AFP ផ្សាយថា គូស្នេហ៍ដែលមិនទាន់រៀបការតែរួមរស់នឹងគ្នាមួយគូត្រូវគប់សម្លាប់នឹងដុំថ្មនៅភាគខាងជើងប្រទេសម៉ាលី ដោយពួកអ៊ិស្លាមនិយម ។ សមត្ថកិច្ចបញ្ជាក់ប្រាប់ AFP កាលពីថ្ងៃទី១៧ ឧសភា ២០១៧ ថា គឺជាករណីលើកដំបូងចាប់តាំងពីក្រុមសកម្មប្រយុទ្ធជីហាតត្រូវបណ្តេញចេញពីភូមិភាគនោះមក ។
ក្រុមអ៊ិស្លាមនិយមបានជីករណ្តៅ២ដាក់បុរស និងនារីមួយគូដែលរស់នៅរួមគ្នាមិនទាន់រៀបការ ហើយយកដុំថ្មគប់រហូតដល់ស្លាប់ ។ ហេតុការណ៍កើតឡើងនៅក្រុងថេកលីត កាលពីថ្ងៃទី១៦ ឧសភា នៅក្បែរក្រុងអាឃ្យូហុក ក្នុងតំបន់ Kidal ។
សារព័ត៌មាននៅក្នុងស្រុកបញ្ជាក់ប្រាប់AFP ថា ពលរដ្ឋនៅតំបន់នោះបានទទួលការអញ្ជើញឱ្យចូលរួមធ្វើជាសាក្សីដែលគូស្នេហ៍ត្រូវគប់សម្លាប់នឹងដុំថ្មដោយមនុស្សចំនួន៤នាក់ ។
សមត្ថកិច្ចនិយាយថា ពួកអ៊ិស្លាមនិយមបានចោទប្រកាន់គូស្នេហ៍ដែលមិនទាន់រៀបការមួយគូនោះថា ល្មើសច្បាប់អ៊ិស្លាមដូច្នេះត្រូវដាក់ទោសដោយគប់នឹងដុំថ្ម ។
កាលពីខែកក្កដា ២០១២ ក្រុមអាល់សាឌីន ដែលចងសម្ព័ន្ធភាពជាមួយក្រុមអាល់កៃដា បានគប់ដុំថ្មលើគូស្នេហ៍មួយគូនៅទីក្រុងអាឃ្យូហុក ព្រោះចោទប្រកាន់ថាមានកូនដោយមិនបានរៀបការ។
ចំពោះការគប់ដុំថ្មសម្លាប់លើកក្រោយនេះកើតឡើងរយៈពេលមួយថ្ងៃមុនការទៅធ្វើទស្សនកិច្ចប្រទេសម៉ាលីរបស់លោកប្រធានាធិបតីបារាំងលោក Emmanuel Macron ដោយជួបជាមួយកងទ័ពបារាំងប្រចាំការនៅទីនោះនាថ្ងៃទី១៨ និង១៩ ឧសភា ៕
ចែករំលែកព័តមាននេះ