ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដើរ​ឆ្លងស្ពាន​អាកាស​ថ្មើរជើង​មាន​អារម្មណ៍​ខ្លាច ព្រោះ​ក្មេង​ហិតកាវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងស្ពាន​អាកាស​ថ្មើរជើង​ជម្ពូ​វ័ន បាន​សម្ដែង​នូវ​ការ​ភ័យ​ខ្លាច​ក្រុម​យុវជន​ហិតកាវ​ដែល​នាំ​គ្នា​ឡើង​ទៅ​អង្គុយ​ហិតកាវ​នៅ​ស្ពាន​នោះ ជា​ពិសេស

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងស្ពាន​អាកាស​ថ្មើរជើង​ជម្ពូ​វ័ន បាន​សម្ដែង​នូវ​ការ​ភ័យ​ខ្លាច​ក្រុម​យុវជន​ហិតកាវ​ដែល​នាំ​គ្នា​ឡើង​ទៅ​អង្គុយ​ហិតកាវ​នៅ​ស្ពាន​នោះ ជា​ពិសេស​ពេល​យប់ ហើយ​ពួក​គាត់​ធ្លាប់​ជួប​ប្រទះ​ពួក​គេ​ច្រើន​ដង​មក​ហើយ ទើប​មានការ​ព្រួយបារម្ភ ។

គួរ​បញ្ជាក់​ថា ស្ពាន​អាកាស​ថ្មើរជើង​ជម្ពូ​វ័ន មាន​២​ខ្សែ​ដែល​១​ខ្សែ​ខាងលិច ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន និង​មុខ​ផ្សារ​ជម្ពូ​វ័ន​តែ​ម្ដង ចំណែក​១​ខ្សែ​ខាងកើត ស្ថិត​នៅ​ត្រង់ ចំណុច​មុខ​វិទ្យាល័យ ហ៊ុន សែន​ជម្ពូ​វ័ន ហើយ​មាន​ទីតាំង​ស្ថិត​នៅ​កាត់​ទទឹង ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ពាន​ទាំង​ពីរ​ខ្សែ​នេះ ទើបត្រូវ​សាលា​រាជធានី​ភ្នំពេញ សាងសង់​រួចរាល់ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រយៈពេល​ប្រហែល​ជិត​១​ខែ​មុន​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​និយាយ​ថា ស្ពាន​អាកាស​ថ្មើរជើង​នេះ មាន​សារសំខាន់​ខ្លាំង​ណាស់​ដែល​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ព្រោះ​ពួក​គាត់​អស់​ការ​ព្រួយបារម្ភ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ហើយ ខុស​ពី​ពេល​មុន​ដែល​ដើរ​ឆ្លងផ្លូវ​ម្ដង​ៗ​មានការ​ភ័យ​ខ្លាច​ត្រូវ​រថយន្ត ឬ​ម៉ូតូ​បុក ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក្ដី​កង្វល់​ជា​ថ្មី​នោះ គឺ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​ក្រុម​អ្នក​ហិតកាវ​ធ្វើបាប ព្រោះ​តែងតែ​ឃើញ​ជន​ញៀន​កាវ​ទាំងនោះ ស្ថិត​នៅ​លើ​ស្ពាន​អាកាស​នោះ​ក្នុង​ស្ថានភាព​រញ៉េរញ៉ៃ គួរ​ឲ្យ​ខ្លាច ថ្វី​ដ្បិតតែ​ពេល​នេះ​មិន​ទាន់​មាន​បញ្ហា ប៉ុន្តែ​គង់តែ​នៅ​ថ្ងៃ​ណាមួយ​មាន​បញ្ហា​មិន​ខាន​ទេ ។ ដូច្នេះ​ពួក​គាត់​សូម​ឲ្យ​អាជ្ញាធរ និង​កម្លាំង​នគរបាល​ជួយ​សម្រួល​បញ្ហា​នេះ​ផង ដើម្បី​កុំ​ឲ្យ​មាន​បទល្មើស​កើតឡើង​ដល់​អ្នក​ដើរ​ឆ្លងស្ពាន​ខាងលើ​នេះ និង​សំណូមពរ​មួយទៀត​ពួក​គាត់​ចង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ជួយ​សាងសង់​ដំបូល​ស្ពាន​ទាំង​ពីរ​នោះ​ផង​។

ទាក់ទិន​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ ត្រូវ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក​ធ្លាប់​ឮ​និយាយ​ត​ៗ​គ្នា​ថា មាន​ក្រុម​ក្មេង​ហិតកាវ​នៅ​លើ​ស្ពាន​នោះ​ដែរ ប៉ុន្តែ​កម្លាំង​ចុះ​ទៅ​មើល​អត់​មាន​ឃើញ​ទេ សូ​ម្បី​ម្នាក់​ក៏​គ្មាន​ផង ហើយ​រាល់ពេល​ល្បាត​ពេល​យប់ កម្លាំង​តែង​ត្រួតពិនិត្យ​នៅ​ទីនោះ​ជា​ប្រចាំ  ប៉ុន្តែ​មិន​ដែល​បានឃើញ​នោះ​ដែរ ។ ទើប​សង្ស័យ​ថា ក្មេង​ហិតកាវ​ទាំងនោះ​ដើរ​ឆ្លងកាត់​ទីនោះ​តែ​ប៉ុណ្ណោះ តែ​ទោះជា​បែប​ណា​កម្លាំង​និង​ពិនិត្យ​មើល​បន្ត​ទៀត ដូច្នេះ​សូម​បងប្អូន​កុំ​ភ័យ​ខ្លាច​អី បើ​មាន​មែន​កម្លាំង​នឹង​ចាប់​ភ្លាម ហើយ​សុំ​ឲ្យ​បងប្អូន​ជួយ​ផ្ដល់​ដំណឹង ប្រសិនបើ​ឃើញ​ក្មេង​ហិតកាវ​ទាំងនោះ​មែន​៕