ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​បណ្តាក់ទុន​លើ​សណ្ឋាគារ​ចំនួន​100​កន្លែង​នៅ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​៨ មិថុនា នៅ​ទីស្តីការក្រសួង លោកស្រី Tao Jia ប្រធាន​ក្រុមហ៊ុន ShenZhen Win Win Decoration & Designing ថ្លែង​ថា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​យក្ស​មួយ​របស់​ប្រទេស​ចិន​ឈ្មោះ ShenZhen Win Win Decoration & Designing គ្រោង​នឹង​បោះទុន​សាងសង់​សណ្ឋាគារ​ឲ្យ​បាន​១០០​កន្លែង​នៅ​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​៨ មិថុនា នៅ​ទីស្តីការក្រសួង លោកស្រី Tao Jia ប្រធាន​ក្រុមហ៊ុន ShenZhen Win Win  Decoration & Designing ថ្លែង​ថា ក្នុង​ចំណោម​សណ្ឋាគារ​ចំនួន​១០០​កន្លែង គឺ​ភាគច្រើន​ក្រុមហ៊ុន​គ្រោង​នឹង​សាងសង់​នៅ​ប៉ែក​ខាង​តំបន់ឆ្នេរ​សមុទ្រ ច្រើន​ជាង​ប៉ែក​ខាង​ខេត្តសៀមរាប ។

ទោះជា​យ៉ាងណា លោកស្រី​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​សាងសង់​នឹង​ចាប់ផ្តើម​នៅ​ពេល​ណា និង​គ្រោង​បោះទុន​ប៉ុន្មាន​លាន​ដុល្លារ​នៅឡើយ​ទេ ។

លោក ថោ​ង ខុន មាន​ប្រសាសន៍​ថា ការ​ស្វែងរក​ឱកាស​វិនិយោគទុន​របស់​វិនិយោគិន​ចិន​នៅ​កម្ពុជា​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គេ​សម្លឹង​មើល​ថា បច្ចុប្បន្ន​ក៏​ដូច​ជា​ទៅ​ថ្ងៃ​អនាគត នឹង​មាន​ភ្ញៀវ​ទេសចរ​ចិន​ជា​ច្រើន​មក​ទស្សនា​នៅ​កម្ពុជា ជា​ពិសេស នៅ​តំបន់ឆ្នេរ​សមុទ្រ​នា​រដូវ​ត្រជាក់ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងទេសចរណ៍​ជា​សេនាធិការ បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​នៅ​កម្ពុជា ឲ្យ​បាន​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។

នៅ​កម្ពុជា​មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ជា​ច្រើន​បាន​កំពុង​ដំណើរការ ប៉ុន្តែ​រាល់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ស្នាក់​នៅ​ទាំងនោះ គឺ​មិន​ទាន់​បំពេញ​តាម​តម្រូវការ​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​នៅឡើយ​ទេ ។

របាយការណ៍​ក្រសួងទេសចរណ៍​ថា នៅ​ក្នុង​ឆ្នាំ​២០១៦ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​៥​លាន​នាក់ និង​រក​ចំណូល​ដាក់​ចូល​ក្នុង​ថវិកាជាតិ ប្រមាណ​៣.៤០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​តាម​ទិស​ដៅ​បន្ត​របស់​ក្រសួងទេសចរណ៍​នៅ​ឆ្នាំ​២០២០ នឹង​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​បាន​៧​លាន​នាក់ និង​អាច​រក​ចំណូល​ដាក់​បញ្ចូល​ក្នុង​ថវិកាជាតិ ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។
ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា លោក ឌិន សុមេធា​រិ​ទ្ធ បាន​ថ្លែង​ថា ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​នេះ​ពិតជា​ខ្លាំង ដោយសារ​ចំនួន​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​រំពឹង​កើនឡើង​ក្នុង​រង្វង់​៥​ទៅ​៧%​ប្រចាំឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​សណ្ឋាគារ​ថ្មី​ៗ​បាន​កើនឡើង​ច្រើន ដោយ​ម្ចាស់​សណ្ឋាគារ​នីមួយ​ៗ​នៅ​ខេត្តសៀមរាប​បញ្ចុះតម្លៃ​ច្រើន ធ្វើ​ឲ្យ​សណ្ឋាគារ​តូច​ៗ​ប្រឈម​មុខ​នឹង​បញ្ហា ។

លោក​បន្ត​ថា ៖ « នៅ​រាជធានី​ភ្នំពេញ​មិនសូវ​មានការ​បញ្ចុះតម្លៃ​នោះ​ទេ ប៉ុន្តែ​ខេត្តសៀមរាប ការ​កក់​បន្ទប់​សណ្ឋាគារ​បាន​បញ្ចុះតម្លៃ​ខ្លាំង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ស្នាក់​នៅ » ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប ដែល​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​រក​ឃើញ​ថា នៅ​ខេត្តសៀមរាប​ជាទី​ក្រុងមាន​ចំនួន​សណ្ឋាគារ និង​ការ​វិនិយោគ​សណ្ឋាគារ​ថ្មី​ៗ​ច្រើន​ជាងគេ ។ ជាក់ស្តែង ទីក្រុង​នេះ​មាន​សណ្ឋាគារ​ចំនួន​៥៦៨ និង​បន្ទប់​សរុប​២៣.០៤១​បន្ទប់​, រាជធានី​ភ្នំពេញ​មាន​សណ្ឋាគារ​ចំនួន​៣៤៨ និង​បន្ទប់​សរុប​១៦.៣៧០​បន្ទប់​, ខេត្ត​ព្រះ​សី​ហនុមាន​សណ្ឋាគារ​ចំនួន​១៦០ និង​បន្ទប់​សរុប​៥.៤៦២​បន្ទប់ និង​ខេត្តបាត់ដំបង​មាន​សណ្ឋាគារ​ចំនួន​៤៩ និង​បន្ទប់​សរុប​១.៧៦០ ៕