ជាតិ » សន្ដិសុខ​សង្គម

ឈប់​មួយ​ភ្លែត​មិន​បាន​...!

ដោយ ៖ យន់ ស៊ីថា    

ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៧:៤៤   (19-05-2017 17:44)

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​សម្ដែង​ការ​ហួសចិត្ត និង​សោកស្ដាយ​យ៉ាង​ខ្លាំង ដោយសារ​តែ​ម៉ូតូ​របស់​គាត់​១​គ្រឿង ដែល​ជា​យានជំនិះ​ដ៏​សំខាន់​បំផុត ជា​មធ្យោបាយ​សម្រាប់​រូប​គាត់​ក្នុង​ការ​ជិះ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ខ្លួនឯង និង​ក្រុម​គ្រួសារ​រាល់ថ្ងៃ ហើយ​ខណៈ​ពេល​ដែល​គាត់​ហូប​បាយ​ថ្ងៃត្រង់ ចត​ម៉ូតូ​នោះ​នៅ​មុខ​បន្ទប់ ជួល​ដែល​គាត់​ស្នាក់​នៅ តែ​មួយសន្ទុះ​ប៉ុណ្ណោះ ស្រាប់តែ​ត្រូវ​ក្រុម​ចោរលួច​កាច់​.​ក យក​ទៅ​បាត់​ស្រមោល ។

ពេល​នោះ​គាត់​បាន​តាម​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​រក​មិនឃើញ​នោះ​ឡើយ ទើប​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរា​គម​ន៏ ក្រែង​បានឃើញ​ម៉ូតូ​មក​វិញ ។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរស​រង​គ្រោះ​ឈ្មោះ កោះ វណ្ណ​សា​រិ​ទ្ធ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កងមាស ឃុំ​បន្ទាយ​អំពិល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ គាត់​បាន​បាត់បង់​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ បិទ​តែម​ស៊េរី​ឆ្នាំ​២០១៥ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ឆ្នាំ ១C-២៦៩៦ ។ បុរស​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ចត​ម៉ូតូ​នោះ​នៅ​មុខ​បន្ទប់ ដែល​គាត់​ស្នាក់​នៅ បន្ទាប់​មក​គាត់​បាន​ចូល​ហូប​បាយ​នៅ​ក្នុង​បន្ទប់ តែ​មួយសន្ទុះ​ប៉ុណ្ណោះ​ក្រោយ​ពេល​ហូប​បាយ​រួច មើល​ម៉ូតូ​ស្រាប់តែ​បាត់​មិនឃើញ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ ហើយ​បាន​តាម​រក​គ្រប់កន្លែង ប៉ុន្តែ​មិន​បានឃើញ​នោះ​ឡើយ ។

លុះ​រក​មិនឃើញ​ទើប​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរា​គម​ន៏ ស្វែងរក​ម៉ូតូ​របស់​គាត់ ក្រែង​អាច​រក​ឃើញ​មក​វិញ ព្រោះ​ម៉ូតូ​នោះ​សំខាន់​ខ្លាំង​ណាស់ សម្រាប់​រូប​គាត់​ក្នុង​ការ​ជិះ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ខ្លួនឯង និង​ក្រុម​គ្រួសារ​ទាំងមូល ប៉ុន្តែ​គាត់​មិន​បាន​បញ្ជាក់​ថា គាត់​រកស៊ី​អ្វី​ឡើយ ៕