ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​ចាញ់​ឥណ្ឌូ​ណេ​ស៊ីក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា​ក្រុម​គោព្រៃ​កម្ពុជា​ដែល​ចង់​បំបែក​កំណត់​ត្រា​លេង​ចាញ់​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ីក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​នៅ​

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា​ក្រុម​គោព្រៃ​កម្ពុជា​ដែល​ចង់​បំបែក​កំណត់​ត្រា​លេង​ចាញ់​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ីក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ មិថុនា​នោះ ទីបំផុត​បាន​ត្រឹមតែ​ខកចិត្ត​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ដោយ​បន្ត​ចាញ់​ក្រុម​មួយ​នេះ​២-០​យ៉ាង​អាម៉ាស់​ដដែល​មុន​បន្ត​ជួប​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី ACQ (Asian Cup Qualification) 2019 នៅ​ល្ងាច​ថ្ងៃ​ទី​១៣ មិថុនា ស​ប្ដា​ហ៍​ក្រោយ​នេះ ។

ការ​ប្រកួត​នៅ​តង់​ទី​១ ក្រុម​ទាំង​ពីរ​មានឱកាស​នាំ​បាល់​ទៅ​លេង​មុខ​ទី​គូប្រកួត​រៀង​ៗ​ខ្លួន ជា​ពិសេស​ក្រុម​កម្ពុជា​ថែម​ទាំង​មានឱកាស​ទាត់​បាល់​ចេញពី​ជ្រុង​និង​បាល់​ពិន័យ​ហ្វ្រី​ឃី​គ​២-៣​ដង​ដែរ​តែ​គ្មាន​សំណាង​សោះ ។ លុះដល់​នាទី​ទី​២៦ ក្រុម​ភ្ញៀវ​ឥណ្ឌូ​ណេ​ស៊ី​រកបាន​១​គ្រាប់​នាំមុខ​មុន​ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​Irfan Haarys Bachdim ហើយ​លទ្ធផល​នេះ​បាន​រក្សា​រហូត​ដល់​ចប់​តង់​ទី​១​។

ចូល​ដល់​តង់​ទី​២ គ្រូបង្វឹក​ក្រុម​គោព្រៃ​កម្ពុជា​បាន​ព្យាយាម​បន្ថែម​កម្លាំង​នៅ​តំបន់​ប្រយុទ្ធ​ដែរ​ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​គូប្រកួត​បាន​ដដែល ផ្ទុយ​ទៅ​វិញ​បែរជា​បណ្ដោយ​ឱ្យ​កីឡាករ Gian Zola Nasrulloh Nugraha​របស់​ក្រុម​ឥណ្ឌូ​ណេ​ស៊ី ទាត់​បាល់​បញ្ចូល​ទី​បន្ថែម​១​គ្រាប់​ទៀត​នៅ​ចុង​តង់​ទី​២​គឺ​នៅ​នាទី​ទី​៩០+៦ ។

១​គ្រាប់​ចុង​ក្រោយ​របស់​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​ក៏​ដូច​ជា​អ្នកលេង​ភ្នាល់​មួយ​ចំនួន​សម្ដែង​ការ​ខឹងសម្បា​រហូត​ចោទប្រកាន់​ថា ជា​ការ​រៀបចំ​ឱ្យ​ក្រុម​ឥណ្ឌូណេ​ស៊ី​ស៊ីដាច់​គ្រាប់​ត​ដើម្បី​ទទួល​បាន​លាភសក្ការៈ​អ្វីមួយ​ពី​ការ​ប្រកួត​នេះ​ប៉ុណ្ណោះ ។ ទោះបីយ៉ាងណា អ្នកគាំទ្រ​ខ្លះ​បាន​ជំទាស់​ចំពោះ​ការ​ចោទប្រកាន់​នេះ​ដោយ​ពួក​គេ​និយាយ​ថា​ជា​ការ​ចៃដន្យ​ប៉ុណ្ណោះ​ដោយសារ​ខ្សែ​ការ​ពារ​របស់ក្រុម​គោព្រៃ​កម្ពុជា​ខ្សោយ​ធ្វើ​ឱ្យ​មាន​ចន្លោះ​ប្រហោង​ច្រើន​ក្នុង​តំបន់​គ្រោះថ្នាក់​ទើប​ផ្ដល់ឱកាស​ឱ្យ​គូប្រកួត​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​ចុង​ក្រោយ​ដោយ​ស្រួល​បែប​នេះ ។

គួរ​រំលឹក​ថា បើ​យោង​តាម​ប្រវត្តិ​ជួប​គ្នា​ចំនួន​៥​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​២​ឃើញ​ថា ក្រុម​គោព្រៃ​កម្ពុជា​មិន​ដែល​ឈ្នះ​ទាល់តែ​សោះ​សូ​ម្បី​ឱកាស​ស្មើ​ក៏​គ្មាន​ផង ។ ក្រោយ​ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​ទៅ ក្រុម​គោព្រៃ​កម្ពុជា ត្រូវ​បន្ត​បើកទ្វារ​ទទួល​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ក្នុង​ជំនួប​វគ្គ​ជម្រុះ​ជុំ​ទី​៣​ពូ​ល​C នៃ​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី ACQ (Asian Cup Qualification)  2019 ។ សង្ឃឹមថា ការ​ប្រកួត​លើក​ក្រោយ​នេះ​ក្រុម​គោព្រៃ​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ​មិន​ខាន ៕