ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​លើក​នេះ​មាន​លក្ខណៈ​ល្អ​ជាង​មុន

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ គណៈ​បក្សនយោបាយ​ចំនួន​៨​បាន​ចូលរួម​ប្រកួតប្រជែង ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ដែល​មាន​ការិយាល័យ​ចំនួន​១.២៧៩ ក្នុង​នោះ​មាន​ចំនួន​៦៤​ឃុំ​-​សង្កាត់

ខេត្ត​ត្បូងឃ្មុំ ៖ គណៈ​បក្សនយោបាយ​ចំនួន​៨​បាន​ចូលរួម​ប្រកួតប្រជែង  ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ដែល​មាន​ការិយាល័យ​ចំនួន​១.២៧៩ ក្នុង​នោះ​មាន​ចំនួន​៦៤​ឃុំ​-​សង្កាត់  នៅ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ
គឺ​ឃើញ​មាន​គណបក្ស​ចំនួន​២​ប៉ុណ្ណោះ​ដែល​លេចធ្លោ​ជាងគេ​។ ក្នុង​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ចំនួន​៤៦​ឃុំ​-​សង្កាត់ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ចំនួន​១៨​ឃុំ​-​សង្កាត់​។ រីឯ​បញ្ហា​សន្តិសុខ​និង​សណ្តាប់ធ្នាប់ មាន​លក្ខណៈ​ល្អ​ប្រសើរ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​៣ ក្នុង​នោះ​មាន នគរបាល កងរាជអាវុធហត្ថ និង​ទាហាន រាប់​ពាន់​នាក់​ត្រូវ​បាន​ពង្រាយ​តាម​ការិយាល័យ​បោះ​ឆ្នោត​នីមួយ​ៗ ហើយ​គណបក្ស​ទាំង​២​បាន​ទទួលស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ផង​ដែរ​។

លោក សុខ ឈិ​ន ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ត្បូងឃ្មុំ មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៨ មិថុនា ២០១៧​ថា ចាប់តាំងពី​ពេល​ដែល​មាន​យុទ្ធនាការ រក​សំឡេង​ឆ្នោត​ហើយ​មក​ដល់​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ ឃើញ​ថា មាន​ភាពល្អ​ប្រសើរ​ជាង​អាណត្តិ​មុន​ៗ​។  ក្នុង​នោះ​លទ្ធផល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល បាន​ចំនួន​៤៦​ឃុំ​-​សង្កាត់ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ចំនួន​១៨​ឃុំ​-​សង្កាត់​ផង​ដែរ ។  ហើយ​ក៏​មាន​បណ្តឹង​ចំនួន​៣​ករណី​ក្នុង​នោះ​គឺ​នៅ​ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ដែល​ពុំ​មាន​លក្ខណៈ​ធំដុំ​ឡើយ​។

ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​ពេល​ឃោសនា​នៅ​ថ្ងៃ​ដំបូង​រហូត​ដល់​ទៅ​២​ស​ប្តា​ហ៍​នោះ  កម្លាំង​នគរបាល​ខេត្ត​មាន​ចំនួន​១.៤៥៦​នាក់ កម្លាំង​កង​អាវុធហត្ថ​ចំនួន​៧៨​នាក់ និង​កម្លាំង​ទាហាន​ចំនួន​១២០​នាក់​។ ត្រូវ​បាន​បែងចែក​ទៅ​តាម​មុខព្រួញ​សំខាន់​ៗ​តាម​បណ្តា​ស្រុក​-​ក្រុង​ចំនួន​៧ ដោយ​ធានា​បាន​នៅ​ពេល​ដែល​មានការ​ដង្ហែ ពី​គណបក្ស​នយោបាយ​ផ្សេង​ៗ មិន​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​នោះ​ទេ គឺ​បញ្ចៀស​បាន​គ្រប់​បញ្ហា​ទាំងអស់​។

ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​បន្ត​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​បាន​មក​ដល់ អធិការ​នគរបាល មេបញ្ជាការ​កងរាជអាវុធហត្ថ និង​ទាហាន ព្រមទាំង​គណៈ​បញ្ជាការ​ស្រុក​បាន​អង្គុយ​ធ្វើការ​ជាមួយ​គ្នា នៅ​ពេល​ណា​ដែល​មានរឿង​ហេតុ​កើតឡើង ត្រូវ​បាន​ដោះស្រាយ​ជា​បន្ទាន់​ភ្លាម​ៗ​តែ​ម្តង​។ ហើយ​នៅ​គ្រប់​ការិយាល័យ​បោះ​ឆ្នោត​ទាំងអស់ មាន​សមត្ថកិច្ច​បាន​យាម​ប្រចាំការ​ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​បាន​មក​បោះ​ឆ្នោត ដោយ​ធានា​បាន​ល្អ​ប្រសើរ​មិន​មាន​ហេតុការណ៍​អសកម្ម​ណាមួយ​នោះ​ទេ សូ​ម្បី​តែ​អង្គការក្រៅរដ្ឋាភិបាល  ដែល​បាន​តាមដាន​ការ​បោះ​ឆ្នោត​នោះ​រួម​ជាមួយនឹង​គណបក្ស​នយោបាយ​ផ្សេង​ៗ​ទៀត បាន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខាងលើ​ផង​ដែរ​៕