ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមិត្ត​ៗ​ដឹង​ទេ ខេត្ត​ណា​ខ្លះ​មាន​ផ្លែ​គុយ?

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ក្នុងភូមិ​ទួល​ខ្ពស់ និង​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង អ្នក​ធ្វើ​ដំណើរ​ពិតជា​បានឃើញ​ការ​ដាក់​លក់​ផ្លែ​គុយ ផ្លែ​ព្រុស ផ្លែ​សេ​មាន់ និង​ផ្លែ​ឈើ​ស្រុក​មាន​ផ្លែស្វាយ និង​

ខេត្តកំពង់ឆ្នាំង ៖ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ក្នុងភូមិ​ទួល​ខ្ពស់ និង​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង អ្នក​ធ្វើ​ដំណើរ​ពិតជា​បានឃើញ​ការ​ដាក់​លក់​ផ្លែ​គុយ ផ្លែ​ព្រុស ផ្លែ​សេ​មាន់ និង​ផ្លែ​ឈើ​ស្រុក​មាន​ផ្លែស្វាយ និង​ផ្លែ​ខ្នុរ​ជាដើម តែ​អ្វី​ដែល​អ្នកដំណើរ​ចាប់អារម្មណ៍​ជាងគេ​គឺ​ផ្លែ​គុយ ។

«​គុយ​»​ជា​ប្រភេទ​ផ្លែ​ឈើ​ធម្មជាតិ​ម្យ៉ាង​ដែល​ដុះ​ក្នុង​ព្រៃ​ភ្នំ និង​ព្រៃ​ភូមិ​ចាស់​របស់​អ្នកស្រុក  ។

ដើម​រុក្ខជាតិ​មួយ​នេះ​ជា​ប្រភេទ​វល្លិ ដុះ​ឡើង​តាម​ដើមឈើ ខ្ពស់​ៗ​មាន​ដើម​ពី​តូច​ដល់​ធំ​រហូត​ប៉ុន​ភ្លៅ​មនុស្ស​ចាស់ ស្លឹក​វា តូច​ៗ និង​មាន​ផ្លែ​ប៉ុន​មេជើង​ឬ​ធំ​ជាង​នេះ និង​មាន​រសជាតិ​ជូរ​ផ្អែម ។
អ្នកលក់​គុយ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា ដើម​គុយ​មាន​តែ​ក្នុងភូមិ​ចាស់​របស់​ប្រជាពលរដ្ឋ និង​ក្នុង​ព្រៃ ។

ប្រការ​គួរ​ឱ្យ​សោកស្តាយ​ព្រៃ​មួយ​ចំនួន​ត្រូវ​ក្រុម​ឈ្មួញ​ឈូស​ឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ធ្វើ​ឱ្យ​បាត់បង់​ដើម​គុយ​មួយ​ចំនួន​។ បច្ចុប្បន្ន​មានការ​ដាក់​លក់​ផ្លែ​គុយ នៅ​តាម​ផ្លូវជាតិ​លេខ​៥ គឺជា​ផ្លែ​គុយ​បេះ​តាម​ភូមិ​ចាស់​ដែល​គេ​ថែរក្សា​ប៉ុណ្ណោះ ភាគច្រើន​មាននៅ​ភូមិ​ឫស្សី​ដួច ភូមិ​ស្តុក​កបាស់ ភូមិ​ស្អ​ង ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ។

អ្នកលក់​ផ្លែ​គុយ​តាម​ថ្នល់ជាតិ​ទាំងអស់ បាន​ទិញ​ពី​ម្ចាស់​គុយ នៅ​ឃុំ​នោះ​ដាក់​លក់ ដោយ​ក្នុង​មួយ​ចង្កោម​ទិញ​ក្នុង​តម្លៃ​១៥០០​រៀល ពេល​លក់​បាន​ថ្លៃ​ពី​៣០០០​ទៅ​៥​ពាន់​រៀល ។ ក្រៅពី​អ្នកទិញ​យក​ទៅ​ហូប​ធម្មតា ក៏​មាន​ឈ្មួញកណ្តាល​ទិញ​យក​ទៅ​លក់​បន្ត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ចូល​ដល់​ចុងខែ​ឧសភា​នេះ ផ្លែ​គុយ​ថយ​ចុះ​ជិត​អស់ហើយ គឺ​ផុត​ខែ​ផ្លែ ។

ទោះ​ផ្លែ​គុយ មិនសូវ​មាន​រសជាតិ​ដូច​ផ្លែ​ឈើ​ក្នុងស្រុក​មួយ​ចំនួន​ក៏​ពិតមែន តែ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ស្រះ​កែវ និង​ភូមិ​ទួល​ខ្ពស់ គេ​សង្កេត​ឃើញ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ឈប់​រថយន្ត​ចូល​ទិញ​ផ្លែ​គុយ​ជា​ហូរហែ ដែល​ពួក​គាត់​ទាំងនោះ​ភាគច្រើន​និយាយ​ថា ទិញ​យក​ផ្ញើ​កូន ព្រោះ​មិន​ដែល​ស្គាល់ ។ ខ្លះ​ទៀត​ថា កូន​ផ្តាំ​ឱ្យ​ទិញ​ជាដើម ។ ចំណែក​ខ្លះ​ទៀត​ថា​បានឃើញ​តែ​ផ្លែ​មិន​ដែល​ឃើញ​ដើម ។

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ទាំង​ផ្លែ និង​ទាំង​ដើម​គុយ​ដែល​ដុះ​ក្នុង​ព្រៃ​ភូមិ​ចាស់​របស់​ប្រជាពលរដ្ឋ ។

ភ្លៀង​កក់ខែ​ច្រើន​ធ្វើ​ឱ្យ​គុយ​ផ្តល់​ផល​លើស​ឆ្នាំ​មុន​ៗ
ខេត្តសៀមរាប ៖ រយៈកាល​ជាង​ប្រាំ​ឆ្នាំ​មក​ហើយ​គ្រួសារ​អ្នកស្រី​តុ​ប ហ៊ុម និង​ប្តី​ចើ​ប វៀត រស់នៅ​ក្នុងភូមិ​ខ្នារ​រង្វាស់ ឃុំ​ឃុន​រាម នៃ​ស្រុក​បន្ទាយស្រី ពឹងផ្អែក​ទៅ​លើ​មុខរបរ​ដុត​ឡធ្យូង​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

ជា​រៀងរាល់ថ្ងៃ ប្តី​ប្រពន្ធ​មួយគូ​នេះ​តែងតែ​ក្រោក​ពី​ព្រឹក​ព្រលឹម​ទៅ​អារ​អុស​ជា​កំណាត់ ខ្លី​ៗ​ដើម្បី​ត្រៀម​បញ្ចូល​ដាក់​ទៅ​ក្នុង​ឡ ឬ​រើ​ធ្យូង​ចេញពី​ឡ ច្រក​បញ្ចូល​ទៅ​ក្នុង​ការុង​សម្រាប់​លក់​ទៅ​ឱ្យ​អតិថិជន​របស់​ខ្លួន ដោយ​មិន​គិត​ពី​ការ​ហត់នឿយ​អ្វី​សោះឡើយ ។

រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ ពោល​គឺ​ចាប់ពី​ចុងខែ​កុម្ភៈ រហូត​មក ប្តី​ប្រពន្ធ​មួយគូ​នេះ​នៅ​តែ​បន្ត​ក្រោក​ពី​ព្រឹក​ដូច​ធម្មតា ក៏​ប៉ុន្តែ​ពួក​គាត់​មិន​ទៅ​អារ​អុស ឬ​ច្រក​ធ្យូង​បញ្ចូល​កា​រ៉ុ​ង​ទៀត​ទេ ដោយ​ពួក​គាត់​ឡើង​ភ្នំ​ចូល​ព្រៃ​ជាមួយ​អ្នក​ភូមិ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដើម្បី​បេះ​ផ្លែ​គុយ​លក់​វិញ​ម្តង ។

អ្នកស្រី​តុ​ប ហ៊ុម និយាយ​ថា មុខរបរ​បេះ​គុយ​នេះ​ថ្វីបើ​ហត់​មិន​ចាញ់​របរ​ឡធ្យូង​ក៏​ពិតមែន តែ​វា​បាន​ទទួល​កម្រៃ​ប្រចាំ​ថ្ងៃ​ច្រើន​គួរសម ហើយ​ពុំ​មាន​ភ័យ​ខ្លាច​រឿង​ការ​ចាប់ចង​ពី​មន្ត្រី​ជំនាញ​ព្រៃឈើ ឬ​បរិស្ថាន​អ្វី​ទៀត​ដែរ ។

អង្គុយ​ចង​ផ្លែ​គុយ​ជា​ចង្កោម​លើ​គ្រែ នៅ​មុខ​ផ្ទះ​សង់​ពី​ឈើ​ខ្ពស់​ពី​ដី បែរមុខ​ទៅ​រក​ផ្លូវជាតិ​លេខ​៦៧ ស្ត្រី​តុ​ប ហ៊ុម វ័យ​២៣​ឆ្នាំ​រៀបរាប់​ថា​ឆ្នាំ​នេះ​ផ្លែ​គុយ​ហាក់​ផ្តល់​ផល​ច្រើន និង​មាន​រយៈពេល​យូរ​ជាង​រាល់​ឆ្នាំ  ដោយ​ផ្តល់​ឱកាស​ឱ្យ​រូប​នាង និង​អ្នក​ភូមិ​ផ្សេង​ទៀត រក​កម្រៃ​ប្រចាំ​ថ្ងៃ​បាន​ច្រើន​គួរសម ។

ចាប់តាំងពី​ចុងខែ​កុម្ភៈ រហូត​មក​រូប​នាង​នឹង​ប្តី​អាច​បេះ​ផ្លែ​គុយ​ប្រមាណ​៣០​ចង្កោម​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ ។ មួយ​ចង្កោម​លក់​ក្នុង​តម្លៃ​ចាប់ពី​៣ ពាន់​រៀល រហូត​ដល់​៤​ពាន់​រៀល ហើយ​បើ​គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ​៦​ម៉ឺន​រៀល ។

ស្ត្រី​ដដែល​រៀបរាប់​ថា​ជា​រៀង​រាល់​ព្រឹក​នាង​ត្រូវ​ក្រោក​រៀបចំ​បាយ​កញ្ចប់ និង​ទឹក​ឱ្យ​រួចរាល់​មុន​ម៉ោង​៦​ព្រឹក ធ្វើ​ដំណើរ​ឡើង​ភ្នំ​ជ័រ​(​ភ្នំ​ក្បាលស្ពាន​)​ដោយ​ចំណាយពេល​យ៉ាងតិច​១០​ម៉ោង ដើរ​ថ្មើរជើង​លើ​សណ្ឋាន​ដី​ភ្នំ ឡើង​ចុះ​ៗ​ស្វែងរក​ផ្លែ​គុយ គឺ​ហត់​ខ្លាំង​ណាស់ ។ របរ​នេះ​មិន​ថា​ប្រុស ឬ​ស្រី​ទេ​ត្រូវ​តែ​មាន​ជំនាញ​ឡើងដើមឈើ​និង​ស៊ូទ្រាំ​ជាមួយ​បន្លា ឬ​ស្រមោច​អង្ក្រង ។

ស្រ​ដៀង​គ្នា​ដែរ​អ្នក​បេះ​គុយ​ម្នាក់​ទៀត​គឺ​កញ្ញា សាំង លាក់ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​រង្វាស់ ឃុំ​ឃុន​រាម រៀបរាប់​ថា​ជា​រៀងរាល់ថ្ងៃ​នាង​បាន​ឡើង​ទៅ​លើ​គូលែន ដើម្បី​បេះ​ផ្លែ​គុយ​ជាមួយ​អ្នក​ភូមិ​ផ្សេង​ទៀត ប៉ុន្តែ​នាង​មិនសូវ​មាន​ជំនាញ​ក្នុង​ការ​បេះ​ដូច​គេ​ទេ ព្រោះ​មិនសូវ​ពូកែ​ឡើងដើមឈើ ខ្ពស់​ៗ ។

ថ្ងៃ​ខ្លះ​នាង​រកបាន​កម្រៃ​បី​ម៉ឺន​រៀល តែបើ​ថ្ងៃ​ធម្មតា​បាន​ត្រឹមតែ​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល ទៅ​ពីរ​ម៉ឺន​រៀល​ប៉ុណ្ណោះ គឺ​គ្រាន់​បាន​ចំណាយ​ប្រចាំ​ថ្ងៃ​និង​ទុក​ទិញ​សម្លៀក​បំពាក់ ។

ផ្លែ​គុយ​ស្រួល​លក់​ណាស់  គឺ​គ្រាន់តែ​ដាក់​តាំង​លក់​នៅ​ចិញ្ចើមថ្នល់​មុខ​ផ្ទះ​ក៏​មាន​អ្នក​ចូល​ទិញ​ដែរ មាន​ប៉ុន្មាន​លក់​អស់​ប៉ុណ្ណឹង ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប លោក ម៉ុង ប៊ុ​ន​លី​ម ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ឧសភា ២០១៧​ថា ឆ្នាំ​នេះ​ដោយ​អាកាសធាតុ​អំណោយផល ពោល​គឺ​មាន​ភ្លៀង​កក់ខែ​ច្រើន​គួរសម ទើប​ធ្វើ​ឱ្យ​គុយ​ដុះ​លូតលាស់ និង​ផ្លែផ្កា​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ ។

ការ​ប្រមូល​អនុ​ផល​គុយ មិន​ខុសច្បាប់​ស្តី​ព្រៃឈើ​ទេ បើសិនជា​ការ​បេះ​នោះ​មិន​ផ្តួលរំលំ​ដើមឈើ ផ្ទុយ​ទៅ​វិញ​វា​បែរជា​រួមចំណែក​ក្នុង​ចំណូល​សេដ្ឋកិច្ច​គ្រួសារ រួម​ទាំង​បណ្តុះ​ស្មារតី​ដល់​ប្រជា​សហគមន៍​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ការពារ​ព្រៃឈើ​ផង​ដែរ ខណៈ​ពួក​គេ​បាន​ទទួល​កម្រៃ​ពី​ការ​ប្រមូល​អនុ​ផល​ព្រៃឈើ ។

ទោះជា​យ៉ាងណា​ក្តី​លោកនាយ​ខណ្ឌ​ពុំ​បាន​បញ្ជាក់​ថា ការ​ប្រមូល​ផ្លែ​គុយ​មាន​ចំនួន​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​ថ្ងៃ​ទេ គ្រាន់តែ​បញ្ជាក់​ថា​ប្រភព​ប្រមូល​ផល​គុយ ធ្វើ​ឡើង​ទៅ​តាម​ស្រុក ក្នុង​នោះ​ស្រុក​បន្ទាយស្រី មាននៅ​សហ​គម​ន៏​ព្រៃឈើ​ឃុំ​ត្បែង ភ្នំ​គូលែន ភ្នំ​ជ័រ ចំណែក​នៅ​ស្រុក​អង្គរធំ មាននៅ​ព្រៃ​សហគមន៍​ចង្ក្រាន​រយ ក្នុង​ឃុំ​ពាក់​ស្នែង​ជាដើម ។

ចំណែក​ស្ត្រី​ឈ្មោះ ខេ​ម​រី រស់នៅ​ភូមិ​កស្សិណខាងត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប ជា​អ្នក​ប្រមូល​ទិញ​ផ្លែ​គុយ​នៅ​ស្រុក​ស​ន្ទា​យ​ស្រី យក​លក់រាយ​នៅ​តំបន់​អង្គរ និយាយ​ថា​គុយ​គឺជា​ផ្លែ​ឈើ​ធម្មជាតិ​ដែល​មានការ​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ព្រោះ​វា​គ្មាន​ជាតិ​គីមី​ដូច​ផ្លែ​ឈើ ផ្សេង​ៗ​ដែល​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង​ទេ ។

ថ្វីបើ​យ៉ាងនេះ​ក្តី អ្នកស្រី​តុ​ប ហ៊ុម បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ផ្លែ​គុយ​ដល់​ដំណាក់កាល រោយ​បណ្តើរ​ៗ​ហើយ  ប៉ុន្តែ​អ្នកស្រី​បាន​តាំងចិត្ត​ថា​មិន​វិល​ទៅរ​ករបរ​ដុត​ឡធ្យូង ដែល​ត្រូវ​បង់លុយ​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​មេព្រៃ និង​បរិស្ថាន​ទៀត​ទេ ខណៈ​ផ្លែ​រំដួល​និង​ផ្សិត​ព្រៃ​ចាប់ផ្តើម​ហុច​ផល​ជា បណ្តើរ​ៗ ។

អ្នកលក់​រៀបរាប់​ពី​ការ​និយម​ផ្លែ​គុយ
ផ្លែ​គុយ​នៅ​ក្នុង​ព្រៃ លើ​ខ្នងភ្នំ​គូលែន ខណៈ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ចូល​ទៅ​បេះ ដើម្បី​យក​មក​បោះ​ឱ្យ​ម៉ូយ​តាម​ផ្ទះ​ក្នុង​ក្រុង​សៀមរាប​លក់​នោះ​ក្នុង​១​គីឡូក្រាម​ថ្លៃ​៨​ពាន់​ទៅ​១០០០០​រៀល ហើយ​គេ​យក​ទៅ​លក់​បន្ត​ចង​ជា​ចង្កោម តម្លៃ​ពី​ដំបូង​១​ចង្កោម​១២០០០​រៀល ។ លុះដល់​ជិត​ផុត​អស់គេ​គេ​ចង​ជា​ចង្កោម​លក់​១​ចង្កោម​តម្លៃ​តែ​៤០០០​រៀល​ទៅ​៥០០០​រៀល​ប៉ុណ្ណោះ ហើយ​មាន​លក់​នៅ​តាម​ដងផ្លូវ​អង្គរ​-​ឃ្យុ​ង​យូ និង​លក់​នៅ​ជិត​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម និង​នៅ​ជិត​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្នុង​ខេត្តសៀមរាប ។

អ្នកស្រី​មុន្នី​រ័​ត្ន និង​លោក​ញ៉ែ​ត សា​ម៉េ​ត រស់នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក រៀបរាប់​ថា ពួក​គាត់​ជា​អ្នកលក់​ផ្លែ​ឈើ​គ្រប់មុខ នៅ​តំបន់​អង្គរ​-​ឃ្យុ​ង​យូ​នេះ​យូរ​ឆ្នាំ​មក​ហើយ ដល់​មាន​គេ​ដឹក​យក​ផ្លែ​គុយ បោះ​ដល់​ផ្ទះ​ឱ្យ​លក់ ក្នុង​១​គីឡូក្រាម​តម្លៃ​៣​ពាន់​ទៅ​៤​ពាន់​រៀល ក៏​ទិញ​យក​លក់​បន្ត តម្លៃ​១​ចង្កោម​១២០០០​រៀល ។

បើ​លក់​អត់​អស់​ចាប់ផ្តើម​រលួយ ដូច្នេះ​ខាត​បន្តិចបន្តួច ។ ក្រោយមក​ពួក​គាត់​ឈប់​លក់​ផ្លែ ឈើ​ផ្សេង​ៗ​មក​លក់​តែ​ផ្លែ​គុយ​មួយ​មុខ​ប៉ុណ្ណោះ ។ ម៉ូយ​យក​មក​បោះ​ឱ្យ ក្នុង​១​គីឡូក្រាម​តម្លៃ​៣​ពាន់​រៀល ហើយ​ឱ្យ​កូន​ចង ជា​ចង្កោម​ៗ​លក់​បន្ត​ក្នុង​១​ចង្កោម ៤០០០​រៀល ទៅ​៥០០០​រៀល តាម​អ្នក​តថ្លៃ ឬ​មិន​តថ្លៃ ។

ដើម​គុយ​មាន​រាង​ជា​វល្លិ និង​មាន​ស្លឹក​ពណ៌​ខៀវ តោង​តាម​ដើមឈើ ធំ​ៗ ។ ដល់​រដូវ​មាន​ផ្លែ​គុយ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​គូលែន​យក​រណារ​ទៅ​អារ​ដើមឈើ ធំ​ៗ​នោះ ដើម្បី​បេះ​ផ្លែ​គុយ​យក​លក់​តាម​ទីផ្សារ​នានា ក្នុង​ក្រុង​សៀមរាប ។ នៅ​ក្នុង​ព្រៃ​លើ​ខ្នងភ្នំ​គូលែន ស្ថិត​នៅ​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប មាន​គុយ​ច្រើន​ជាងគេ ជាង​នៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ ។ ផ្លែ​គុយ​នេះ​មាននៅ​ក្នុង​រដូវប្រាំង​ចាប់ពី​ខែមេសា រហូត​ដល់​ចុងខែ​ឧសភា ទើប​ផុត ។

បន្ទាប់​មក​ចាប់ផ្តើម​មាន ផ្លែ​សិរមាន់ និង​ផ្លែ​រំដួល​ម្តង ដែល​មាន​ដើម ធំ​ៗ ហើយ​មាននៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ​និង​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​នៃ​ខេត្តសៀមរាប​ដែល​ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​បេះ​យក​លក់​ឱ្យ​អ្នកលក់​ផ្លែ​ឈើ នៅ​តាម​ដងផ្លូវ​អង្គរ​-​ឃ្យុ​ង​យូ និង​នៅ​តាម​ដងផ្លូវ​ក្រោយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​នៅ​ជិត​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ឬ​នៅ​តាម​ទីផ្សារ ក្នុង​ខេត្ត​សៀម​រាប ។ ផ្លែ​ឈើ​ទាំង​២​មុខ​ប្រភេទ​នេះ​មាននៅ​ពាក់កណ្តាល​ខែឧសភា រហូត​ដល់​ខែកក្កដា ទើប​វា​ផុត ។ ក្រោយមក​ចាប់ផ្តើម​មាន​ផ្លែ​ឈើ​១​មុខ​ទៀត ហៅ​ថា​ផ្លែ​គ្រៀល មាននៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ និង​មាននៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ដូចគ្នា ។ ផ្លែ​ឈើ​ទាំង​អស់នេះ​គឺជា​ផ្លែ​ឈើ​ធម្មជាតិ​សុទ្ធសាធ ពុំ​មាន​ជាតិ​គីមី​ទេ ព្រោះ​វា​មាន​តែ​នៅ​ក្នុង​ព្រៃ​ប៉ុណ្ណោះ ។

ស្តាប់​ការ​រៀបរាប់​ពី​ផ្លែ​គុយ​នៅ​ខេត្តកំពត
ឆ្នាំ​នេះ​កសិករ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​បូកគោ បាន​ឡើង​ទៅ​បេះ​ផ្លែ​គុយ​នៅ​ក្បែរ​ជើងភ្នំ​លក់​នៅ​ក្នុង​ផ្សារ​ទីរួមខេត្ត​កំពត ។ ផ្លែ​រុក្ខជាតិ​ប្រភេទ​នេះ​មិនសូវ​សម្បូរ​ដូច​កាលពី​សម័យ​ដើម​ទេ ។ កាលពី​អំឡុង​ឆ្នាំ​១៩៥៦ គេ​ឃើញ​ដើម​គុយ​ច្រើន​ដុះ​នៅ​តាម​របង​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ហើយ​ឱ្យ​ដល់​រដូវ​ផ្លែ​វា​ទុំ​(​ក្នុង​ខែ​៥-៦)​គឺ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពត​ស្ទើរតែ​មិនបាច់​ឡើង​ភ្នំ​ទៅ​បេះ​ផ្លែ​គុយ​ទេ គ្រាន់តែ​បេះ​នៅ​តាម​របងចម្ការ​ក៏​មិនដឹង​យក​ទៅ​លក់​ឯណា​អស់​ផង ។

គុយ​ពេល​ដែល​វា​ទុំ​មិន​អាច​ទុក​យូរថ្ងៃ​បាន​ឡើយ ។ កាលពី​សម័យ​នោះ​ផ្លែ​គុយ​សម្បូរ​តែ​ពុំ​សូវ​មាន​ទីផ្សារ​ទេ ។ សម័យ​នោះ​កសិករ​យើង ក្រោយ​ពី​ចប់​រដូវ​ធ្វើស្រែ តែងតែ​ឡើង​ភ្នំ​ប្រមូល​អនុ​ផល​ពី​ព្រៃឈើ​នៅ​លើ​ភ្នំ ដូច​ជា​បោចវល្លិ បោច​ផ្តៅ កាប់​ឫស្សី និង​បេះ​ផ្លែ​រុក្ខជាតិ​ព្រៃ​តាម​រដូវ​កាលដែល​រុក្ខជាតិ​ហូប​ផ្លែ​ទាំងនោះ​ទុំ ។

ផ្លែ​គុយ​ដែល​ពី​មុន​សម្បូរ​តែ​ឥឡូវ​ពុំ​សូវ​សម្បូរ ដោយសារ​តែ​តំបន់​ព្រៃ​មួយ​ចំនួន​ធំ​ដែល​សម្បូរ​វល្លិ​គុយ​ដុះ​ត្រូវ​គេ​ឈូស​ឆាយ​កាប់​ទន្ទ្រាន​ក្លាយជា​ដី​វាល ហើយ​ដាំ​រុក្ខជាតិ ផ្សេង​ៗ​ដែល​ជា​ដំណាំ​កសិឧស្សាហ៍កម្ម​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ឬ​ផលិត​ក្នុងស្រុក​ជាដើម ។

ចំណែក​នៅ​តំបន់​ព្រៃ​ភ្នំ​ក៏​ដូច្នេះ​ដែរ​វល្លិ​គុយ​វា​ច្រើន​តែ​ដុះ​អែប ឬ​រុំ​នឹង​ដើមឈើ ធំ​ៗ​ក្នុង​ព្រៃ​ភ្នំ​លុះ​កាប់​ឈើ ធំ​ៗ​ផ្តួលរំលំ​ទៅ ដើម​គុយ​ក៏​ងាប់​ជាមួយ​ដើមឈើ​ធំ​ដែល​ជនខិលខូច​លួច​កាប់​ទៅ​ធ្វើ​អាជីវកម្ម​នោះ​ដែរ ។

ស្ត្រី​ឈ្មោះ​ស្រី ទោល អាយុ​ជាង​៣០​ឆ្នាំ ជា​អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ក្នុង​ផ្សារ​ទីរួមខេត្ត​កំពត​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា នាង​ទិញ​ផ្លែ​គុយ​ពី​ប្រជាពលរដ្ឋ​ដែល​ឡើង​ទៅ​បេះ​នៅ​ជើងភ្នំ​បូកគោ​ម្តង​ជិត​២០​គីឡូក្រាម ហើយ​យក​ចង​ជា​ចង្កោម​លក់រាយ ក្នុង​មួយ​ចង្កោម​តម្លៃ​២​ពាន់​រៀល ។ ផ្លែ​គុយ​ពុំ​សូវ​មាន​ដាក់​លក់​រាល់ថ្ងៃ​ទេ ដោយសារ​តែ​វា​មាន​តែ​ក្នុង​ព្រៃ ហើយ​ផ្លែ​មាន​តាម​រដូវ​កាល​ទៀត​ផង ។

បច្ចុប្បន្ន​គុយ​កំពុង​តែ​ឈាន​ទៅ​ផុត​ពូជ​ដោយសារ​នៅ​តាម​តំបន់​ដីចម្ការ​ដែល​ធ្លាប់​មាន​ដើម​គុយ​ដុះ​ច្រើន ឬ​នៅ​លើ​ដី​ព្រៃ ឥឡូវ​សុ​ទ្ឋ​តែ​មាន​ម្ចាស់​កម្ម​សិ​ទ្ឋិ​ហើយ​គេ​ឈូស​ឆាយ​អស់ ។ រីឯ​នៅ​ព្រៃ​ភ្នំ​កាប់​បំផ្លាញ​ឈើ ធំ​ៗ​ធ្វើ​អាជីវកម្ម​បណ្តាល​ឱ្យ​ងាប់​ទាំង​វល្លិ​គុយ​ដ៏​កម្រ​នេះ​ទៀត​ផង ។

ផ្លែ​គុយ​បើ​ក្មេង​រស់នៅ​ក្នុង​ក្រុង​មិន​ស្គាល់​ទេ គឺ​ស្គាល់​តែ​ក្មេង​រស់នៅ​ស្រុកស្រែ​មួយ​ចំនួន​ប៉ុណ្ណោះ​។

វល្លិ​គុយ​មិន​ត្រឹមតែ​មាន​ផ្លែ​ហូប​បាន​ប៉ុណ្ណោះ​ទេ ដើម​របស់​វា​ជា​ឱសថ​បុរាណ​ទៀត​ផង ។ វល្លិ​គុយ​សម្រាប់​ព្យាបាល​ស្ត្រី​មានកូន​ខ្ចី​ទាស់​អត់​ទឹកដោះ​ឱ្យ​កូន​បៅ គឺ​យក​ដើម​គុយ​កាប់​ចិញ្ច្រាំ​ហាលថ្ងៃ​ឱ្យ​ស្ងួត​រួច​ដាំទឹក​ផឹក​នឹង​បានជា​សះស្បើយ ៕