កីឡា » កីឡាអន្តរជាតិ

Conor McGregor ត្រៀមខ្លួន​រួចរាល់​ក្នុង​ជំនួប​ប្រវត្តិសាស្ត្រ​ជាមួយ Floyd Mayweather

ដោយ ៖ ជួប សុខជា   

ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៦:៤៦   (19-05-2017 16:46)

ម្ចាស់​ជើងឯក​ទម្ងន់​ស្រាល UFC(​វាយ​ក្នុង​ទ្រុង​) សញ្ជាតិ​អៀរ​ឡង់​កីឡាករ Conor McGregor បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ជំនួប​ប្រវត្តិសាស្ត្រ​ជាមួយ​ស្តេច​ប្រដាល់ Floyd Mayweather ជា​ម្ចាស់​ជើងឯក​៥​ស្ថាប័ន ។ កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​ពិភាក្សា​ជាង​១​ឆ្នាំ​ហើយ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ ។

Floyd Mayweather បាន​ប្រកាស​ចូល​និវត្តន៍​ជា​ផ្លូវការ​បន្ទាប់​ពី​ផ្តួល​កីឡាករ Andre Berto នៅ​សង្វៀន MGM Grand ក្រុង Las Vegas សហរដ្ឋអាមេរិក កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ។ ជ័យជម្នះ​លើ​កីឡាករ​Andre Berto ធ្វើ​ឱ្យ Floyd Mayweather បំបែក​កំណត់​ត្រា​មិន​ដែល​ចាញ់​ទាល់តែ​សោះ​ក្នុង​ការ​ប្រកួត​ចំនួន​៤៩​លើក ។ ថ្វីបើ Floyd Mayweather ចូល​និវត្តន៍​ក៏​ពិតមែន តែ​ភាគី​ទាំង​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​លើ​បណ្តាញ​សង្គម​ដោយ​ជំរុញ​ឱ្យ​មានការ​ប្រកួត​ខ្នាត​អន្តរជាតិ​កើតឡើង ។

អំឡុង​ពេល​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​អង់គ្លេស​កាលពី​ខែមីនា Floyd Mayweather ប្រកាស​លែង​ចូល​និវត្តន៍​ថែម​ទាំង​និយាយ​ថា​៖«​ខ្ញុំ​លែង​ចូលនិវត្តន៍​ហើយដោយ​ត្រៀម​វាយ​ជាមួយ Conor McGregor ។ ខ្ញុំ​មិន​ចង់​ឮ​នរណា​ម្នាក់​យក​លេស​និយាយ​រឿង​លុយកាក់​នោះ​ទេ​»​។  Floydនិយាយ​បន្ត​ដោយ​សំដៅ​ទៅ​លើ​Conor McGregor ថា​៖«​ឯង​គ្រាន់តែ​ចុះហត្ថលេខា​ជាមួយ​ស្ថាប័ន UFC ទើប​អាច​វាយ​ជាមួយ​ខ្ញុំ​នៅ​ខែមិថុនា​» ។ឧបសគ្គ​រារាំង​ភាគី​ទាំង​ពីរ​សម្រាប់​ការ​ប្រកួត​គឺ​កីឡាករ Conor ត្រូវ​តែ​មាន​អាជ្ញា​ប័ន​ប្រដាល់ (Boxing License) ព្រោះថា រូបគេ​ជាប់​ពាក់ព័ន្ធ​នឹង​គណៈកម្មាធិការ​អត្ត​ព​លិ​ក​រដ្ឋ​ណេ​វ៉ា​ដា​(Nevada State Athletic Commission) ជុំវិញ​ការ​មិន​បង់ប្រាក់​ពិន័យ ។
ឧបសគ្គ​នេះ​ហាក់បីដូចជា​ត្រូវ​បាន​ជំទាស់​បន្ទាប់​ពី​លោក Anthony Marnell ប្រធាន​គណៈកម្មាធិការ​អត្ត​ព​លិ​ក​រដ្ឋ​ណេ​វ៉ា​ដា បាន​ចេញផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​ដូច​ខាងក្រោម​៖« Conor McGregor ត្រូវ​បង់ប្រាក់​ពិន័យ​តាម​រយៈ​មេធាវី​ទើប​មាន​អាជ្ញា​ប័ន​ប្រដាល់​»​។

ដោយឡែក​ប្រធាន​ជាន់ខ្ពស់​ប្រចាំ​ស្ថាប័ន UFC លោក Dana White បានឱ្យ​ដឹង​តាម​រយៈ​គេហទំព័រ​កីឡា ESPN ថា ខាង​ភាគី Conor McGregor​បាន​ចាត់ចែង​រួចរាល់​ហើយ ពេល​នេះ​រូប​លោក​ចាប់ផ្តើម​ធ្វើការ​ជាមួយ​ខាង​ភាគី Mayweather​វិញ ។ អំឡុង​ពេល​នេះ យើង​រង់ចាំ​យ៉ាង​អន្ទះសារ​ចំពោះ​ការ​ឆ្លើយ​តប​របស់ Mayweather និង​កាលបរិច្ឆេទ​ជាក់លាក់​ដែល​ត្រូវ​កំណត់​សម្រាប់​ការ​ប្រកួត​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ៕