ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ​ដាំ​ដើម​គគីរ​៥០ ឈើទាល​៥០ ឈើ​ប្រណីត​៥០​គ្រប់​ទី​អារាម


ខេត្ដពោធិ៍សាត់ ៖ សំរាប់​បុណ្យ​រុក្ខទិវា ៩ កក្កដា ឆ្នាំ​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ បាន​ជ្រើសរើស​ទីតាំង​ដាំ​កូន​ឈើ​អម សងខាង​ផ្លូវ​និង​ប្រឡាយ​ទឹក ចាប់ពី​ភូមិរលាប សង្កាត់​រលាប ដល់​ភូមិ​អូរ​តូង សង្កាត់ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។ ពិធី​នេះ​បាន​ប្រារឰ​ធ្វើ​នា​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០១០ ក្រោម​អធិបតីភាព​លោកបណ្ឌិត ​ច័ន្ទ សា​រុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ និង​លោក​ខូ​យ សុខា អភិបាលខេត្ដ​ពោធិ៍សាត់ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ ណៅ ធួ​ក ប្រតិភូ​រាជរ​ដ្ឋាភិ​បាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ដ​។

លោក​គឹ​ម ចាន់​ថា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​ស្ដីទី បាន​ជំរាប​ជូន​ថា ការ​ដាំកូន​ឈើ​អម​សងខាង​ផ្លូវ​និង​ប្រឡាយ​នៅ​ភូមិរលាប និង​ភូមិ​អូរ​តូង​នេះ ដើម្បី​បានជា​ម្លប់ក្លាយជា​រុក្ខវិថី បានជា​សោភ័ណ​ភាព​សំរាប់ ជា​កន្លែង​មក​លេង​កំសាន្ដ ពិសេស​ដើម្បី បង្កើន​ព្រៃឈើ​ឡើង​វិញ ព្រោះ​ផ្លូវ​និង ប្រឡាយ​ទើបតែ​លើក​ថ្មី ។ កូន​ឈើ​ដែល​យក មក​ដាំ​នា​ពេល​នេះ​មាន​ប្រភេទ​អាកា​ស្យា គគីរ បេង អង្កាញ់ លឿង​រាជ ស្វាយ ខ្នុរ និងដើមឈើ​ហូប​ផ្លែ​ជា​ច្រើន​ទៀត​។លោក​ខូ​យ សុខា អភិបាលខេត្ដ​បាន មាន​ប្រសាសន៍​ដោយ​សំដែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​ដាំ​កូន​ឈើ​នៅ​ទី​នេះ​ថា មាន​ប្រយោជន៍​ច្រើន​យ៉ាង​សំរាប់​មនុស្ស សត្វ និង​អាកាសធាតុ ។

សព្វ​ថ្ងៃនេះ​យើង​មានការ កាប់​ដើមឈើ​ច្រើន ប៉ុន្ដែ​ពុំ​មាន​អ្នក​ភ្ញាក់រលឹកដាំ​ឡើង​វិញ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​បាត់បង់ ព្រៃឈើ​ឬ​អាកាសធាតុ​ប្រែប្រួល​ឡើង​កំ​ដៅ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ហេតុ​ដូច្នេះ​ហើយទើប​ព្រះករុណាព្រះមហាក្សត្រ ក៏​ដូច​ជា​រាជ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ឱ្យ​មានការ​ដាំ​កូន​ឈើ​ឡើង​វិញ​ជា​រៀង​រាល់​ឆ្នាំ ដែល​មក​ដល់ពេល​នេះ​សរុប​ទូ​ទាំង​ប្រទេស​គ្រប់​ខេត្ដ​-​ក្រុង បាន​ប្រមាណ​ជាង​២០.០០០​ហិ​កតា​ហើយ ។ លោក​បណ្ឌិត​ច័ន្ទ សា​រុន មាន​ប្រសាសន៍ ថា យើង​ទាំងអស់​គ្នា​ត្រូវ​បង្កើន​សកម្មភាព​ដាំ ដុះ​កូន​ឈើ​នៅ​ទូ​ទាំង​ប្រទេស ទាំង​ការ​ដាំ ប្រមូលផ្ដុំ​តាម​ចំការ ការ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដាំ​តាម​លំនៅ​ឋាន សាលារៀន ទីទួល ទំនេរ ទីទួល​សាធារណៈ​… ។ លោក​សូម​ឱ្យ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​ចាប់ពី​ឆ្នាំក្រោយ ត្រូវ​ផ្ដល់​កូន​ឈើ​ក្នុង​មួយ​វត្ដ​គគីរ​៥០ ដើមឈើទាល​៥០​ដើម និង​ឈើ​ប្រណីត​៥០ដើម ចែក​ដល់​វត្ដ​ទាំង​១៥៩​វត្ដ​ក្នុង​ខេត្ដ​ពោធិ៍ សាត់​ធ្វើការ​ដាំ​ដុះ​ថែរក្សា​ឱ្យ​បាន​គង់វង្ស ។

ការ​ដាំ​កូន​ឈើ​ទាំង​៣​ប្រភេទ​តាម​វត្ដ​នេះ ពីព្រោះ​តាំងពី​ជីដូន​ជីតា​យើង​មក វត្ដ​នីមួយ​ៗ គឺ​តែងតែមាន​ដើមឈើ​ទាល​និង​ឈើ​គគីរ​ផ្ដល់ ម្លប់​ប្រ​ឈឹង​ត្រឈៃ​មិន​ដែល​ខាន ប៉ុន្ដែ​ឥឡូវ នេះ​វត្ដ​អារាម​នីមួយ​ៗ​ស្ទើរតែ​លែង​មាន ហើយ ហើយ​ឈើ​គគីរ​ធ្វើ​ទូក​.​ង​ប្រណាំង​សព្វថ្ងៃនេះ យក​មក​ពី​ខេត្ដព្រះវិហារ​ទេ​គឺ​ចង់ អស់ហើយ​។ ដូច្នេះ​យើង​ត្រូវ​នាំ​គ្នា​ភ្ញាក់រលឹក ដាំ​ឱ្យ​បាន​ច្រើន​នៅ​តាម​វត្ដ​អារាម បើ​ថ្ងៃក្រោយ​យើង​ចង់​ធ្វើ​ទូក​.​ង​យើង​អាច​កាប់​នៅ​តាម​វត្ដ​បាន​។ លោក​រដ្ឋមន្ដ្រី​បាន​ជំរុញ​ឱ្យ​ខណ្ឌ​រដ្ឋបាលព្រៃឈើ​និង​ខ​ណ្ឌ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់ ខិតខំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​បទល្មើសនេសាទ​ឱ្យ​ដូច​ភ្លៀងរលឹម ទាំង​ការ​ដឹក​ជញ្ជូន ឈើ​ប្រណីត ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ ខុសច្បាប់​និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹកជាដើម ៕

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ