មនុស្សជាច្រើនចូលចិត្តការដើរកម្សាន្ត ប៉ុន្តែការដើរកម្សាន្តទៅទីកន្លែងផ្សេងៗ ក៏គួរតែយល់ដឹងពីវប្បធម៌នៃទីកន្លែងនីមួយៗថា បែបណាខ្លះ បើមិនដូច្នោះទេ អ្នកអាចនឹងធ្វើអ្វីខុសពីវប្បធម៌របស់ទីន្លែងទាំងនោះ ។ នេះជា៧ចំណុចហាមធ្វើដាច់ខាតពេលទៅដល់ប្រទេសមួយចំនួន ព្រោះគេចាត់ទុកថា មិនសុភាព ។
១-ហាមធ្វើសញ្ញា OK នៅប្រទេសប្រេស៊ីល៖
មនុស្សភាគច្រើននៅតែមិនយល់ថា ហេតុអ្វីចាំបាច់ត្រូវហាមឃាត់ ព្រោះនៅក្នុងប្រទេសប្រេស៊ីល ការធ្វើសញ្ញាបែបនេះមានន័យថា ជាការរករឿង ឬមានអត្ថន័យដូចគ្នាជាមួយការលើកម្រាមដៃកណ្តាល ។
២-ហាមឲ្យអំណោយដោយដៃឆ្វេងតែម្ខាងក្នុងប្រទេសខ្លះ ៖
នៅក្នុងប្រទេសមួយចំនួនដូចជា ឥណ្ឌា អាហ្វ្រិក ស្រីលង្កា និងប្រទេសនៅភាគខាងកើតកណ្តាល ចាត់ទុកថា ដៃឆ្វេង គឺជាដៃដែលកខ្វក់ ព្រោះយើងតែងប្រើប្រាស់ដៃឆ្វេងនេះចាប់អ្វីមិនល្អជាច្រើនយ៉ាង ។
៣-កុំឲ្យផ្កាជាលេខគូដល់ជនជាតិរុស្ស៊ី ៖
នៅក្នុងប្រទេសរុស្ស៊ី ផ្កាចំនួនលេខគូត្រូវបាននាំមកប្រើប្រាស់តែក្នុងពិធីបុណ្យសពប៉ុណ្ណោះ ហើយប្រសិនបើយើងធ្វេសប្រហែសយកផ្កាចំនួនគូ ធ្វើជាអំណោយដល់ជនជាតិរុស្ស៊ី វានឹងក្លាយជាការដាក់បណ្ដាសាឲ្យអ្នកទទួលឆាប់ស្លាប់ ។
៤-នៅអារ៉ាប៊ីសាអូឌីត ហាមជជែកជាមួយភេទផ្ទុយគ្នានៅមុខអ្នកដទៃ ៖
អ្នកដែលហ្មត់ចត់ខ្លាំងខាងសាសនា និងដើម្បីការពារមិនឲ្យកើតរឿងខុសសីលធម៌ផ្សេងៗ ទើបមានច្បាប់ហាមឃាត់ស្ត្រី មិនឲ្យចាប់ដៃស្វាគមន៍ជាមួយបុរសផ្សេង ដែលមិនមែនជាស្វាមីរបស់ខ្លួននៅមុខសាធារណជន ។
៥-មាយាទនៅលើតុអាហារ ៖
នៅក្នុងប្រទេសចិន ប្រសិនជាយើងញ៉ាំអាហារអស់ពីចាន មានន័យថា គេផ្តល់អាហារដល់យើងមិនគ្រប់គ្រាន់ ។ ហេតុនេះ មិនថាអាហារនោះឆ្ងាញ់យ៉ាងណាក្តី គឺត្រូវញ៉ាំឲ្យនៅសល់ខ្លះជានិច្ច និងញ៉ាំបណ្តើរ ជជែកគ្នាបណ្តើរ ដោយមានអាហារនៅក្នុងមាត់ មានន័យថា អាហារនោះឆ្ងាញ់ណាស់ ហើយបើភើចេញខ្យល់ពីមាត់ បានន័យថា ឆ្អែតហើយ ។
៦-ហាមលើកមេដៃនៅប្រទេសភាគខាងកើតកណ្តាល ៖
ការផ្តល់សញ្ញាតស៊ូរបស់ពួកទេសករក្នុងសម័យរ៉ូម៉ាំងអស់រាប់ពាន់ឆ្នាំមកហើយ ដែលជាការកំណត់ថា បុគ្គលនោះនឹងរស់ឬស្លាប់ ។ បើលើកដៃឡើង នឹងរស់រានមានជីវិត ប៉ុន្តែបើលើកមេដៃ គឺបុគ្គលនោះនឹងត្រូវគេសម្លាប់ ។ ហេតុនេះហើយ ទើបគេមិននិយមធ្វើបែបនេះដាក់គ្នា ។
៧-ហាមលាបាតដៃនៅមុខជនជាតិក្រិកដាច់ខាត ៖
ជាទូទៅ បើយើងបរិភោគអាហារឆ្អែតហើយ តែងតែលាបាតដៃប្រាប់ថា គ្រប់គ្រាន់ហើយ មិនទទួលទៀតទេ ប៉ុន្តែបើលាបាតដៃបែបនេះនៅមុខជនជាតិក្រិក ពួកគេចាត់ទុកថា គឺជាការមើលងាយមើលថោកយ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ