ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ភ្នំ​គូលែន​មាន​តំបន់​កម្សាន្ត​អ្វីខ្លះ ?

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភ្នំ​គូលែន​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន​ដូច​ជា តំបន់​ទឹកធ្លាក់ ព្រះ​អង្គ​ធំ វាល​ស្ដេច​គម្លង់ វាល​ព្រះ​សព ព្រះ​ក្រាល សំពៅ​ធា្ល​យ និង​មាន​ប្រាសាទ តូច​ៗ​ធ្វើ​អំពី​ឥដ្ឋ​ជា​ច្រើន​ទៀត ដែល

ខេត្តសៀមរាប ៖ ភ្នំ​គូលែន​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន​ដូច​ជា តំបន់​ទឹកធ្លាក់ ព្រះ​អង្គ​ធំ វាល​ស្ដេច​គម្លង់ វាល​ព្រះ​សព ព្រះ​ក្រាល សំពៅ​ធា្ល​យ និង​មាន​ប្រាសាទ តូច​ៗ​ធ្វើ​អំពី​ឥដ្ឋ​ជា​ច្រើន​ទៀត ដែល​ជា​កេរដំណែល​ស្នា​ព្រះ​ហ​ស្ថ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ កសាង​ឡើង ។ តំបន់​ភ្នំ​គូលែន មិន​ត្រឹមតែ​ជា​តំបន់​ទេសចរ​ប៉ុណ្ណោះ​ទេ គឺជា​តំបន់កសិកម្ម​ដី​មាន​ជីវជាតិ អាច​ដាំ​ដំណាំ​បាន​គ្រប់​ប្រភេទ​ដូច​ជា ចេក ខ្នុរ ដំឡូង ត្រាវ​…​ប្រកបដោយ​ទិន្នផល​ខ្ពស់ ។

តំបន់​ទឹកធ្លាក់ គឺជា​ប្រភព​ដើម​កំណើត​របស់​ស្ទឹង​សៀមរាប ហូរ​កាត់​កណ្ដាល​ទីរួមខេត្ដ​ចាក់​ឆ្ពោះទៅ​កាន់​បឹង​ទន្លេសាប មានទឹក​ថ្លាយង់​ជាទី​ពេញ​និយម​របស់​ងូត​លេង​កម្សាន្ត ។ ទឹកជ្រោះ​ធ្លាក់​សំយុង​ទៅ​ប៉ះ​នឹង​ថ្មដា​បែក​ផ្កាត្រែង​គួរ​ឱ្យ​ចង់​ទស្សនា ។

នៅ​ក្បែរ​ទឹកជ្រោះ​ធ្លាក់ មាន​ប្រាសាទ​២ ធ្វើ​អំពី​ថ្មបាយក្រៀម​សង់​អម​សងខាង​មាត់​អូរ ដែល​គេ​ឱ្យឈ្មោះ​ថា «​ក្រាល​រមាស​»  ប៉ុន្ដែ​នៅ​ប៉ែក​ខាងលិច​ត្រូវ​ដួល​រលំ និង​បាត់​ថ្ម​អស់​មួយ​ចំនួន​ធំ​នៅ​សល់​តែ​ខឿន​ជញ្ជាំង​បន្ដិចបន្ដួច​ប៉ុណ្ណោះ ។

ចំណែកឯ​ស្រះ​ដំរី​វិញ​មាន​បណ្ដោយ​១៥០​ម៉ែត្រ និង​ទទឹង​៧០​ម៉ែត្រ ជម្រៅ​៣​ម៉ែត្រ ដែល​មាន​រូប​ដំរី តោ ខ្លា ហើយ​រូប​ទាំង​អស់នោះ​សុទ្ធសឹងតែ​រចនា​ចេញពី​ថ្មភ្នំ​ទាំងអស់ ។

ស្ដេច​គម្លង់ តាម​ចាស់​ៗ​តំណាល​ថា ស្ដេច​តម​ថ្នាំ​ព្រោះ​នៅ​ទីនោះ​មាន ឆ្នាំង​ថ្នាំ និង​វត្ថុ​តាង ផ្សេង​ៗ​ទៀត​រាប់​មិន​អស់ ។ វាល​នោះ​ក្រាល​ថ្ម ទំហំ​ធំ ហើយ​ចំ​កណ្ដាល​មាន​អូរ​ហូរ​កាត់ អាង​១ សម្រាប់​មនុស្ស​ពីរ​ទៅ​បី​នាក់​អង្គុយ និង​អាង​១​ទៀត​សម្រាប់​មនុស្ស​ម្នាក់​ចុះ​ងូតទឹក ។

វាល​ព្រះ​សព ជា​វាល​ក្រាល​ថ្ម​ទំហំ​ធំ ។ នៅ​លើ​វាល​នោះ​មាន​ព្រះ​វិហារ​១​តូច​កសាង​ឡើង​ប្រហែល​ក្នុង​សតវត្ស​ទី​១៩ ធ្វើ​អំពី​ឈើ​ប្រក់​ឈើ ។

ព្រះ​ក្រាល ទីនោះ​មាន​ទំហំ​ធំ​ណាស់ ដែល​មាន​ពើង​ថ្ម​ពីរ ពើង​មួយ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ មាន​រូបចម្លាក់​ដាប់ថ្ម​ពើង និយាយ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នា​សម័យ​នោះ រីឯ​ពើង​មួយទៀត​មាន​ដាប់​ឆ្លាក់​រូប​មនុស្ស​៥​នាក់ ត្រឹម​ពាក់កណ្ដាល​ខ្លួន​មក​លើ ។

សំពៅ​ធ្លាយ ជា​ផ្លូវ​បុរាណ​តែ​មើល​ពី​ចម្ងាយ រាងដូចជា​សំពៅ ។ ចាស់​ៗ​តំណាល​ថា ស្ដេច​ចិន​យក​សួយ​សា​អាករ​មក​ថ្វាយ​ស្ដេច​ខ្មែរ ហើយ​ក៏​ជល់​សំពៅ​ធ្លាយ​នៅ​ទីនោះ​ដោយ​សំអាង​ថា នៅ​ទីនោះ មាន​ដើម​ថ្នាំ​ចិន ម្រេច និង​គូលែន ។ រាង​របស់​សំពៅ​នោះ​មាន​បណ្ដោយ​១​គីឡូម៉ែត្រ ទទឹង​៧០​ម៉ែត្រ កម្ពស់​៧០​ម៉ែត្រ ។ នៅ​តំបន់​សំពៅ​ធ្លាយ​មាន​ប្រាសាទ​ជា​ច្រើន​ទៀត ដែល​ប​ច្នុ​ប្បន្ន​នៅ​សេសសល់ ខ្លះ​ៗ ។ ទឹកផុស​ចេញពី​ក្នុង​ដី​តែ​ពុំ​ក្ដៅ​ឡើយ រួម​នឹង​រូបចម្លាក់​លិង្គ និង​ព្រះ​វិស្ណុ​ជា​ច្រើន​ក្នុង​បាត​ស្ទឹង ។

ក្នុងភូមិ​សាស្ដ្រ​តំបន់​ភ្នំ​គូលែន​នៅ​មាន​ប្រាសាទ​ជា​ច្រើន​ទៀត ជា​ប្រាសាទ តូច​ៗ​ធ្វើ​អំពី​ឥដ្ឋ​ព្រោះ​ទីនោះ​នា​អតីតកាល ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ បាន​តាំង​ធានី ហើយ​បាន​បន្សល់​ទុក​កេរដំណែល ជា​ច្រើន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

រមណីយដ្ឋាន​ដែល​មាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប​នេះ​ទាក់ទាញ អ្នកទេសចរ​ទាំង​ខ្មែរ​និង​បរទេស​ទៅ​កម្សាន្ត​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​របស់​ខេត្ដសៀមរាប​។ ដោយហេតុ​ថា ភ្នំ​នេះ​សម្បូរ​ដោយ​ដើម​គូលែន ទើប​ភ្នំ​នោះ​គេ​ឱ្យឈ្មោះ​ថា «​ភ្នំ​គូលែន​» ៕