រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នេះលោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ដែលជាប្រធានផលិតកម្មវិធីប្រចាំនៅទូរទស្សន៍ CTN បានប្រគល់ថវិកាជាង៥ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។ លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានប្រគល់ប្រាក់ចំនួន៥ម៉ឺនដុល្លារដល់មន្ទីរពេទ្យគន្ឋបុប្ជា ជាការជួយដល់សង្គមលោកតាវ៉ិចទ័រ បានខិតខំរៃអង្គាសជាមួយសិល្បៈកររហូតបានសម្រេចគោលដៅជួយដល់សង្គមដែលនេះជាសកម្មភាពមនុស្សធម៌ថ្មីមួយទៀតរបស់ក្រុមកំប្លែងស៊ីធីអិន ។
នេះជាថវិកាដែលក្រុមការងាររបស់លោកប្រមូលបានពីការរៃអង្គាសតាមបណ្ដាខេត្ត និងតាមរយៈការចូលរួមពីសប្បុរសជនកន្លងមក ។ នៅក្នុងវេទិកានោះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាកំប្លែងល្បីៗដែលសុទ្ធតែបានរួមចំណែកដើររៃអង្គាសថវិកាក្នុងយុទ្ធនាការនោះ ។ លោកតាវ៉ិចទ័រនិយាយថា នេះមិនមែនជាលើកទី១នោះទេសម្រាប់ក្រុមលោកដែលបានប្រមូលលុយពីបណ្ដាសប្បុរសជនដើម្បីគន្ធបុប្ផា ដោយលើកទី១ធ្លាប់ប្រគល់ទឹកប្រាក់ប្រមាណជា២០ម៉ឺនដុល្លារម្ដងរួចហើយ ។
លោកបានពន្យល់ពីមូលហេតុធ្លាក់ចុះទឹកប្រាក់សម្រាប់ការប្រគល់លើកនេះថា គឺដោយសារតែលោកបានបង្វែរឲ្យម្ចាស់ជំនួយដែលធ្លាប់ជួយមុនៗយកថវិកាមកជូនមន្ទីរពេទ្យដោយផ្ទាល់វិញ ។ លោកក៏បានអំពាវនាវឲ្យបន្តសកម្មភាពមួយនេះឲ្យកាន់តែខ្លាំងដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ជាពិសេសតារាដែលមិនទាន់បានរួមចំណែកណាមួយនៅឡើយ ៕
ចែករំលែកព័តមាននេះ