ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​ត្រី​មេ​ពូជ​៣ប្រភេទ​ចំនួន​៤០០គីឡូ​ក្រាម​ ចូល​ទៅ​ដែន​ទឹក​ធម្ម​ជាតិ

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា​ ឆ្នាំ​២០១០ នៅ​ព្រែក​ត្រសក់ ​​​​​​ឡូត៍​នេសាទ​លេខ​១ និង​កន្លែង​អភិ​រក្ស​ត្រី​មេ​ពូជ​អូរ​ ឡូត៍​នេសាទ​លេខ​២ ខេត្ត​បាត់​ដំបង​ បាន​​រៀប​ចំ​ការ​លែង​ពូជ​ត្រី​៣​ប្រភេទ​ដែល​ជា​ការ​ចូល​រួម​ចំណែក​របស់​ អាជីវ​ករ​ឡូត៍​នេសាទ​លេខ​១ និង​លេខ​២ ចំនួន​៤០០​គីឡូ​ក្រាម ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​បាត់​ដំបង និង​មន្ត្រី​រាជ​ការ​ក្រោម​ឳវាទ​ ព្រម​ជា​មួយ​មន្ត្រី​បរិ​ស្ថាន ​នគរ​បាល​​​ប៉ុស្តិ៍​ កង​​រាជ​អាវុធ​ហត្ថ

ខេត្ត​បាត់​ដំបង ៖ ​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា​ ឆ្នាំ​២០១០ នៅ​ព្រែក​ត្រសក់ ​​​​​​ឡូត៍​នេសាទ​លេខ​១ និង​កន្លែង​អភិ​រក្ស​ត្រី​មេ​ពូជ​អូរ​ ឡូត៍​នេសាទ​លេខ​២ ខេត្ត​បាត់​ដំបង​ បាន​​រៀប​ចំ​ការ​លែង​ពូជ​ត្រី​៣​ប្រភេទ​ដែល​ជា​ការ​ចូល​រួម​ចំណែក​របស់​អាជីវ​ករ​ឡូត៍​នេសាទ​លេខ​១ និង​លេខ​២ ចំនួន​៤០០​គីឡូ​ក្រាម ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​បាត់​ដំបង និង​មន្ត្រី​រាជ​ការ​ក្រោម​ឳវាទ​ ព្រម​ជា​មួយ​មន្ត្រី​បរិ​ស្ថាន ​នគរ​បាល​​​ប៉ុស្តិ៍​ កង​​រាជ​អាវុធ​ហត្ថ និង​តំណាង​សហ​គមន៍​នេសាទ​ចូល​រួម​សរុប​២៥​នាក់ ។

លោក​ណៃ គឹម​សុន អាជីវ​ករ​ឡូត៍​នេសាទ​លេខ២ បាន​រៀប​រាប់​ថា​ ឆ្នាំ​២០០៩ ឡូត៍​បាន​​​លែង​ត្រី​ចំនួន​១.៥០០​គីឡូ​ក្រាម តែ​ឆ្នាំ​នេះ​លោក​​បាន​រក្សា​ទុក​ត្រី​ចំនួន​១.៥០០​គីឡូ​ក្រាម​ ទៀត​សំរាប់​លែង តែ​ដោយ​សារ​របប​ទឹក​បឹង​ទន្លេ​សាប​រាក់​ខ្លាំង​ពេក ត្រូវ​រង់​ចាំ​ទឹក​ឡើង​បន្តិ​ច​​បណ្តាល​អោយ​ត្រី​ប្រស់​ទុក​​ងាប់​ជា​បន្ត​បន្ទាប់ ។ ​ការ​លែង​មេ​ត្រី​ពូជ​នេះ​មាន​សារ​សំខាន់​ណាស់ ហើយ​លោក​នឹង​បន្ត​សកម្ម​ភាព​លែង​ត្រី​នេះ​បន្ត​ទៀត​នៅ​បណ្តា​ឆ្នាំ​ក្រោយ​ ដើម្បី​ឆ្លើយ​តប​ការ​អំពាវ​នាវ​ស្នើ​សុំ​អោយ​គ្រប់​អាជីវ​ករ​ឡូត៍​នេសាទ​រក្សា​ទុក​ត្រី​មួយ​ចំនួន​ដើម្បី​ជា​មេ​ពូជ​លែង​ចូល​ក្នុង​បឹង​ធម្ម​ជាតិ​វិញ​អប​អរ​សាទរ​ទិវា​មច្ឆ​ជាតិ​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ និង​លោក​ប្រធាន​រដ្ឋ​បាល​ជល​​ផល ។

លោក​ហេង​ ពិសិដ្ឋ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​បាត់ដំបង​មាន​ប្រសាសន៍​ថា​ ត្រី​ដែល​​លែង​នេះ​មាន​ប្រភេទ​ត្រី​រ៉ស់ ត្រី​អណ្តែង ត្រី​កន្ធរ​ ដែល​​បាន​មក​ពី​ការ​ចូល​រួម​ចំណែក​ពី​សំណាក់​អ្នក​ស្រីនុត ហឿន អាជីវ​ករ​ឡូត៍​នេសាទ​លេខ​១ ចំនួន​២០០​គីឡូ​ក្រាម និង​លោក​ណៃ​ គឹម​សុន អាជីវ​ករ​ឡូត៍​នេសាទ​លេខ២ ចំនួន​២០០​គីឡូ​ក្រាម ។ ខណ្ឌ​រដ្ឋ​បាល​ជល​ផលនឹង​បន្ត​ពិភាក្សា​សំរប​សំរួល​ជា​មួយ​អាជីវ​ករ​ឡូត៍​នេ​សាទ​ឯ​ទៀត​ ដើម្បី​រួម​គ្នា​លែង​ពូជ​ត្រី ធ្វើ​ជា​មេ​ពូជអោយ​បាន​​ច្រើន​ថែម​ទៀត​រួម​ចំណែក​បង្កើន​ផល​ស្តុក​ក្នុង​ធម្ម​ជាតិ ព្រោះ​កំពស់​ទឹក​ក្នុង​បឹង​ទន្លេ​សាប​មាន​លក្ខណៈសម​ប្រកប​ហើយ។ ការ​លែង​ត្រី​មេ​ពូជ​បាន​បង្ហាញ​នូវ​លទ្ធ​ផល​វិជ្ជ​មាន​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​នៅ​មិន​ទាន់​ផុល​ផុស​នៅ​ឡើយ ។ លោក​អំពាវ​នាវ​សូម​អោយ​សកម្ម​ភាព​ដ៏​ល្អ​នេះ​ក្លាយ​ជា​ប្រពៃណី​សំរាប់​ឡូត៍​នេសាទ និង​សំរាប់​សហ​គមន៍​នេសាទ​ទាំង​អស់។

ជា​មធ្យម​ប្រជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់​បរិ​ភោគ​ត្រី​៥២,៤​គីឡូ​ក្រាម ក្នុង​មួយ​ឆ្នាំ ដោយ​ឡែក​​អ្នក​រស់​នៅ​ក្នុង​បឹង​ទន្លេ​សាប​បរិភោគ​ត្រី​ជាង​៧០​​គីឡូ​ក្រាម​ក្នុង​ម្នាក់​​ក្នុង​មួយ​ឆ្នាំ ។ ​អ្នក​រស់​នៅ​តាម​បឹង​ទន្លេ​សាប​មិន​ត្រឹមតែ​​រក​ត្រី​សំរាប់​ជា​របប​អាហារ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​ប្រភព​ចំណូល​ទ្រទ្រង់​ជីវ​ភាព​គ្រួសារ​ទៀត​​ផង ​​។ ឆ្នាំ​នេះ របប​ទឹក​ទន្លេ​សាប​ឡើង​យឺត បាន​ធ្វើ​អោយ​ប៉ះ​ពាល់​ខ្លាំង​ដល់​ការ​បង្ក​កំណើត ​ទី​ជំរក និង​ប្រភព​ចំណីរបស់​​មច្ឆា​គ្រប់​ប្រភេទ។
លោក​​​នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​បាន​អំពាវ​នាវ​​​ដល់​ប្រជា​នេសាទ​ទាំង​អស់​ត្រូវ​បញ្ឈប់​សកម្ម​ភាព​ល្មើស​ច្បាប់ ដោយ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​តាម​ច្បាប់​កំណត់ ទុក​ឳកាស​អោយ​ត្រី​ និង​ធន​ធាន​ជល​ផល​ផ្សេង​ទៀត​បាន​បង្ក​កំណើត​ ពង​ កូន​លូត​លាស់​ធំ​ធាត់​ដោយ​សុវត្ថិ​ភាព ដើម្បី​បំរើ​សកម្ម​ភាព​នេសាទ​ក្នុង​រដូវ​បើក​នេសាទ​ខាង​មុខ។ លោក​​ក៏​​ផ្តាំ​ផ្ញើ​ផង​ដែរ​ដល់​សមត្ថ​កិច្ច​ជល​ផល​អោយ​អប់រំ ផ្សព្វ​ផ្សាយ​អោយ​បាន​ញឹក​ញាប់​ និង​ចេញ​យុទ្ធ​នា​ការ​បង្ក្រាប​​បទ​ល្មើស​ជល​ផល​អោយ​បាន​ជា​ប្រចាំ​៕