ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ធ្វើ​នំក្រៀប​នៅ​តែ​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​សមរម្យ

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ការ​រកស៊ី​មិន​ចាំបាច់​តែ​របរ​ធំដុំ ឬ​មាន​ដើមទុន​ច្រើន​ឡើយ អ្វី​ដែល​សំខាន់ មុខរបរ​នោះ​មាន​ទីផ្សារ ហើយ​គុណភាព​ផលិតផល​ដែល​ផលិត​បាន អាច​ឲ្យ​អតិថិជន​ទទួលយក​បាន​ដែរ​ឬទេ ។ តួយ៉ាង របរ​ធ្វើ​នំក្រៀប​របស់​

ខេត្តកំពង់ចាម ៖ ការ​រកស៊ី​មិន​ចាំបាច់​តែ​របរ​ធំដុំ ឬ​មាន​ដើមទុន​ច្រើន​ឡើយ អ្វី​ដែល​សំខាន់ មុខរបរ​នោះ​មាន​ទីផ្សារ ហើយ​គុណភាព​ផលិតផល​ដែល​ផលិត​បាន អាច​ឲ្យ​អតិថិជន​ទទួលយក​បាន​ដែរ​ឬទេ ។ តួយ៉ាង របរ​ធ្វើ​នំក្រៀប​របស់​អ្នក​ភូមិ​អូរ​ដា ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ដែល​ចេះ​ត​ៗ​គ្នា​តាំងពី​ដូនតា​មក​នោះ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ នៅ​តែ​បន្ត​ធ្វើ និង​អាច​រកបាន​ចំណូល​រាប់​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ៗ ទៅ​តាម​លទ្ធភាព​ដែល​ផលិត​បាន ។

បើ​តាម​អ្នក​ភូមិ​អូរ​ដា ដែល​ធ្វើ​នំ​នេះ​ច្រើន​ជំនាន់​មក​ហើយ​នោះ បាន​រៀបរាប់​កាលពី​ថ្ងៃ​ទី​៦ មិថុនា ថា នំ​នេះ​ធ្វើ​ពី​ម្សៅ​អង្ករដំណើប លាយ​ជាមួយ​ស្ករ និង​គ្រឿងផ្សំ​ផ្សេង​ៗ​ទៀត​ដើម្បី​ឲ្យ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ហើយ​ពេល​អាំង​ទៅ វា​ស្រួយ និង​ឡើង​រង្វង់​មូល​ស្អាត ។

អ្នកស្រី ស្រេង តឿ អាយុ​៤៦​ឆ្នាំ ម្ចាស់​ធ្វើ​នំក្រៀប​នេះ​បន្ដ​ថា របរ​ធ្វើ​នំ​នេះ គាត់​បាន​រៀន​ចេះ​ពី​ឪពុក​ម្ដាយ​តាំងពី​កុមារភាព រហូត​ដល់​ចេះ​ធ្វើ​ស្ទាត់ ។ ទោះបី​យ៉ាងណា អ្នកស្រី​ថា ការ​ធ្វើ​នំ​នេះ​វា​មិន​ងាយស្រួល​ទេ ដោយ​ត្រូវ​ក្រោក​តាំងពី​ម៉ោង​២​ឬ​៣​យប់​ដើម្បី​ធ្វើ​វា រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​រួចរាល់ ហើយ​ក្នុង​មួយ​ថ្ងៃ អ្នកស្រី​ធ្វើ​បាន​ប្រមាណ​១​ពាន់​នំ ដោយ​ក្នុង​១០០​នំ តម្លៃ​២​ម៉ឺន​រៀល ។ ក្រោយ​ពី​ទូទាត់ ការ​ចំណាយ​ផ្សេង​ៗ​រួច អាច​ចំណេញ​ពី​៥​ទៅ​៧​ម៉ឺន​ដែរ​ក្នុង​១​ថ្ងៃ ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​មួយ​កម្រិត ។ ចំណែក​ឈ្មួញ​ដែល​មក​ទទួល​ទិញ​ភាគច្រើន ពួក​គេ​មក​ពី​ស្រុក​ស្គន់ ស្រុក​ជើងព្រៃ និង​ស្រុក​ស្នួល ខេត្តក្រចេះ និង​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត ។

អ្នកស្រី​បន្ដ​ថា ៖ « របរ​នេះ បើសិន​លក់ដាច់​ច្រើន​នោះ ខ្ញុំ​ត្រូវការ​ប្រើ​កម្លាំង​កម្មករ​ចំនួន​៥​នាក់​ដើម្បី​ឲ្យ​មក​ជួយ​ធ្វើ ទើបបាន​ឆាប់រហ័ស​ទាន់​ពេល​បោះ​ឲ្យ​ម៉ូយ ។ ការ​ធ្វើ​នំក្រៀប​នេះ មិនមែន​ងាយស្រួល​ប៉ុន្មាន​ទេ គឺ​ត្រូវ​ក្រោក​ឡើង​នៅ​វេលា​ម៉ោង​១ ទៅ​ម៉ោង​២ រំលង​អធ្រាត្រ និង​មាន​កម្លាំង​ជិត​១០​នាក់​ដើម្បី​ធ្វើ​នំ ហើយ​រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក ទើប​រួចរាល់ » ។

អ្នកស្រី​ថា នំ​នេះ​ពេល​ដែល​ធ្វើ​ហើយ​ត្រូវ​យក​ទៅ​ហាលថ្ងៃ ហើយ​បើ​គ្មាន​ពន្លឺ​ថ្ងៃ​ទេ នំ​នឹង​ត្រូវ​ខូច តែ​មិន​យក​ទៅ​ចោល​ទេ គឺ​អាចយ​កមក​ធ្វើ​សា​ជា​ថ្មី​វិញ ។ ដូច្នេះ ត្រូវការ​ពន្លឺ​ថ្ងៃ​ចាំបាច់ និង​គ្រប់ពេលវេលា ហើយ​នំ​ដែល​ធ្វើ​ដៃ​ច្រើន​នោះ ពេល​គេ​យក​ទៅ​អាំង ក៏​មិន​បាន​ឡើង​ល្អ​រីក​ធំ​ដែរ ។ 

បើ​តាម​ស្ដ្រី​ជា​កម្មករ​ជួយ​ធ្វើ​នំ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រាល់ថ្ងៃ​គាត់​បាន​ក្រោក​ពី​យប់​មក​ស៊ីឈ្នួល​ធ្វើ​នំ ដោយសារ​តែ​ផ្ទះ​នៅ​ក្បែរ​គ្នា ។ ក្នុង​១​ថ្ងៃ គាត់​ទទួល​បាន​កម្រៃ​១​ម៉ឺន​២​ពាន់​រៀល ឬ​លើស​នេះ គ្រាន់​បាន​ប្រាក់​ឲ្យ​កូន​២​នាក់​បាន​រៀនសូត្រ​នៅ​សាលារៀន និង​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ ខណៈ​ដែល​ប្ដី​របស់​អ្នកស្រី ធ្វើ​ជា​ជាងសំណង់​នៅ​ខេត្ត​ឆ្ងាយ ។

ស្ត្រី​រូប​នេះ​បន្ដ​ថា ៖ « ការ​ធ្វើ​ជា​កម្មករ​នៅ​ទី​នេះ មិន​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ទេ ប៉ុន្ដែ​យើង​បាន​នៅ​ជួបជុំ​គ្រួសារ និង​មើលថែ​កូន ប្រសើរ​ជាង​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​គេ ដែល​បាត់​ដំណឹង​សូន្យ​ពី​សាច់ញាតិ ថែម​ទាំង​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​ទៀត »៕