រាជធានីភ្នំពេញ ៖ ក្រោយពីបានចាកចេញទៅជប៉ុន កាលពីថ្ងៃទី១២ កុម្ភៈ ដើមឆ្នាំ២០១៧ កីឡាករ ចាន់ វឌ្ឍនាកា បានប្រកាសជាសាធារណៈថា ការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសទៅកាន់មិត្តភក្តិ និងអាស្រ័យលើអ្នកបកប្រែ គឺជារឿងស្មុគស្មាញ ទើបលោកសម្រេចចិត្តប្រឹងរៀនភាសាជប៉ុនដើម្បីកែកុនទំនាក់ទំនង និងពង្រីកទីផ្សារការងារ ។
មុនចាកចេញពីកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានអះអាងថា យោងតាមកាលវិភាគលោកត្រូវប្រធានក្រុម Fujieda ដែលបានកុងត្រាយកលោកទៅលេងពេញមួយឆ្នាំនៅក្នុងប្រទេសជប៉ុនជាលក្ខណៈខ្ចីជើង នឹងមានការប្រកួតមិត្តភាពមួយជាមួយក្រុមផ្សេងដែលជាក្រុមល្បីនៅក្នុងលីគជប៉ុនផងដែរ តែលោកមិនចាំឈ្មោះ ។
លោកថា ក្លិបFujieda បានសម្រេចដាក់ឱ្យលោកលេងជាមួយកីឡាករអាជីពជប៉ុនតាំងពីបានទៅដល់ដំបូងពោលគឺនៅថ្ងៃទី១៨ កុម្ភៈ ហើយការសម្ងំនៅជប៉ុនប៉ុន្មានខែនេះ គឺលោកបានចូលប្រកួតច្រើនដងហើយទើបលោកដឹងថា គឺជារឿងពិបាកដែលលោកអត់ចេះភាសាជប៉ុនក្នុងការទំនាក់ទំនង ។ លោកថា បើខ្លួនចេះភាសាជប៉ុននឹងមានទីផ្សារក្រោយផុតកុងត្រា ដោយសារតែជប៉ុនជាជាតិសាសន៍មួយដែលមិនសូវមានចំណូលចិត្តរៀនអង់គ្លេស។ លោកថា ខ្លួនទទួលបានការបង្វឹកច្រើនក្រោយពេលទៅដល់ និងបានបើកឆាកបញ្ចេញថ្វីជើងឱ្យជនជាតិជប៉ុន និងបងប្អូនខ្មែរទៅគាំទ្របានឃើញច្រើនលើកមកហើយដែរ ។ លោកបានបញ្ជាក់មុនពេលចាកចេញថា មានការបារម្ភខ្លះដែរដោយសារតែលោកត្រូវប្រកួតជាមួយក្រុមកីឡាករអាជីពរបស់ជប៉ុន ដែលហាក់មិនសូវច្បាស់ពីប្លង់សម្រាប់ការលេងឱ្យស៊ីសង្វាក់គ្នា ។ លោកថា ការប្រកួតក្នុងក្រុមជម្រើសជាតិសំខាន់ៗនៅកម្ពុជាលោកនៅតែបង្ហាញខ្លួន ជាពិសេសការប្រកួតរបស់ក្រុមបឹងកេតក្នុងទ្រង់ទ្រាយ
ធំ ។ លោកប្រកាសរៀនភាសាជប៉ុន ដើម្បីកែកុនទំនាក់ទំនង និងពង្រីកទីផ្សារការងារ ទន្ទឹមនឹងការហ្វឹកហាត់ឱ្យបានដិតដល់ធ្វើយ៉ាងណាលេងឱ្យស៊ីសង្វាក់ជាមួយកីឡាករអាជីពជប៉ុន ដើម្បីកុំឱ្យមានបញ្ហាក្នុងពេលចែកបាល់ និងបោះបាល់ ។
លោកជឿថា ការប្រកួតក្នុងក្រុមFujieda កាន់តែធ្វើឱ្យលោកលេងល្អច្រើន ដោយសារតែលោកហាក់យល់ពីទម្រង់លេងរបស់ក្រុមជប៉ុនបន្ទាប់ពីបានចូលលេងច្រើនប្រកួតរួចមក ។
លោកត្រូវគេឃើញស្រវាស្រទេញក្នុងការហ្វឹកហាត់យ៉ាងសកម្មនៅក្នុងប្រទេសជប៉ុន ដោយការប្រកួតរបស់លោកកន្លងមកក៏ទទួលបានចំណាប់អារម្មណ៍ច្រើនដែរពីជនជាតិជប៉ុន
ទើបលោកប្រកាសថាត្រូវតែប្រឹងរៀនភាសាជប៉ុនមួយទៀត ដើម្បីស្វែងរកឱកាសឱ្យបានកាន់តែច្រើនក្នុងការបន្តលេងឱ្យក្រុមជប៉ុន ក្រោយពេលដាច់កុងត្រា ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក សមាជិកក្រុមលោក និងអ្នកគាំទ្រច្រើនឡើងបានបង្ហាញពីអារម្មណ៍នឹករលឹកក្រោយកីឡាករចាន់ វឌ្ឍនាកា បែកទៅលេងនៅក្នុងប្រទេសជប៉ុន ។ ម្នាក់ៗបានជូនពរលោក តែអ្នកខ្លះក៏បង្ហោះភាសាថានឹក និងចង់ឱ្យពេលវេលាត្រឡប់វិញរបស់លោកឆាប់កើតឡើងផងដែរ ជាពិសេសចំពោះអ្នកដែលចង់ទស្សនាការប្រកួតរបស់លោក ហើយមិនបានឃើញនឹងភ្នែកដូចមុននោះ ។ អ្នកខ្លះបានទាំងពោលពាក្យថា«គ្មានពេលវេលាជួបជុំណាដែលមិនបែក»ដើម្បីលួងចិត្តខ្លួនឯងនោះផង ឆ្លើយតបនឹងការប្រកាសថានឹកស្រុក នឹកអ្នកគាំទ្ររបស់កីឡាករ ចាន់ វឌ្ឍនាកា ។
តំណាងក្រុម Fujieda ធ្លាប់បានប្រកាសថា ចាន់ វឌ្ឍនាកា ជាកីឡាករកម្ពុជាតែម្នាក់ដែលក្លិបរបស់លោកជ្រើសឱ្យទៅលេង ប៉ុន្តែមិនមែនជាកីឡាករបរទេសទី១នោះទេ ដោយសារតែក្លិបរបស់លោកធ្លាប់ទិញកីឡាករបរទេសឱ្យមកលេងច្រើននាក់រួចមកហើយ ។ លោកថា កីឡាករចាន់ វឌ្ឍនាកា ត្រូវរស់នៅប្រទេសជប៉ុនរយៈពេលមួយឆ្នាំ ប៉ុន្តែគេអាចឡើងចុះមកប្រកួតនៅកម្ពុជាបាន ប្រសិនបើការប្រកួតក្នុងស្រុកមានភាពសំខាន់ដែលមិនអាចបាត់មុខគេបាន ។ លោកថា នៅក្នុងប្រទេសជប៉ុនមានភាពខុសគ្នាដូចមេឃនិងដីជាមួយប្រទេសកម្ពុជា ជាពិសេសបញ្ហាអាកាសធាតុ ចំណីអាហារ និងរបៀបរបបរស់នៅ ។ ប៉ុន្តែលោកថា កីឡាករ ចាន់ វឌ្ឍនាកា មិនមានបញ្ហានោះទេ ដោយសារតែការចេញទៅប្រកួតនៅក្នុងប្រទេសជប៉ុនមួយលើកកាលមុន កីឡាកររូបនេះក៏ស៊ាំនឹងបរិយាកាសនាពេលនោះដែរ ។ លោកថា នៅទីក្រុងដែលចាន់ វឌ្ឍនាកា រស់នៅឆ្ងាយពីទីក្រុងតូក្យូ ដោយខាងក្លិបលោកបានជួលបន្ទប់ខុនដូមួយឱ្យ និងមានរថយន្តជូនទៅជូនមក ដោយមានអ្នកបកប្រែមួយរូបនៅជាប់ជាមួយផងដែរ ។ ដូច្នេះចាន់ វឌ្ឍនាកា មិនមានភាពលំបាកនោះទេ ហើយបើការប្រកួតបើកឆាករបស់គេទទួលបានការចាប់អារម្មណ៍ នោះនឹងដាក់ឱ្យលេងក្នុងការប្រកួតធំៗរបស់ក្លិបទៀត ៕
ចែករំលែកព័តមាននេះ