ទីក្រុងហាណូយ ៖ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្រេចចុះហត្ថលេខាបញ្ចូលផលិតផល៣ប្រភេទបន្ថែមទៀតចូលទៅក្នុងបញ្ជីផលិតផលជាតិ ក្នុងនោះមានបង្គា, កាហ្វេមានគុណភាពខ្ពស់ និងមើមយិនស៊ិន ។
ពេលនេះ ផលិតផលទាំង៣ប្រភេទនោះនឹងទទួលបានការគាំទ្រ ក្រោមកម្មវិធីអភិវឌ្ឍន៍ផលិតផលជាតិឆ្នាំ២០២០ ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យបណ្ដាក្រសួងយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរតំបន់ ដើម្បីបង្កើតគោលនយោបាយលើកទឹកចិត្តសម្រាប់ផលិតផលទាំងនេះ ។
នៅឆ្នាំ២០២៥ វៀតណាមមានមហិច្ឆតារកចំណូលឲ្យបាន១០ប៊ីលានដុល្លារពីការនាំចេញបង្គា ហើយនៅឆ្នាំ២០៣០ នឹងរកចំណូលឲ្យបានពី៥ទៅ៦ប៊ីលានដុល្លារពីការនាំចេញកាហ្វេ ។
ថ្មីៗនេះ រដ្ឋាភិបាលបានអនុម័តគម្រោងជាតិមួយដែលមានតម្លៃទឹកប្រាក់ប្រមាណ៣៩៥លានដុល្លារ ដើម្បីអភិវឌ្ឍន៍ការដាំដុះ និងលើកកម្ពស់ម៉ាកសញ្ញាផលិតផលយិនស៊ិន Ngoc Linh នៅឆ្នាំ២០៣០ ។
ផែនការក្នុងកម្មវិធីអភិវឌ្ឍន៍ផលិតផលជាតិឆ្នាំ២០៣០ គឺមានគោលដៅអភិវឌ្ឍន៍ផលិតផលជាក់លាក់ក្រោមស្លាកសញ្ញាផលិតនៅប្រទេសវៀតណាម (Made in Viet Nam) ដែលមានការប្រកួតប្រជែងខ្ពស់ និងទទួលបានអត្ថប្រយោជន៍ច្រើនសម្រាប់ប្រទេសជាតិ និងជួយផ្សព្វផ្សាយពីការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ផលិតផលរបស់ពួកគេ ។
កាលពីឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអនុម័តឲ្យមានការចុះបញ្ជីផលិតផលជាតិ ដែលរួមបញ្ចូលផលិតផលផ្លូវការចំនួន៦ និងផលិតផល៣ប្រភេទផ្សេងទៀតត្រូវបានដាក់ក្នុងគម្រោង ។ ផលិតផលនៅក្នុងបញ្ជីទាំងនោះនឹងត្រូវបានលើកទឹកចិត្តទៅលើផ្នែកផ្ដល់ឥណទាន, ការបង់ពន្ធ, ការប្រើប្រាស់ដីធ្លី, ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការពង្រីកទីផ្សារ ៕
ចែករំលែកព័តមាននេះ