រាជធានីភ្នំពេញ ៖ អ្នកប្រដាល់កែងឆេះជង្គង់ហោះក្បាលពោះធំ អេ ភូថង ដែលបានឡើងប្រកួតស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅលើសង្វៀនទូរទស្សន៍ភីអិនអិន កាលពីយប់ថ្ងៃទី៤ មិថុនា កន្លងមកនេះ បានយកឈ្នះកីឡាករថៃឈ្មោះKannongsak Lakដោយពិន្ទុក្នុងការប្រកួតត្រឹមតែ៣ទឹកប៉ុណ្ណោះ ខណៈកីឡាករ រឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍បានត្រឹមស្មើពិន្ទុកីឡាករថៃឈ្មោះ Super Chhai ។
លោក អេ ភូថង បានប្រាប់កោះសន្តិភាពថា ការប្រកួតលើកនេះលោកសប្បាយចិត្តខ្លាំងណាស់ដោយសារទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសេ្នហាកីឡាប្រដាល់ ព្រមទាំងទទួលបានការឧបត្ថម្ភជាថវិកាទោះតិចក្ដីច្រើនក្ដីដើម្បីយកទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។
លោក សំណព្វ ប្រធានគ្រប់គ្រងកីឡាប្រចាំស្ថានីយទូរទស្សន៍ភីអិនអិនបានឱ្យដឹងថា ថវិកាដែលប្រមូលបានពីការចូលរួមឧបត្ថម្ភនៅក្នុងការប្រកួតនេះមិនទាន់ដឹងពីចំនួនពិតប្រាកដនោះទេ ព្រោះនៅរង់ចាំក្រែងមានអ្នកជួយឧបត្ថម្ភបន្ត ប៉ុន្តែបើគិតត្រួសៗបានប្រហែលជាង២ពាន់ដុល្លារហើយ ។ ចំណែកថវិកាទាំងអស់នេះក៏មិនទាន់កំណត់ថាត្រូវយកទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃណាដែរ ។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្ដែងការគាំទ្រយ៉ាងខ្លាំងចំពោះលោក អេ ភូថង ដែលមានឆន្ទៈខ្ពស់ក្នុងការលះបង់កម្លាំងកាយចិត្តដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។លោកក៏មានបំណងចង់ឱ្យកីឡាករដែលមានឈ្មោះល្បីជាច្រើននាក់ទៀតធ្វើបែបនេះដែរ ។ចំណែក រឿង សោភ័ណ្ឌ ទោះបីបានត្រឹមស្មើពិន្ទុកីឡាករថៃឈ្មោះ Super Chhai ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយសារភាគីទាំងសងខាងវាយគ្នាមិនដកដៃ ។
រឿង សោភ័ណ្ឌ ដែលចាញ់ប្រៀបកម្ពស់គូប្រកួតបន្តិចនោះ បានព្យាយាមវាយសម្រុកតាំងពីនៅក្នុងទឹកទី១ម៉្លេះ ប៉ុន្តែរាល់ការចូលវាយរបស់គេត្រូវកីឡាករថៃទាត់និងម៉ាត់សងវិញយ៉ាងចាស់ដៃ ។ ការប្រកួតរបស់ពួកគេចំណាយពេល៥ទឹកពេញ ប៉ុន្តែការវាយចូលគ្នាមានលក្ខណៈប្រដំប្រសងទើបគណៈកម្មការរៀបចំការប្រកួតប្រកាសឱ្យស្មើគ្នាតែម្ដង ។
វ័ន្ត ថៃដេ មកពីក្លិបក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានចាញ់ពិន្ទុកីឡាករថៃទាំងមិនអស់ចិត្ត ។ នៅទឹកទី១និងទី២ វ័ន្ត ថៃដេ ហាក់បីដូចជាមានប្រៀបជាងកីឡាករថៃ ប៉ុន្តែកម្លាំងរបស់គេបានស្រុតចុះជាបន្តបន្ទាប់ ខណៈការប្រកួតឈានចូលដល់ទឹកទី៤ និងទី៥ធ្វើឱ្យកីឡាករថៃមានប្រៀបជាងវិញរហូតឈ្នះពិន្ទុតែម្ដង ។ រីឯគូចុងក្រោយកីឡាករ ហ៊ូ សុភា មកពីក្លិបឃ្លាំងមឿងកីឡា បាន
យកឈ្នះពិន្ទុកីឡាករ កែវ សក្ដា មកពីក្លិបកងទ័ពជើងទឹក ៕
ចែករំលែកព័តមាននេះ