រាជធានីភ្នំពេញ ៖ កាលល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៧ នេះដែរ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញបុរសជនជាតិនីហ្សេរីយ៉ា និងជនជាតិកូរ៉េសរុបចំនួន ១១នាក់(នីហ្សេរីយ៉ា ១០នាក់ និងជនជាតិកូរ៉េ ១នាក់) ទៅកាន់ប្រទេសកំណើតវិញ ក្រោយពីកម្លាំងនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី បានត្រួតរកឃើញពួកគេបានលួចចូលមកស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជាយើងនោះ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍វិធីបានប្រាប់ឱ្យដឹងថា ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះដែរ កម្លាំងរបស់លោកបានធ្វើការបណ្តេញបុរសជនជាតិនីហ្សេរីយ៉ាចំនួន ១០នាក់ និងជនជាតិកូរ៉េ ១នាក់ ទៅកាន់ប្រទេសកំណើតដើមរបស់ពួកគេវិញជាបន្តបន្ទាប់ ។ ការបណ្តេញចេញនេះដែរ បានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានចុះប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេស ដោយបុរសជនជាតិនីហ្សេរីយ៉ាទាំង ១០នាក់បានលួចចូលមកស្នាក់នៅ និងបំពេញការងារ ដោយមិនបានប្រថាប់ត្រា ខុសនិងច្បាប់ ចំណែកបុរសជនជាតិកូរ៉េម្នាក់ទៀត គឺលួចចូលមកស្នាក់នៅដោយមិនមានលិខិតឆ្លងដែនត្រឹមត្រូវ ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា បុរសជនជនជាតិនីហ្សេរីយ៉ាចំនួន ១០នាក់ ត្រូវបានធ្វើការបណ្តេញចេញនៅវេលាម៉ោង៥និង៣០នាទីល្ងាច ទៅតាមជើងហោះហើរលេខ QR៩៧១ ចំណែកឯបុរសជនជាតិកូរ៉េម្នាក់ទៀតធ្វើការបណ្តេញចេញនៅវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃដដែល ទៅតាមជើងយន្តហោះលេខ OZ៧៤០ ។ ការបណ្តេញជនជាតិនីហ្សេរីយ៉ា និងជនជាតិកូរ៉េទាំង ១១នាក់ ទៅវិញនេះដែរ បានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានចុះធ្វើការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេស ហើយបានរកឃើញថា ពួកគេកំពុងតែលួចស្នាក់នៅដោយខុសច្បាប់ទើបធ្វើការបណ្តេញចេញទៅកាន់ប្រទេសកំណើតវិញតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
គួរបញ្ជាក់ថា នាពេលកន្លងមកនោះកម្លាំងរបស់លោកតែងតែបានចុះអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ទៅលើជនជាតិទាំងអស់ដែលកំពុងតែស្នាក់នៅ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា និងបានធ្វើការឃាត់ខ្លួន និងធ្វើការបណ្តេញចេញទៅវិញជាច្រើននាក់ ហើយកម្លាំងរបស់លោកក៏នៅតែបន្តទៅទៀតផងដែរ ។
ចែករំលែកព័តមាននេះ