រាជធានីភ្នំពេញ ៖ គ្មានអ្នកណាមិនដឹងពីចំណងស្នេហ៍រវាងកីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីរបស់កម្ពុជា គឺ ចាន់ វឌ្ឍនាកា និងកីឡាការិនីហែលទឹករូបស្រស់ កញ្ញា ហែមថុន វិទិនី នោះទេ ដោយសារតែក្នុងពេលនោះអ្នកទាំងពីរបានទាំងប្រើប្រព័ន្ធហ្វេសប៊ុកចែកចាយសម្ព័ន្ធស្នេហ៍របស់ខ្លួន និងបានទាំងឡើងសម្ភាសន៍លើកញ្ចក់ទូរទស្សន៍ផង ។
អ្នកទាំងពីរត្រូវបានគេចាត់ទុកថា ជាគូស្នេហ៍ដ៏គួរឲ្យចាប់អារម្មណ៍ នៅក្នុងវិស័យកីឡា បន្ថែមពីលើកេរ្តិ៍ឈ្មោះដែលបានសាងឡើង ។ ទោះបីយ៉ាងណាចំណងស្នេហ៍ធំធាត់មិនដល់ប៉ុន្មានខែផងក៏ប្រកាសបែកគ្នា ដោយភាគីខាងប្រុស និងខាងស្រីសុទ្ធតែបញ្ជាក់ថា អស់អារម្មណ៍គិតគូរធ្វើឱ្យគេចង់តាមដានថា តើភាគីម្នាក់ៗក្រោយពេលបែកគ្នា នឹងបន្តនៅទំនេរបេះដូង ឬមានស្នេហា
រៀងខ្លួនឆាប់ៗ ។ ទើបតែមុននេះប៉ុណ្ណោះ ដែលកីឡាការិនី ហែមថុន វិទិនី បានប្រកាសនៅលើហ្វេសប៊ុកជាសាធារណៈថា កញ្ញារកឃើញស្នេហាដែលខ្លួនត្រូវយកមកជំនួសចាន់ វឌ្ឍនាកា នោះហើយ ដោយបុរសជាគូស្នេហ៍ថ្មីរបស់នាងគឺជាកីឡាករបាល់ទាត់ជម្រើសជាតិដូចគ្នានឹងគូស្នេហ៍ចាស់របស់នាងដែរ ។
យ៉ាងហោចជាងពាក់កណ្ដាលអ្នកស្នេហាវិស័យកីឡា បានសម្ដែងការចាប់អារម្មណ៍រាល់លើកនៅពេលកីឡាករ ឬកីឡាការិនីល្បីឈ្មោះណាមួយសម្រេចចិត្តធ្វើជាគូស្នេហ៍នឹងគ្នា ។ សូម្បីស្នេហារវាងកីឡាករ វ៉ន វីវ៉ា និងកីឡាការិនីតេក្វាន់ដូ ស៊ន ដាវីន ក៏មានការផ្ដោតការចាប់អារម្មណ៍មិនតិចដែរនារយៈពេលមុន ។ ងាកមកកាន់ដំណឹងស្នេហ៍របស់កញ្ញា ថែមថុន វិទិនី គឺមានមនុស្សមិនតិចទេរមែងចង់ដឹងចង់ឮ ។ នោះគឺដោយសារតែនាងគឺជាកីឡាការិនីស្រស់ស្អាត និងក្មេងវ័យនៅក្នុងវិស័យកីឡា ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់ការហែលទឹក ។ ក្នុងពេលកញ្ញាបើកចំហសម្ព័ន្ធស្នេហ៍ជាមួយកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ម្នាក់ៗជូនពរនាងគ្រប់មាត់ ដោយបានទាំងនិយាយថាមិនយូរនោះទេ អ្នកទាំងពីរនឹងចូលរោងការឱ្យផ្អើលស្រទាប់មហាជននោះផង ។ នៅក្នុងពេលនោះ អ្នកទាំងពីរផ្អែមល្ហែមខ្លាំងណាស់ ដោយសូម្បីតែសារ និងការបង្ហោះផ្សេងៗក៏មិនលាក់លៀមនោះដែរ ដោយសារតែហាក់ប្រាកដចិត្តថានឹងបានរួមរស់ជាមួយគ្នាដោយចំណងអាពាហ៍ពិពាហ៍ ។ មជ្ឈដ្ឋានភាគច្រើនបានបង្ហាញការសាទរចំពោះភាគីទាំងពីរតែក៏មានអ្នកខកចិត្តច្រើនដែរ នៅពេលដឹងថាអ្នកទាំងពីរសម្រេចចិត្តបែកគ្នា ។ យ៉ាងណាមិញ អ្នកខកចិត្តដដែលក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ នៅពេលដឹងថាកីឡាការិនីរូបនេះងាកទៅស្រឡាញ់បុរសថ្មីមកជំនួសបេះដូងចាស់ ហើយបុរសម្នាក់នោះជាកីឡាករបាល់ទាត់ដូចមុន ក្នុងពេលដែលគេដឹងថាកីឡាបាល់ទាត់ និងហែលទឹកមិនសូវបានទាក់ទងគ្នា ។
អ្នកតាមដានជាច្រើនមានការងឿងឆ្ងល់ដែល ហែមថុន វិទិនី បែកពីកីឡាករបាល់ទាត់ម្នាក់ ហើយភ្ជាប់ស្នេហ៍កីឡាករបាល់ទាត់ម្នាក់ទៀត តែនាងបានប្រាប់អ្នកគាំទ្រនាងថា ហេតុផលនៃការស្រឡាញ់គ្នា គឺដោយសារតែលោក សាមឿន ពិដោរ ដែលជាកីឡាករជម្រើសជាតិម្នាក់ក្នុងវិស័យបាល់ទាត់ឱ្យតម្លៃនាង គ្រួសារនាង និងបានយកចិត្តទុកដាក់ចំពោះនាងមិនថានៅខាងក្រៅ និងតាមហ្វេសប៊ុក ។ លោក សាមឿន ពិដោរ បានប្រកាសថា ខ្លួនមានគម្រោងភ្ជាប់ពាក្យជាមួយហែមថុន វិទិនី ប៉ុន្តែគេមិនទាន់ដឹងថាអ្នកទាំងពីរនឹងឈានដល់ចំណុចមួយនោះដូចការអះអាងឬយ៉ាងណាទេ ក្នុងពេលដែលកាលនាងស្រឡាញ់ ចាន់ វឌ្ឍនាកា ក៏ប្រកាសឱ្យដឹងពីភាពច្បាស់លាស់បែបនេះ តែចុងក្រោយមិនដូចមាត់ ។ យ៉ាងណាក៏ដោយ ហែមថុន វិទិនី ហាក់មានជំនឿចិត្តខ្ពស់លើស្នេហាទី២របស់ខ្លួនជាងមុន ដោយនាងបានទាំងប្រកាសថាលោក សាមឿន ពិដោរ ជាបុរសចេះឱ្យតម្លៃនាងដែលអាចឱ្យនាងផ្ញើខ្លួនបានផង ។ ស្នេហាមួយនេះកាន់តែមានការចាប់អារម្មណ៍ក្នុងវិស័យកីឡា តែក៏មានអ្នកប៉ាន់ស្មានថាពិបាកជឿជាក់ពីលទ្ធផលផងដែរ ដោយសារតែអ្នកទាំងពីរនៅក្មេងវ័យដូចគ្នា មិនទាន់ចាស់ចិត្តចាស់គំនិត ។
កីឡាករ ចាន់ វឌ្ឍនាកា មិនឃើញប្រតិកម្មជុំវិញមិត្តរួមក្រុមរបស់លោកបានជំនួសស្នេហារបស់លោកក្នុងជីវិតហែមថុន វិទិនីនោះទេ ប៉ុន្តែមានការអះអាងថា កីឡាកររូបនេះបានដឹងពីរឿងរ៉ាវនេះយូរក្រែលដែរហើយ ដោយលោកថែមទាំងជូនពរដល់នាងឱ្យជួបស្នេហាពិត កុំជួបរឿងបែកបាក់ដូចខ្លួននោះផង ៕
ចែករំលែកព័តមាននេះ