់​វិមាន​ពេជ្រ ក៏​បានឱ្យ​ដឹង​ដែរ​ថា ផ្ទះសំណាក់​អ្នកស្រី​ទើបតែ​បើក​ទេ ប៉ុន្តែ​នៅ​រដូវ​បុណ្យ តែង​មាន​ភ្ញៀវ​មក​ស្នាក់​នៅ​ជា​ហូរហែ រក​កន្លែង​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​មិន​បាន​ទេ ពេល​ខ្លះ​ភ្ញៀវ​ត្រូវ​ស្នាក់​នៅ​បន្ទប់​មួយ​ពី​៦​ទៅ​៨​នាក់ ខណៈ​ជា​ធម្មតា បន្ទប់​មួយ​សម្រាប់​តែ​ភ្ញៀវ​យ៉ាងច្រើន​៤​នាក់​ប៉ុណ្ណោះ ។

អ្នកស្រី​បន្ត​ថា ដោយសារ​តែ​ភ្ញៀវ​ច្រើន និង​ស្នាក់​នៅ​លើស​ចំនួន ដូចនេះ​ចាំបាច់​ត្រូវ​ដំឡើង​ថ្លៃ​ខុស​ពី​ថ្ងៃ​ធម្មតា ព្រោះ​បើ​ភ្ញៀវ​ស្នាក់​នៅ​ច្រើន ការ​ចំណាយ​លើ​សេវា​ក៏​ច្រើន​ដែរ ដូច​ជា ការ​ប្រើប្រាស់​ទឹក និង​ភ្លើង​ជាដើម ។ អ្នកស្រី​និយាយ​ថា ៖ « ខ្ញុំ​ក៏​មាន​គម្រោង​បន្ថែម​បន្ទប់​ទៀត​ដែរ ដើម្បី​ទទួលភ្ញៀវ​ពេល​មក​លេង​មណ្ឌលគិរី​នៅ​រដូវ​បុណ្យ​ទាន តែ​ក៏​សូម​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត ជួយ​រក​តំបន់​រមណីយ​ដ្ឋាន​បន្ថែម​ទៀត​សម្រាប់​ភ្ញៀវ​ទស្សនា​បាន​ច្រើន​ថ្ងៃ ព្រោះ​អី​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ច្រើន​ណាស់​ដែល​ភ្ញៀវ​មិន​ធ្លាប់​ទៅ​ដល់ ក៏​ព្រោះតែ មិន​ទាន់​មាន​ផ្លូវ​ស្អាត​ល្អ ។ ដូចនេះ បើសិនជា​មាន​ផ្លូវ​ល្អ​អាច​ឲ្យ​រថយន្ត និង​ម៉ូតូ​ទៅ​ដល់​នោះ​កំណើន​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​នេះ នឹង​កាន់តែ​ច្រើន​ទៀត » ។

ជា​ការ​ឆ្លើយ​តប លោក​អភិបាលខេត្ត ស្វាយ សំ​អ៊ា​ង ឱ្យ​ដឹង​ថា ថ្នាក់​ខេត្ត​ក៏​ចង់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ដែរ ដើម្បី​ឱ្យ​ភ្ញៀវ​បាន​ស្គាល់​ពី​តំបន់​រមណីយដ្ឋាន​ថ្មី​ៗ​ជា​ច្រើន​ក្នុង​ខេត្ត​នេះ ប៉ុន្តែ​ដោយសារ​តែ​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​មាន​កំណត់ ដូចនេះ ខេត្ត​ត្រូវធ្វើ​បន្តិច​ម្ដង​ៗ ប៉ុន្តែ​ទោះជា​យ៉ាងណា នឹង​ធ្វើ​ឱ្យ​លឿន​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​រមណីយដ្ឋាន​ធម្មជាតិ​ប្លែក​ៗ​ផ្សេង​ទៀត ៕