ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង «​ល្បុក្កតោ​ក្លិប​» បំភ្លឺ​រឿង​លោក សាន គឹ​ម​ស៊ា​ន ចែកផ្លូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោកគ្រូ​តា​ក្រមា​មាស លោក សាន គឹ​ម​ស៊ា​ន ប្រធាន​បណ្ឌិត្យសភា​ល្បុក្កតោ​កម្ពុជា និង​ជា​ស្ថាបនិក​ចង.ក្រង​ឯកសារ​ល្បុក្កតោ​ប្រកាស​លាឈប់ និង​បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោកគ្រូ​តា​ក្រមា​មាស លោក សាន គឹ​ម​ស៊ា​ន ប្រធាន​បណ្ឌិត្យសភា​ល្បុក្កតោ​កម្ពុជា និង​ជា​ស្ថាបនិក​ចងក្រង​ឯកសារ​ល្បុក្កតោ​ប្រកាស​លាឈប់ និង​បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​នាំ​ឱ្យ​លោក​ឈប់​សហការ​ជាមួយ​ម្ចាស់​ហាង​«​ល្បុក្កតោ​ក្លិប​»​នៅ​ខេត្តសៀមរាប ម្ចាស់​ហាង​មួយ​នេះ​បាន​ចេញ​មុខ​បកអាក្រាត​វិញ​ថា បញ្ហា​កើតឡើង​គឺ​បណ្ដាល​មក​ពី​លោក សាន គឹ​ម​ស៊ា​ន ធ្វើ​រឿង​មិន​ស្មើភាព ។ អ្នក​នាង​ថា​ហាង​របស់​ខ្លួន​នៅ​តែ​បន្ត​ដំណើរការ​រៀបចំ​ការ​ប្រកួត និង​សម្ដែង​ល្បុក្កតោ​ជា​ធម្មតា ដោយ​សូ​ម្បីតែ​ឈ្មោះ​ហាង​ដែល​លោក សាន គឹ​ម​ស៊ា​ន ទាមទារ​ឱ្យ​ប្ដូរ​ចេញ ក៏​ខ្លួន​មិន​ប្ដូរ​ដែរ ។

អ្នក​នាង ពេជ្រ ខេន​ឌី ជា​ម្ចាស់​ហាង​បាន​អះអាង​ថា អ្នក​នាង​មិន​បាន​យក​ល្បុក្កតោ​ទៅ​ប្រកួត​ក្នុង​ហាង​ដើម្បី​ឱ្យ​ភ្ញៀវ​ចាក់​ភ្នាល់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​ជំរុញ​ឱ្យ​កីឡាករ​កីឡាការិនី​សម្ដែង និង​ប្រកួត​គ្នា​យក​ប្រាក់​រង្វាន់ ដើម្បី​ឱ្យ​ភ្ញៀវ​បានឃើញ​ពី​ល្បុក្កតោ​ខ្មែរ ។ អ្នក​នាង​ថា ហេតុផល​ដែល​នាំ​ឱ្យ​នាង​សម្រេចចិត្ត​បោះទុន​បើកហាង ហើយ​ធ្វើ​ជា​សង្វៀន​អស់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​បើក​ឱ្យ​កីឡាករ​កីឡាការិនី​សម្ដែង​ក្បាច់ល្បុក្កតោ និង​ឱ្យ​ប្រកួត​គ្នា​ផង គឺ​ដើម្បី​ឱ្យ​លោក​សាន គឹ​ម​ស៊ា​ន ដែល​អ្នក​នាង​គោរព​ស្រឡាញ់​ដូច​ជីតា​មានមុខ​ក្នុង​ការ​លើកកម្ពស់​ដល់​កីឡា​មួយ​នេះ​ប៉ុណ្ណោះ ។ប៉ុន្តែ​ចុង​ក្រោយ​លោក​បែរជា​ធ្វើ​ឱ្យ​មានរឿង​ចម្រូងចម្រាស​ជាមួយ​អ្នក​នាង​ដោយសារ​តែ​លោក​មាន​បញ្ហា​ពាក់ព័ន្ធ​រឿង​លុយកាក់​និង​រឿង​ផ្គូផ្គង​កីឡាករ​ក្នុង​ក្លិប​តែ​មួយ​ឱ្យ​ឡើង​ប្រកួត​គ្នា ធ្វើ​ឱ្យ​អ្នក​នាង​ទទួលយក​មិន​បាន ទើប​មាន​បញ្ហា​។

អ្នក​នាង​ថា បញ្ហា​ដែល​កើត​មាន​ឡើង​គឺ​ដោយសារ​តែ​អ្នក​នាង​ស្នើ​ឱ្យ​កីឡាករ​-​កីឡាការិនី​ដែល​មានឈ្មោះ​សម្ដែង​ជា​ប្រចាំ​៤​នាក់ និង​អ្នក​ឡើង​ប្រកួត​ក្រោម​ការ​ផ្គូផ្គង​ឱ្យមក​បើក​លុយ​ជាមួយ​ហាង​នាង​ដោយ​ផ្ទាល់ តែ​លោក សាន គឹ​ម​ស៊ា​ន មិន​ព្រម​ទើប​ក្លាយជា​បញ្ហា ។ អ្នក​នាង​ថា រឿងរ៉ាវ​ដែល​កើត​មាន​ឡើង គឺ​ដោយសារ​តែ​លោក សាន គឹ​ម​ស៊ា​ន កិបកេង​ប្រាក់​កម្រៃ​កីឡាករ​ធ្វើ​ឱ្យ​ពួក​គេ​តវ៉ា និង​ស្នើ​ឱ្យ​អ្នក​នាង​ជួយ​អន្តរាគមន៍ ទើប​អ្នក​នាង​សុំ​ឱ្យ​លោក​បញ្ជូន​ឈ្មោះ​កីឡាករ​ឱ្យមក​បើកប្រាក់​កម្រៃ​ពី​អ្នក​នាង​ផ្ទាល់ តែ​លោក​នៅ​តែ​ចង់​ក្ដោប​ក្ដាប់​លុយកាក់​កីឡាករ​ទើប​អ្នក​នាង​ទទួលយក​មិន​បាន ។ អ្នក​នាង​ថា កីឡាករ និង​គណៈកម្មការ​ផ្ដល់​ពិន្ទុ​នាង​បាន​ទទួល​ដំណឹង​ថា ទទួល​បាន​ប្រាក់​កម្រៃ​មិន​សម​នឹង​ការ​ប្រឹងប្រែង​នោះ​ទេ ទើប​បណ្ដាល​ឱ្យ​កីឡាករ​ខ្លះ និង​គ្រូ​ជា​គណៈកម្មការ​ខ្លះ​សុំ​ឈប់​ដោយសារ​តែ​ស្មានថា​អ្នក​នាង​ជា​អ្នក​ឱ្យ​កម្រៃ​តិច ។ អ្នក​នាង​ថា​លោក សាន គឹ​ម​ស៊ា​ន រមែង​ទាមទារ​ចំណុច​នេះ​ចំណុច​នោះ​ធ្វើ​ឱ្យ​អ្នក​នាង​ឈឺក្បាល ដោយ​អ្នក​នាង​ថា កីឡាករ​ដែល​មានបទពិសោធន៍ គឺ​ឈ្នះ​៨០​ដុល្លារ និង​ចាញ់​៦០​ដុល្លារ និង​សម្រាប់​កីឡាករ​ថ្មី​ដែល​ហាង​យក​មក​លើក​ស្ទួយ​គឺ​ឈ្នះ​៦០​ដុល្លារ និង​ចាញ់​៤០​ដុល្លារ បូក​រួម​នឹង​ថ្លៃ​ធ្វើ​ដំណើរ​២៥​ដុល្លារ និង​ថ្លៃ​ហូប​ចុក​ទៀត ។

ប៉ុន្តែ​ជាក់ស្ដែង​លោក សាន គឹ​ម​ស៊ា​ន មិន​ឱ្យ​កីឡាករ​ឈ្នះ​ចាញ់​តាម​តម្លៃ​ដែល​ហាង​ផ្ដល់​ឱ្យ​នោះ​ទេ ទើប​ធ្វើ​ឱ្យ​អ្នក​នាង​ទទួលយក​មិន​បាន ដោយសារ​តែ​មាន​កីឡាករ​-​កីឡាការិនី​លើក​ឡើង​ថា មក​ប្រកួត​ក្នុង​ហាង​របស់​អ្នក​នាង​ចង់​ងាប់​ចង់រ​ស់បាន​តែ​២០​ទៅ​៣០​ដុល្លារ​សម្រាប់​មួយ​ប្រកួត ។ អ្នក​នាង​ថា ការ​ប្រកួត​ក្នុងមួ​យស​ប្ដា​ហ៍​ៗ គឺ​អ្នក​នាង​ចំណាយ​ដល់​ពាន់​ដុល្លារ ហើយ​ការ​ពិត​បើ​អ្នក​នាង​មិន​ចង់​លើក​ស្ទួយ​កីឡា​ល្បុក្កតោ គឺ​អ្នក​នាង​យក​សង្វៀន​ដែល​បាន​សាងសង់​នៅ​កណ្ដាល​ភោជនីយដ្ឋាន​នោះ​ច្នៃ​ជា​សង្វៀន​ប្រដាល់សេរី​វិញ​ក៏​បាន​ដែរ តែ​បណ្ដាល​មក​ពី​អ្នក​នាង​យល់​ថា ប្រដាល់​សេរី​មាន​ទីផ្សារ​ហើយ ហើយ​ល្បុក្កតោ​មិន​មានការ​ប្រកួត​ណាមួយ​ក្រៅពី​ការ​សម្ដែង​ទើប​អ្នក​នាង​ប្រកាន់​ជំហរ​នៅ​តែ​ចង់ឱ្យ​សង្វៀន​ក្នុង​ហាង​របស់​អ្នក​នាង​បន្ត​ការ​ប្រកួត​ល្បុក្កតោ ។ អ្នក​នាង​ថា លោក​សាន គឹ​ម​ស៊ា​ន បាន​បង្ក​ផល​រមាស់​ចាប់តាំងពី​អ្នក​នាង​ប្រគល់​សិទ្ធិ​ឱ្យ​ចាត់ចែង​រៀបចំ​ការ​ប្រកួត​ក្នុង​ភោជនីយដ្ឋាន​របស់​អ្នក​នាង​នៅ​ខេត្តសៀមរាប ។ ក្នុង​នោះ​សូ​ម្បី​តែ​លុយ​ស្នើ​ឱ្យ​ទិញ​សម្ភារ​សម្រាប់​ប្រើប្រាស់​ក្នុង​ហាង​ក៏​លោក​កិបកេង​ធ្វើ​ឱ្យ​មាន​បញ្ហា​ផង​ដែរ ។ អ្នក​នាង​ថា បញ្ហា​ដែល​បាន​កើតឡើង គឺ​លោក សាន គឹ​ម​ស៊ា​ន មាន​បញ្ហា​រឿង​លុយកាក់​ជាមួយ​កីឡាករ ពេទ្យ​កីឡាករ និង​អ្នក​ឱ្យ​ពិន្ទុ ដោយ​កញ្ចប់​ប្រាក់​សម្រាប់​ជួល​គ្រូពេទ្យ​ក្នុង​ពេល​ប្រកួត គឺ​លោក​បែរជា​ដាក់​ភរិយា​របស់​ខ្លួន​ដែល​គ្មាន​ជំនាញ​ពេទ្យ​ឱ្យមក​ធ្វើ​ពេទ្យ និង​កិបកេង​លុយកាក់​កីឡាករ​ច្រើន​ទៀត ទើប​មាន​បញ្ហា ។

អ្នក​នាង​ថា ហាង​ដែល​លោក សាន គឹ​ម​ស៊ា​ន ទាមទារ​ឱ្យ​ដូរ​ឈ្មោះ គឺ​អ្នក​នាង​យល់​ថា​ជា​រឿង​ហួសហេតុ ដោយសារ​តែ​ឈ្មោះ «​ល្បុក្កតោ​ក្លិប​»​នេះ គឺ​អ្នក​នាង​បាន​សុំ​ច្បាប់​ពី​ខាង​សហព័ន្ធ និង​ថា​ឈ្មោះ​ល្បុក្កតោ​នេះ មិនមែន​បង្កើត​ឡើង​ដោយ​លោក​សាន គឹ​ម​ស៊ា​ន​នោះ​ទេ ។

អ្នក​នាង​ថា ដរាបណា​សហព័ន្ធ​មិន​ចេញ​បញ្ជា​ឱ្យ​ផ្លាស់​ប្ដូរ​ទេ ហើយ​បើ​មាន​បញ្ហា​ដល់​ថ្នាក់​ត្រូវ​ដូរ​ឈ្មោះ​មែន ក៏​នាង​នៅ​តែ​ប្រកាន់​ជំហរ​បើក​ការ​ប្រដាល់​ឱ្យ​ភ្ញៀវ​មើល​នៅ​ក្នុង​ហាង​ដដែល ដោយ​គ្រាន់តែ​ប្ដូរ​ពី​ល្បុក្កតោ​ទៅ​ជា​ការ​ប្រដាល់សេរី​ជាដើម ដើម្បី​លើកមុខ​លើក​មាត់​វិស័យ​កីឡា ។ អ្នក​នាង​ថា លោក សាន គឹ​ម​ស៊ា​ន ចោទ​ថា អ្នក​នាង​យក​ល្បុក្កតោ​ធ្វើ​អាជីវកម្ម ប៉ុន្តែ​ធាតុ​ពិត​បើ​ហាង​របស់​អ្នក​នាង​មិន​មាន​ល្បុក្កតោ​សម្ដែង ឬ​ប្រកួត​គ្នា​ក៏​ដំណើរការ​បាន​ដោយ​មិន​ពិបាក​នោះ​ដែរ ជា​ពិសេស​នៅ​ពេល​សង្វៀន​របស់​ហាង​ប្ដូរ​ជា​ទម្រង់​ប្រកួត​ប្រដាល់សេរី​អី​វិញ​។ អ្នក​នាង​ថា បើ​លោក សាន គឹ​ម​ស៊ា​ន មិន​មាន​បញ្ហា​ពុក​រលួយ​ក្នុង​ការ​ចាត់ចែង​ការងារ បញ្ហា​ដើរ​ចេញ​របស់​លោក​ក៏​មិនកើត​ឡើង​នោះ​ដែរ​ជា​ពិសេស​បន្ទាប់​ពី​នាង​ទាមទារ​ឱ្យ​កីឡាករ អាជ្ញាកណ្ដាល និង​អ្នកដឹកនាំ​កីឡា​ករ​មក​ប្រកួត​ជាដើម​មក​បើក​លុយ​ដោយ​ផ្ទាល់​ជាមួយ​ហាង ដោយសារ​តែ​អ្នក​នាង​ដឹង​ថា កម្រៃ​ដែល​ពួក​គេ​ត្រូវ​ទទួល​បាន​គឺ​មិន​បាន​គ្រប់​នៅ​ពេល​ប្រគល់​លុយ​ឱ្យ​បើក​តាម​លោក សាន គឹ​ម​ស៊ា​ន ។

អ្នក​នាង​ថា ខ្លួន​មាន​ភស្ដុ​តាង​ទាំង​ឯកសារ និង​ឯកសារ​រស់ ទើប​អ្នក​នាង​ប្រកាស​មិន​ខ្លាច​នោះ​ទេ ដោយ​អ្នក​នាង​បាន​ចាត់​ទុក​ថា លោក សាន គឹ​ម​ស៊ា​ន មាន​បំណង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លើក​ស្ទួយ​ល្បុក្កតោ​ដែល​នាង​ប្រឹង​វិនិយោគ​នោះ​ផង ។

លោក សាន គឹ​ម​ស៊ា​ន មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ​យោង​តាម​អ្វី​ដែល​លោក​អះអាង​គឺ​លោក​សម្រេចចិត្ត​ដើរ​ចេញ​ដោយសារ​តែ​អ្នក​នាង​ពេជ្រ ខេន​ឌី មិន​គោរព​តាម​អ្វី​ដែល​បាន​ព្រមព្រៀង និង​ថា​អ្វី​ដែល​លោក​ទទួលយក​មិន​បាន​គឺ​អ្នក​នាង​បាន​យក​ល្បុក្កតោ​ធ្វើ​ជា​ល្បែងភ្នាល់ និង​ចោទ​ថា អ្នក​នាង​យក​កីឡា​នេះ​ធ្វើ​ជា​អាជីវកម្ម​បណ្ដាល​ឱ្យ​មានការ​ប៉ះពាល់ ។ លោក​ថា នឹង​ស្នើ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ឱ្យ​អ្នក​នាង​ដូរ​ឈ្មោះ​ហាង​ដើម្បី​កុំឱ្យ​យក​ល្បុក្កតោ​ធ្វើ​អាជីវកម្ម​បណ្ដាល​ឱ្យ​មានការ​ប៉ះពាល់​បន្ត​ទៀត ៕