ព័ត៌មាន​អន្តរជាតិ » ព្រឹត្តិការណ៍អន្តរជាតិ

ទោះ​អាយុ​ជិត​ផុត ក៏​នៅ​តែ​ផ្អែមល្ហែម​នឹង​គ្នា

ដោយ ៖ គង់ រិទ្ឋរីណា   

ថ្ងៃសៅរ៏ ទី២០ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ០៨:៤០   (20-05-2017 08:40)

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​អាយុ​៨៧​ឆ្នាំ​ម្នាក់ ដែល​មាន​ជំងឺមហារីក​ដំណាក់កាល​ចុង​ក្រោយ បាន​ចំណាយពេល​ចុង​ក្រោយ​ជាមួយនឹង​ស្វាមី​អាយុ​៩០​ឆ្នាំ ដែល​បាន​រៀប​ការ​ជាមួយ​គ្នា​អស់​ពេល​៦៧​ឆ្នាំ​មក​ហើយ​។ ស្វាមី​របស់​លោកយាយ​ដែល​កំពុង​តែ​ទទួល​ការ​ព្យាបាល​ក្នុង​ពេទ្យ​ជាមួយ​លោកយាយ​ដែរ​នោះ បាន​ស្នើ​សុំ​ពេទ្យ​មក​សម្រាក​ក្នុង​បន្ទប់​ជាមួយ​លោកយាយ​ដោយ​ទាញ​គ្រែ​ជិត​គ្នា ដើម្បី​កំដរ​មុន​ពេល​លាចាក​លោក​។

លោកយាយ Beatrice Whitehead អាយុ​៨៧​ឆ្នាំ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មាន​ជំងឺមហារីក​ឆ្អឹង​កាលពី​៦​ឆ្នាំ​មុន​។ តែ​នា​ពេល​នេះ សុខភាព​លោកយាយ​ទ្រុឌទ្រោម​មែនទែន ដែល​តម្រូវ​ឲ្យ​មក​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ Royal Bolton Hospital ក្នុង​ទីក្រុង Greater Manchester កាលពី​៤​ស​ប្តា​ហ៍​មុន​។

មិនយូរ​ប៉ុន្មាន ស្វាមី​របស់​លោក លោកតា Bert Whitehead អាយុ​៩០​ឆ្នាំ ត្រូវ​បាន​គេ​បញ្ជូន​មក​ស្នាក់​នៅ​ព្យាបាល​ក្នុង​ពេទ្យ​ហ្នឹង​ដែរ ក្រោយ​ពេល​មាន​អារម្មណ៍​ថា ឈឺទ្រូង និង​មានការ​បង្ក​រោគ​ក្នុង​ខ្លួន​។

កូនស្រី​របស់​អ្នក​ទាំង​ពីរ លោកស្រី Suzanne Hall អាយុ​៥២​ឆ្នាំ បាន​អរគុណ​ដល់​ក្រុម​បុគ្គលិក​ពេទ្យ​ដែល​បាន​អនុញ្ញាត​ឲ្យ​ឪពុក និង​ម្តាយ​របស់​លោកស្រី​កំដរគ្នា​នា​ពេល​ចុង​ក្រោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកតា និង​លោកយាយ Whitehead បាន​ជួប​គ្នា​លើក​ដំបូង​តាំងពី​គ្រា​លោកតា​មាន​អាយុ​១៧​ឆ្នាំ និង​លោកយាយ​មាន​អាយុ​១៥​ឆ្នាំ​។

ពួក​គេ​រៀប​ការ​នៅ​ឆ្នាំ​១៩៥០ បន្ទាប់​ពី​លោកតា Bert បញ្ចប់​ភារកិច្ច​យោធា ហើយ​អ្នក​ទាំង​ពីរ​មានកូន​ប្រុស​ស្រី​៤​នាក់ ចៅ​៤​នាក់ និង​ចៅទួត​៥​នាក់​៕