ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​រៀបចំ​គោលដៅ​ទេសចរណ៍​បែប​អាពាហ៍ពិពាហ៍

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សំណូមពរ​របស់​ឯកអគ្គរដ្ឋទូត​ឥណ្ឌា និង​ការ​ប្រកាស​ស្វាគមន៍​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កម្ពុជា​គ្រោង​នឹង​រៀបចំ​គោលដៅ​ទេសចរណ៍​បែប​អាពាហ៍ពិពាហ៍ និង​កិច្ចប្រជុំ​អន្តរ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សំណូមពរ​របស់​ឯកអគ្គរដ្ឋទូត​ឥណ្ឌា និង​ការ​ប្រកាស​ស្វាគមន៍​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កម្ពុជា​គ្រោង​នឹង​រៀបចំ​គោលដៅ​ទេសចរណ៍​បែប​អាពាហ៍ពិពាហ៍ និង​កិច្ចប្រជុំ​អន្តរជាតិ​នៅ​សៀមរាប​-​អង្គរ នា​ពេល​ខាង​មុខ ។

លោក Naveen Srivasta ឯកអគ្គរដ្ឋទូត​ឥណ្ឌា ដែល​បញ្ចប់​អាណត្តិ​នៅ​កម្ពុជា បាន​ស្នើ​ទៅ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឲ្យ​កម្ពុជា​រៀបចំ​គោលដៅ​ទេសចរណ៍​បែប​អាពាហ៍ពិពាហ៍ ខណៈ​ដែល​ការ​ស្នើ​សុំ​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា និង​ជម្រាបលា​របស់​លោក​ឯកអគ្គរដ្ឋទូត កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង ។

លោក Naveen Srivasta បាន​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុ​ជាទី​កាន់​ទៅ​ផ្សារ​ឥណ្ឌា ដើម្បី​ទាក់ទាញ​ទេសចរណ៍​ឥណ្ឌា ជា​ពិសេស​ទេសចរ​កម្រិត​ខ្ពស់​ដែល​និយម​ចូល​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្រៅ​ប្រកាស ខណៈ​តំបន់​សៀមរាប​-​អង្គរ​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​បំផុត សម្រាប់​ទេសចរ​អន្តរជាតិ​ទូ​ទាំង​ពិភពលោក ។

លោក​ឯកអគ្គរដ្ឋទូត​បញ្ជាក់​ថា តំបន់​សៀមរាប​-​អង្គរ គឺជា​គោលដៅ​សម្រាប់​ទេសចរ​បែប​អា​ពារ​ហ៍​ពិ​ពារ​ហ៍ សម្រាប់​ជនជាតិ​ឥណ្ឌា​ដ៏​ទាក់ទាញ​ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទំនៀមទម្លាប់​ប្រពៃណី​ប្រហាក់​ប្រហែល​គ្នា ដែល​នឹង​នាំ​មក​ជាមួយ​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភក្តិ និង​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន ហើយ​ពួក​គេ​អា​ចត​ភ្ជាប់​ទៅ តំបន់ឆ្នេរ​ខេត្ត​ព្រះ​សីហ​នុ សម្រាប់​រាត្រី​ក្រេប​ចន្ទ​ទឹកឃ្មុំ ។

 លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ស្វាគមន៍ ចំពោះ​សំណូមពរ​របស់​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ដោយ​ចាត់​ទុក​គម្រោង​នោះ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់ ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ សំខាន់​អូស​ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​កាន់តែ​ច្រើន​ឡើង​ឲ្យ​មក​កាន់​កម្ពុជា ។ ទន្ទឹម​នោះ​លោក​បាន​ស្នើ​ឱ្យ​ឥណ្ឌា​បន្ត​ជំរុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា ខណៈ​ដែល​កម្ពុជា​កំពុង​ខិតខំ​ជំរុញ និង​គាំទ្រ​ឱ្យ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​កាន់​តែ​ច្រើន ។

ក្នុង​ឆ្នាំ​២០១៦ ទេសចរ​ជនជាតិ​ឥណ្ឌា​ចេញ​ក្រៅប្រទេស​ប្រមាណ​២០​លាន​នាក់ ក្នុង​នោះ​មក​តំបន់​អាស៊ាន​៣,៥​លាន​នាក់ និង​មក​កម្ពុជា​៤៦ ១៣១​នាក់ កើន​២៥% ក្នុង​លំដាប់​លេខ​រៀង​ទី​១៥ ។ ដោយឡែក​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៧ ទេសចរ​ជនជាតិ​ឥណ្ឌា​មក​កាន់​កម្ពុជា​ចំនួន​១៣.៨១៦​នាក់ កើន​២០% ក្នុង​លំដាប់​ទី​១៨ ៕