ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ភ្នំ​ប្រុស ភ្នំ​ស្រី កសាង​សមិទ្ធផល​ច្រើន​ទាក់ទាញ​អ្នកទេសចរ​ទៅ​កម្សាន្ត

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ភ្នំ​ប្រុស​ភ្នំ​ស្រី​ស្ថិត​ក្នុង​ឃុំ​ក្រឡា និង​ឃុំ​អំពិល ស្រុក​កំពង់សៀម មាន​ប្រ​វ​តិ្ត​រឿងព្រេង​និទាន ត​ៗ​គ្នា​ថា បុរស និង​ស្ត្រី​បបួល​ភ្នាល់​គ្នា​លើក​ភ្នំ ហើយ​ខាង​ស្រី​ជា​អ្នក​ឈ្នះ​បុរស ។ ភ្នំ​ប្រុស​ភ្នំ​ស្រី​ត្រូវ​

ខេត្តកំពង់ចាម ៖ ភ្នំ​ប្រុស​ភ្នំ​ស្រី​ស្ថិត​ក្នុង​ឃុំ​ក្រឡា និង​ឃុំ​អំពិល ស្រុក​កំពង់សៀម មាន​ប្រ​វ​តិ្ត​រឿងព្រេង​និទាន ត​ៗ​គ្នា​ថា បុរស និង​ស្ត្រី​បបួល​ភ្នាល់​គ្នា​លើក​ភ្នំ ហើយ​ខាង​ស្រី​ជា​អ្នក​ឈ្នះ​បុរស ។ ភ្នំ​ប្រុស​ភ្នំ​ស្រី​ត្រូវ​ព្រះ​ចៅអធិការ​វត្ត ប្រឹងប្រែង​កសាង​សមិទ្ធផល​ជា​ច្រើន​ទាំង​នៅ​លើ​ភ្នំ និង​ផ្នែក​ខាងក្រោម ។ រៀងរាល់ថ្ងៃ​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​កម្សាន្ត​ជា​ហូរហែ ។

លោកតា​ធុ​ច ស្រឿង អាយុ​៧៨​ឆ្នាំ ជា​អ្នក​ថែទាំ​នៅ​លើ​ភ្នំ​ស្រី មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ឧសភា​២០១៧​ថា តាម​រឿងនិទាន ត​ៗ​គ្នា​ថា ប្រពៃណី​ស្ត្រី​ចូល​ស្តីដណ្តឹង​បុរស​ជា​ច្រើន​តំណ​មក​ហើយ តែ​ស្ត្រី​ដែល​មាន​រូបឆោម​មិន​ស្អាត ធ្វើ​ឲ្យ​បុរស​ចេះ​តែ​គេច​មិន​ព្រម​ដណ្តឹង​ជា​ភរិយា​ទេ ។ ដោយ​បែប​នោះ​ហើយ​ស្ត្រី​បាន​បបួល​បុរស​លើកដី​ពូន​ធ្វើ​ភ្នំ​ប្រុស និង​ភ្នំ​ស្រី​ប្រណាំង​គ្នា ដោយ​កំណត់​ដាក់​លក្ខខណ្ឌ​ថា ប្រសិនបើ​ឃើញ​ផ្កាយព្រឹក​រះ​ឡើង​ហើយ​នោះ ត្រូវ​ឈប់​សម្រាក មិន​មាន​អ្នក​ណា​ប្រើ​កម្លាំង​ពលកម្ម​លើក​បន្ត​ទេ ។

ដោយសារ​ស្ត្រី​ជា​មនុស្ស​វៃឆ្លាត ម្នាក់​ៗ​ខិតខំ​ប្រឹងប្រែង​លើកដី​ញាប់ដៃ​ញាប់​ជើង​មិន​សម្រាក​ទេ គឺ​នាំ​គ្នា​លើកដី​ហុច​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​បណ្តាក់​គ្នា​ដូច​ខ្យង ។ មិនតែប៉ុណ្ណោះ​បាន​ប្រើ​ល្បិច​ចង​គោម​បង្ហោះ​ឡើង ។ ភាគី​ខាង​បុរស​ដែល​កំពុង​តែ​លើកដី​នៅ​ផ្នែក​ម្ខាង​ទៀត​ឃើញ​គោម​នឹក​ស្មាន​តែ​ផ្កាយព្រឹក​រះ​ឡើង​ក៏​នាំ​គ្នា​ឈប់​លើកដី ។ ចំណែក​ភាគី​ស្ត្រី​វិញ​ចេះ​តែ​នាំ​គ្នា​លើកដី​តទៅ​ទៀត រហូត​ដល់​ខ្ពស់​ជាង​ខាង​ប្រុស​។ ទីនោះ​គេ​ហៅ​ថា «​ភ្នំ​ស្រី​» ហើយ​វា​ខ្ពស់​ជាង​ភ្នំ​ប្រុស ។

ដោយ​ការ​ភ្នាល់​ចាញ់​នោះ ប្រពៃណី​ក៏​មានការ​ផ្លាស់​ប្តូរ គឺ​បុរស​ចូល​ស្តីដណ្តឹង​ស្ត្រី​វិញ​ម្តង​ហើយ​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

លោកតា​ធុ​ច ស្រឿង នៅ​ថែរក្សា​ភ្នំ​ស្រី​តាំងពី​មិន​ទាន់​មាន​អភិវឌ្ឍ​អ្វី គឺ​សម្បូរ​ទៅ​ដោយ​ព្រៃ​ដុះ​ទ្រុប​ទ្រុល ។ គាត់​នៅ​ជាមួយ​លោកតា​ម្នាក់​ទៀត​ឈ្មោះ​ជន ហ៊ាន អាយុ​ដំណាលគ្នា​។

ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ចៅអធិការ​វត្ត​បាន​កសាង​សមិទ្ធផល បន្តិច​ម្តង​ៗ ។ ជាក់ស្តែង​កាំជណ្តើរ​ឡើង​ទៅ​លើ​កំពូលភ្នំ​ស្រី​ចំនួន​២១៧​កាំ និង​កម្ពស់​១១៤​ម៉ែត្រ ព្រមទាំង​ខ្លោងទ្វារ​បាន​កសាង​ឡើង​ជាង​១០​ឆ្នាំ​មក​ហើយ ។ ចំពោះ បង្កាន់ដៃ​ព័ទ្ធ​ជុំវិញ​លើ​កំពូលភ្នំ​កសាង​ជាង​២០​ឆ្នាំ​ហើយ ។ 

កាលពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​កន្លង​ទៅ  មាន​មនុស្ស​ម្នា​ច្រើន​កុះករ​ទៅ​លេង​កម្សាន្ត ដូច្នោះ​ហើយ​ប្រមូល​បច្ច័យ​បាន​ច្រើន​សម្រាប់​ធ្វើ​បន្ទប់ទឹក​នៅ​ជើងភ្នំ​ឲ្យ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ប្រើប្រាស់ ។

លោកយាយ​ណា​ង ស៊ុន​ធី​ម អាយុ​៧២​ឆ្នាំ ជា​អ្នក​មើលថែ​ទាំ​នៅ​ជើងភ្នំ​ស្រី មាន​ប្រសាសន៍​ថា គាត់​និង​ប្តី​នៅ​បម្រើ​ព្រះសង្ឃ​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩៨​មក ។ ក្នុងអំឡុងពេល​នោះ​គាត់​ដឹង​ថា​មានការ​កសាង​សាលាឆទាន​១​ខ្នង​នៅ​ជើងភ្នំ ព្រមទាំង​សមិទ្ធផល ផ្សេង​ៗ​ទៀត ។

ប្តី​របស់​លោកយាយ​ណា​ង ស៊ុន​ធី​ម បាន​ស្លាប់​កាលពី​ឆ្នាំទៅ តែ​គាត់​នៅ​តែ​មានចិត្ត​ជ្រះថ្លា​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​គឺ​តែងតែ​នៅ​ចាំ​រៃ​បច្ច័យ​ពី​ភ្ញៀវ ទោះបី​តិច​ក្តី​ច្រើន​ក្តី​សន្សំ​ដើម្បី​ឲ្យ​ថ្លៃ​ជាង​ធ្វើ​បន្ទប់ទឹក​អនាម័យ ។ 

នៅ​លើ​ភ្នំ​ប្រុស​និង​ភ្នំ​ស្រី​មាន​ចេតិយ​១ នៅ​ពីក្រោយ​ព្រះ​វិហារ​ដូច​គ្នា​ក្នុង​ជំនាន់​ដែល​បុរស​និង​ស្ត្រី​បបួល​គ្នា​លើក​ភ្នំ និង​លើក​ថ្មបាយក្រៀម​ធ្វើ​ចេតិយ  ។

លោក​ជួន សុ​ផាត ប្រធាន​មន្ទី​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឱ្យ​ដឹង​ថា រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី មានរឿង​និទាន ត​ៗ​គ្នា​ថា​នា​សម័យកាល «​ស្តេច​ស្រី​អយុធ្យា​» ដែល​ទ្រង់មាន​រូបឆោម​ស្រស់​ស្អាត​តែ​ស្តីដណ្តឹង ប្រុស​ៗ​មក​ធ្វើ​ជា​ព្រះ​ស្វាមី​មិន​បាន ។ បន្ទាប់​មក​ក៏​កោះ​ប្រជុំ​ស្ត្រី​ទាំង​នគរ ចង់​ឲ្យ​បុរស​ចូល​ស្តីដណ្តឹង​ស្ត្រី​វិញ ។ គ្រានោះ​ហើយ​បាន​បបួល ប្រុស​ៗ​លើក​ភ្នំ​ប្រុស​ភ្នំ​ស្រី​ប្រណាំង​គ្នា ។ ប្រុស​ៗ​នៅ​ផ្នែក​ខាងលិច និង​ស្ត្រី​វិញ​នៅ​ប៉ែក​ខាងកើត ថែម​ទាំង​មាន​លក្ខខណ្ឌ បើ​ឃើញ​ផ្កាយព្រឹក​រះ​ឡើង​ត្រូវ​នាំ​គ្នា​ឈប់ ។

ពេល​ជួង​បន្លឺ​ឡើង​ក៏​នាំ​គ្នា​លើក​ភ្នំ​ប្រណាំង​គ្នា​។ លុះ​វេលា​ជិត​កណ្តាលអធ្រាត្រ​ដោយ​ភាគី​ស្ត្រី​ឆ្លាត​វៃ បាន​ចង​គោម​លើក​ឡើង​នៅ​ទិសពាយ័ព្យ ត្រូវ​នឹង​ទិស​ផ្កាយព្រឹក​រះ​ឡើង ធ្វើ​ឲ្យ ប្រុស​ៗ​នាំ​គ្នា​ឈប់​សម្រាក គឺ​ចាញ់ល្បិច​របស់​ស្ត្រី ។

ចំណែក​ខាង​ស្ត្រី​វិញ​នាំ​គ្នា​បន្ត​លើកដី​រហូត​ដល់​ឈ្នះ ប្រុស​ៗ​គឺ​ភ្នំ​ស្រី​ខ្ពស់​ជាង​ភ្នំ​ប្រុស ។ ចាប់តាំងពី​ពេល​នោះ​មក​ប្រពៃណី​បាន​ផ្លាស់​ប្តូរ គឺ​បុរស​ចូល​ស្តីដណ្តឹង​ស្ត្រី​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ ។
រឿងនិទាន​នេះ​មិន​មាន​ឯកសារ​ណាមួយ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​នៅ​ក្នុង​សតវត្ស​ទី​ប៉ុន្មាន​ទេ គឺ​គ្រាន់តែ​ដឹង​ថា​ក្នុង​រជ្ជកាល​ស្តេច​ស្រី​សម័យ​អយុធ្យា ។

លោកតា​ហួត ទ្រី អាយុ​៧២​ឆ្នាំ នៅ​លើ​ភ្នំ​សុវណ្ណ​គិរី​រតនៈ​ភ្នំ​ប្រុស មាន​ប្រសាសន៍​ថា នៅ ចង្កេះ​ជើងភ្នំ​ប្រុស​ភ្នំ​ស្រី កន្លង​មក​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​កសាង​សមិទ្ធផល​ជា​ច្រើន មាន​សាលា​បាលី សាលាឆទាន បណ្ណាល័យ រូបសំណាក​ព្រះពុទ្ធ​ប្រវត្តិ​តាំងពី​ប្រសូត​រហូត​ដល់​បរិនិព្វាន និង​សមិទ្ធផល​ជា​ច្រើន​ទៀត ។

រាល់​រដូវ​បុណ្យ​ទាន ធំ​ៗ មហាជន​ពី​គ្រប់​ទិស​ទី​នាំ​គ្នា​ទៅ​លេង​ភ្នំ​ប្រុស សឹងតែ​រក​កន្លែង​ដាក់​រថយន្ត​មិន​បាន ។ រាល់​ថ្ងៃនេះ​មាន​ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម​ទឹម ស្រ៊ុ​ន ព្រះ​ជន្ម​៧៩​ព្រះ​វស្សា ៕