ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រើ​ដង្កូវ​សម្រាប់​លាង​សម្អាត​កាក​សំណល់​អាហារ

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ សត្វ​ដង្កូវ​សរាប់​ម៉ឺន​ក្បាល​វារ​ចុះឡើង​យ៉ាង​លឿន​ទៅ​សម្អាត​សាច់ និង​ផ្លែ​ឈើ ដែល​នៅ​សល់​ក្នុង​កសិដ្ឋាន​ចម្លែក​មួយ​នៅ​ប៉ែក​និរតី​ប្រទេស​ចិន ។ វា​ប្រហែលជា​មិនល្អ​មើល​ទេ ប៉ុន្តែ​វា​អាច​នឹង​ជួយ​ដល់

ប្រទេស​ចិន ៖ សត្វ​ដង្កូវ​សរាប់​ម៉ឺន​ក្បាល​វារ​ចុះឡើង​យ៉ាង​លឿន​ទៅ​សម្អាត​សាច់ និង​ផ្លែ​ឈើ ដែល​នៅ​សល់​ក្នុង​កសិដ្ឋាន​ចម្លែក​មួយ​នៅ​ប៉ែក​និរតី​ប្រទេស​ចិន ។ វា​ប្រហែលជា​មិនល្អ​មើល​ទេ ប៉ុន្តែ​វា​អាច​នឹង​ជួយ​ដល់​ប្រទេស​ចិន ក្នុង​ការ​ដោះស្រាយ​បញ្ហា​កាក​សំណល់​អាហារ​ដែល​គរ​ដូច​ភ្នំ ។

បើ​យោង​តាម​អ្នកជំនាញ​ឲ្យ​ដឹង​ថា ដង្កូវ​មួយ​ក្បាល​អាច​ស៊ី​កាក​សំណល់​ច្រើន​ជាង​ទំហំ​ខ្លួន​របស់​វា​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ។ កសិដ្ឋាន​ក្នុង​ខេត្ត Sichuan នេះ នឹង​ធ្វើ​ឲ្យ​ដង្កូវ​ទាំងនោះ​ក្លាយជា​ចំណី​សត្វ​ដែល​មាន​ប្រូ​តេ​អុ​ី​ន​ខ្ពស់ ហើយ​ប្រើប្រាស់​លាមក​របស់​ដង្កូវ​សម្រាប់​ធ្វើ​ជា​ជីធម្មជាតិ​វិញ​ផង​ដែរ ។

លោក Hu Rong អ្នកគ្រប់គ្រង​កសិដ្ឋាន​មួយ​នៅ​ជិត​ទីក្រុង Pengshan និយាយ​ថា ៖ « ដង្កូវ​ទាំងនោះ​មិន​គួរ​ឲ្យ​ខ្ពើម​ទេ ។ វា​កំពុង​តែ​គ្រប់គ្រង​កាក​សំណល់​អាហារ ។ អ្នក​ត្រូវ​តែ​មើល​មក​វា​ពី​ជ្រុង​មួយទៀត » ។

គួរ​បញ្ជាក់​ថា ដង្កូវ​ទាំងនោះ​មិន​មាន​កង្វះខាត​អាហារ​ទេ ដោយ​ប្រជាជន​ម្នាក់​ៗ​បោះចោល​អាហារ​ប្រមាណ​យ៉ាងតិច​៣០​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ ខណៈ​ចិន​មាន​ប្រជាជន​សរុប​ស្មើ​១,៤​ប៊ី​លាន​នាក់ ។
លោក Hu និយាយ​ថា ៖ « ជា​មធ្យម ដង្កូវ​១​គីឡូក្រាម​អាច​ស៊ី​កាក​សំណល់​បាន​២​គីឡូក្រាម​ក្នុង​រយៈពេល​៤​ម៉ោង » ។

លោក Hu បាន​ទិញ​អាហារ​ដែល​គេ​បោះចោល​ពី Chengwei Environment ជា​ក្រុមហ៊ុន​ប្រមូល​កាក​សំណល់​ពី​ភោជនីយដ្ឋាន​ចំនួន​២​ពាន់​កន្លែង​ក្នុង​ទីក្រុង Chengdu ។

បើ​តាម​អង្គការ​អាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ (FAO) ឲ្យ​ដឹង​ថា ១​ភាគ​៣​នៃ​អាហារ​ដែល​ត្រូវ​បាន​ផលិត​សម្រាប់​ការ​ទទួលទាន​របស់​មនុស្ស​ជា​រៀង​រាល់​ឆ្នាំ ឬ​ស្មើនឹង​១,៣​ប៊ី​លាន​តោន​ត្រូវ​បាន​បោះចោល ខណៈ​មាន​ប្រជាជន​ប្រមាណ​៨៧០​លាន​នាក់​កំពុង​ជួប​ប្រទះ​កង្វះ​អាហារ ។ ជា​រៀង​រាល់​ឆ្នាំ ប្រទេស​ចិន​មាន​កាក​សំ​ណា​ល់​អាហារ​ប្រមាណ​៤០​លាន​តោន ។

លោក Wang Jinhua នាយក​ក្រុមហ៊ុន Chengwei Environment និយាយ​ថា ៖ «​ពេល​អ្នក​អញ្ជើញ​នរណា​ម្នាក់​ទៅ​បរិភោគ​ក្នុង​ភោជនីយដ្ឋាន តាម​ទំនៀមទម្លាប់ គឺ​អ្នក​ត្រូវ​តែ​កុម្ម​ង់​អាហារ​ច្រើន​ជាង​តម្រូវការ ដើម្បី​បង្ហាញ​ពី​ចិត្ត​ស្មោះ ។ ជា​លទ្ធផល អាហារ​នៅ​សល់​ត្រូវ​បាន​បោះចោល » ។

យ៉ាងណា​ក្តី ដង្កូវ​ទាំងនោះ​អាច​ធ្វើ​អ្វី​បាន​ច្រើន​ទៀត ក្រៅពី​សម្អាត​កាក​សំណល់ ។ ពេល​វា​ធំធាត់ ដង្កូវ​មួយ​ចំនួន​ត្រូវ​បាន​លក់​ទាំង​រស់ ឬ​បន្ទាប់​ពី​ហាល​វា​ឲ្យ​ស្ងួត ដើម្បី​ធ្វើ​ជា​ចំណី​សត្វ​ដូច​ជា មាន់ ត្រី និង​អណ្តើក​ជាដើម ។ លាមក​ដង្កូវ ក៏​អាចយ​កមក​ប្រើ​ធ្វើ​ជីធម្មជាតិ​សម្រាប់​ធ្វើ​កសិកម្ម​ផង​ដែរ ។

ចិន កា​ណា​ដា អូស្ត្រាលី និង​អាហ្វ្រិក​ខាងត្បូង ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​អាច​ឲ្យ​ចំណី​សត្វ​បក្សី និង​ត្រី ដោយ​ប្រើប្រាស់​សត្វល្អិត​បាន​ដោយ​ស្របច្បាប់ ៕