ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប​សុភា​នូ​ថា ប្រពន្ធ​លែង​មើល​មុខ ​និង​បង្ខំ​ឱ្យ​បិទ​ក្លិប​រាល់ថ្ងៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​ប្រដាល់​មិន​មាន​អ្នក​ណា​មិន​ស្គាល់ឈ្មោះ​ក្លិប​សុភា​នូ នៅ​ម្ដុំ​ច្បារ​អំពៅ​នោះ​ទេ ដោយសារ​តែ​ក្លិប​មួយ​នេះ​ដឹកនាំ​ដោយ​គ្រូបង្វឹក​ល្បីឈ្មោះ​គឺ​លោក ម៉ៃ សុភា និង​ជា​ក្លិប​ដែល​បាន​បណ្ដុះ​សិស្ស​

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​ប្រដាល់​មិន​មាន​អ្នក​ណា​មិន​ស្គាល់ឈ្មោះ​ក្លិប​សុភា​នូ នៅ​ម្ដុំ​ច្បារ​អំពៅ​នោះ​ទេ ដោយសារ​តែ​ក្លិប​មួយ​នេះ​ដឹកនាំ​ដោយ​គ្រូបង្វឹក​ល្បីឈ្មោះ​ គឺ​លោក ម៉ៃ សុភា និង​ជា​ក្លិប​ដែល​បាន​បណ្ដុះ​សិស្ស​ច្រើន​នាក់​ក្លាយ​ខ្លួន​ជា​កីឡាករ​ល្បីឈ្មោះ ។ យ៉ាងណា​ក៏​ដោយ បើ​ក្រឡេក​ទៅ​មើល​ពី​ស្ថានភាព​របស់​ក្លិប​វិញ គឺ​យ៉ាប់​យុ​ឺ​ន​ខ្លាំង​ណាស់ សូ​ម្បី​តែ​សិស្ស​របស់​លោក​មាន​របួស​បាក់​ខ្ទង់ច្រមុះ ក៏​មិន​មាន​លទ្ធភាព​ជួយ​រហូត​លោក​ដាច់​ចិត្ត​អំពាវនាវ​តាម​ហ្វេ​ស​ប៊ុ​ក បើ​ទោះជា​លោក​លុប​ចោល​ភ្លាម​ៗ ក្រោយ​ពី​ផុស​បាន​មួយ​ប្រាវ ដែល​ទំនងជា​មានការ​ដាក់​សម្ពាធ​ពី​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ក្នុង​វិស័យ​កីឡា​ហើយ ។ លោក​សារភាព​ថា ការ​បង្កើត​ក្លិប​រាល់ថ្ងៃ គឺ​ឈាន​ដល់​ដំណាក់កាល​ភរិយា​លែង​មើល​មុខ​ហើយ ដោយសារ​មិន​ត្រឹមតែ​មិន​បាន​លុយ​ពី​ការ​បង្កើត​ក្លិប ថែមទាំង​យក​ប្រាក់ខែ​ពី​ការងារ​ជា​ប៉ូលិស​ប៉ុស្ដិ៍​វាល​ស្បូវ​មក​ចំណាយ​ថែម​ទៀត​ផង ។

លោក ម៉ៃ សុភា និយាយ​ថា ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​លោក​មិន​មាន​ជីវភាព​ណាមួយ​ធំដុំ​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​ស្រឡាញ់ និង​ចង់​លើក​ស្ទួយ​វិស័យ​មួយ​នេះ ទើប​ចេះ​តែ​ប្រឹង​តស៊ូ ដោយ​​ក្នុង​ពេល​ខ្លះ​ក៏​ត្រូវ​ដើរ​សុំ​ជំនួយ​ពី​អ្នក​ស្រឡាញ់​កីឡា ដើម្បី​ទ្រទ្រង់​កូនសិស្ស​ក្នុង​ក្លិប​នោះ​ផង ។ លោក​ថា ក្នុង​តំណែង​ជា​គ្រូបង្វឹក​លោក​ត្រូវ​រ៉ាប់រង​ការងារ​ច្រើន ជា​ពិសេស​គឺ​ការ​អំពាវនាវ​ឱ្យ​កូនសិស្ស​ចូល​ហ្វឹកហាត់ ការ​កែប្រែ​កូនសិស្ស​ពី​ដើរ​លេង​ច្រើន​ឱ្យ​ក្លាយជា​អ្នក​ចង់​ហាត់ និង​ការ​ដោះស្រាយ​តម្រូវការ​ផ្សេង​ៗ​ដែល​កើត​មាន​ចំពោះ​កីឡាករ​ជាដើម ។ លោក​ថា កីឡាករ​ភាគច្រើន​មិនមែន​ជា​ក្មេង​ទទួល​បានការ​សិក្សា​ជ្រៅជ្រះ​នោះ​ទេ ដោយ​មួយ​ចំនួន​ជា​ក្មេង​ដើរ​លេង​ច្រើន ម៉ែឪ​យក​មក​ផ្ញើ និង​មួយ​ចំនួន​ទៀត​ជា​ក្មេង​ដែល​ឈាន​ដល់​ប្រើ​គ្រឿងញៀន​ផង ដែល​មិន​ខុស​ពី​យក​ក្លិប​របស់​លោក​ធ្វើ​ជា​កន្លែង​បន្សាប ដើម្បី​ឱ្យ​ពួក​គេ​ងាក​មក​ស្រឡាញ់​កីឡា និង​ការ​ហាត់ប្រាណ​វិញ ។ ជាក់ស្ដែង​មាន​សិស្ស​ច្រើន​ណាស់​ដែល​លោក​ប្រឹងប្រែង​កែប្រែ​ឱ្យ​ពួក​គេ​បាន​ក្លាយជា​មនុស្ស​ល្អ និង​ជា​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​រេញ ប៉ុន្តែ​ឡើង​ប្រកួត​បាន​តែ​មួយ​ប្រាវ​ក៏​សុំ​លាឈប់ ។ លោក​ថា ការងារ​បើក​ក្លិប​មិន​ខុស​ពី​មណ្ឌល​ក្មេង​មួយ​ដែល​ត្រូវ​ប្រឈម​នូវ​ការ​លំបាក​​ច្រើន​នោះ​ទេ ជា​ពិសេស​នៅ​ពេល​កីឡាករ​រស់នៅ​ជុំ​គ្នា​ច្រើន​ដែល​ត្រូវការ​អង្ករ ម្ហូប និង​ពេល​កីឡាករ​គ្មាន​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​ប្រកួត​ធ្វើ​ឱ្យ​លោក​មិន​មាន​កីឡាករ​ឡើង​រេញ​ច្បាស់​លាស់ ។ លោក​ថា កូនសិស្ស​មិន​ច្រើន​ទេ​ដែល​ងប់ងុល​នឹង​ការ​ហ្វឹកហាត់ ដោយសារ​តម្លៃ​កីឡា​មិន​ទាន់​ដល់​កម្រិត​ត្រូវ​នឹង​ការ​ទាមទារ ស្របគ្នា​កីឡាករ​រាល់ថ្ងៃ​មាន​ច្រើន​ដែល​មិន​អាច​ឱ្យ​កីឡាករ​ម្នាក់​ឡើង​រេញ​បាន​ច្រើន​ដង ។

លោក​ថា ក្លិប​របស់​លោក​ល្បី​តែ​ឈ្មោះ​ប៉ុណ្ណោះ ប៉ុន្តែ​កង្វះខាត​គឺ​មាន​រាប់​មិន​អស់ ដោយសារ​តែ​គ្មាន​ជំនួយ​ពី​ខាង​ណា​ជ្រោមជ្រែង​ជា​ប្រចាំ ហើយ​បើ​មាន​ជំនួយ​ពី​សប្បុរសជន​ក៏​មាន​តែ​បន្តិចបន្តួច​ដែល​ទទួល​បាន​ពី​ខាង​សហព័ន្ធ ឬ​ពី​ខាង​អ្នក​ស្រឡាញ់​កីឡា​មួយ​ដំបស្វា​ប៉ុណ្ណោះ ។ លោក​ថា រាល់ថ្ងៃ​មិន​ដែល​បាន​លុយ​ពី​ប្រដាល់​មក​ចាយវាយ ឬ​ចាត់ចែង​ក្នុង​ក្លិប​នោះ​ទេ ដោយសារ​តែ​ការងារ​បើក​ក្លិប​ទទួល​បាន​តែ​ចំណែក​តិច​ៗ​ពី​ការ​ដាក់​សិស្ស​ឱ្យ​ឡើង​រេញ តែបើ​សម្លឹង​មើល​ពី​ការ​ចំណាយ​គឺ​ចង់​វ័ណ្ឌក ។ លោក​សារភាព​ថា យក​លុយ​ដែល​រកបាន​ពី​ការងារ​ប៉ូលិស​មក​ចាត់ចែង​ក្នុង​ក្លិប​ជា​ប្រចាំ ដោយសារ​តែ​រាល់ថ្ងៃ​មាន​សិស្ស​៨​នាក់​ដេក​នៅ​ជាមួយ​ដែល​តម្រូវ​ឱ្យ​លោក​ត្រូវ​ដោះស្រាយ​រឿង​ម្ហូបអាហារ ហើយ​សិស្ស​ជាង​១០​នាក់​ផ្សេង​ទៀត​ដែល​នៅ​ខាងក្រៅ ថ្វី​ដ្បិតថា​មិនមែន​ជា​បន្ទុក តែ​ក៏​ត្រូវ​ឱ្យ​លោក​ដោះស្រាយ​យូរ​ៗ​ម្ដង​ដូច​ជា​ពេល​ពួក​គេ​ឡើង​រេញ​មាន​របួស​ជាដើម ។ លោក​ថា រាល់ថ្ងៃ​ភរិយា​ជំរុញ​ឱ្យ​លោក​បិទ​ក្លិប តែ​ដោយសារ​តែ​លោក​ចេះ​តែ​ស្រឡាញ់​ហើយ​ស្ដាយ​ស្រណោះ​មិន​ចង់ឱ្យ​ក្លិប​ដែល​លោក​ប្រឹងប្រែង​កសាង​កេរ្តិ៍ឈ្មោះ​រលាយ​បាត់​ទៅ​វិញ ទើប​ស្ថានភាព​គ្រួសារ​គឺ​មាន​តែ​យ៉ាប់​យឺ​ុ​ន​ទៅ​ៗ ព្រោះតែ​លោក​អស់​មាន​លទ្ធភាព​រក​លុយ​ទៅ​ផ្គត់ផ្គង់​ប្រពន្ធ​កូន តែ​បែរជា​ខ្វល់​តែ​រឿង​ក្លិប​ជាង​ទៅ​វិញ ។ លោក​ប្រកាស​ថា​នឹង​តស៊ូ​ដំណើរការ​ក្លិប​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ តែ​លោក​ក៏​មិន​ទាន់​ប្រាកដ​ថា​នឹង​អាច​ដំណើរការ​បាន​ដល់​ពេល​ណា​នោះ​ដែរ ក្នុង​ពេល​ដែល​លោក​ក៏​ប្រឈម​នឹង​ការ​ចូល​និវត្តន៍​ពី​ការងារ​ប៉ូលិស ហើយ​ប្រាក់​ចំណូល​ក្នុង​ក្លិប​ក៏​តិចតួច ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​ទី​២៦ ឧសភា បាន​អំពាវនាវ​ស្វែងរក​ថវិកា​ជួយ​ដល់​កីឡាករ អ៊ុយ សុខ​គង់ ដែល​បាន​ឡើង​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ហើយ​មាន​របួស​បាក់​ខ្ទង់ច្រមុះ​ធ្ងន់ធ្ងរ ។ លោក​បាន​ទាំង​ដាក់​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ដើម្បី​ឱ្យ​មានការ​បរិច្ចាគ​នោះ​ផង ដោយសារ​តែ​លោក​ប្រកាស​ថា​ខ្លួន​មិន​មាន​លទ្ធភាព​ព្យាបាល​កូនសិស្ស និង​ស្ដាយ​កីឡាករ​ល្អ​ដែល​មាន​របួស​ពី​ការ​ប្រកួត​ដែល​លោក​មិន​ចង់ឱ្យ​គេ​បាក់ទឹកចិត្ត ។ លោក​ថា ក្រោយ​សិស្ស​ឈ្មោះ អ៊ុយ សុខ​គង់ ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​ទី​២៦ ឧសភា កូនសិស្ស​របស់​លោក​ដេក​ឈឺ​ដោយសារ​តែ​បាក់​ខ្ទង់ច្រមុះ​ហើយ​មិន​មាន​លទ្ធភាព​ព្យាបាល ។ លោក​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​កូនសិស្ស​របស់​លោក​មាន​របួស​ហើយ​ខ្វះ​ប្រាក់​ព្យាបាល ដោយ​ស្ថានភាព​នេះ​បាន​ទាំង​ធ្វើ​ឱ្យ​កូនសិស្ស​របស់​លោក​ច្រើន​នាក់​បាត់បង់​កម្លាំងចិត្ត ហើយ​បោះបង់​អាជីព​ប្រដាល់​នោះ​ផង ។ លោក​ថា កូនសិស្ស​របស់​លោក​មិន​ទាន់​ទទួល​បាន​ជំនួយ​ណាមួយ​ក្នុង​ការ​ព្យាបាល​ខ្ទង់ច្រមុះ​ដែល​បាក់​នោះ​ទេ តែ​លោក​បាន​ប្រមែប្រមូល​លុយ​ផ្ទាល់ខ្លួន និង​លុយ​ដែល​កីឡាករ​ប្រកួត​បាន​១៥​ម៉ឺន​រៀល​ផ្សំ​បាន​ជាង​៤០​ម៉ឺន​រៀល​ឱ្យទៅ​ព្យាបាល ។
លោក​ថា បាន​ត្រឹមតែ​ដាក់​វិក្កយបត្រ​ទៅ​ឱ្យស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​សហព័ន្ធ​ប៉ុណ្ណោះ តែ​ត្រង់​បាន​លុយ​ពេល​ណា ហើយ​បាន​លុយ​គ្រប់​ចំនួន​ឬ​អត់ គឺ​មិន​ទាន់​ដឹង​ទេ ។ លោក​ថា រាល់​ការ​អំពាវ​ទទួល​បាន​ជំនួយ​តិច​ណាស់​ជា​ពិសេស​ចំពោះ​ករណី​កីឡាករ អ៊ុយ សុខ​គង់ មាន​របួស​គឺ​មិន​មាន​សប្បុរសជន​ណា​ម្នាក់​ផ្ដល់​ជំនួយ​នោះ​ទេ ។ ទោះបី​យ៉ាងណា លោក​នៅ​តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​បន្ត​អាជីព​បើក​ក្លិប​ប្រដាល់ បើ​ទោះជា​ភរិយា​របស់​លោក​មិន​ពេញចិត្ត​នឹង​ការងារ​នេះ ហើយ​បង្ខំ​រាល់ថ្ងៃ​ឱ្យ​លោក​បិទ​ក្លិប​ក៏​ដោយ ៕