ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​សង្ស័យ​ក្លែងក្លាយ​ចូល​ដី​ថៃ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​របស់​កម្ពុ​ជាមួយ​គ្រឿង​ត្រូវ​បាន​ឆ្មាំ​ព្រំដែន នៃ​ភាគី​ថៃ

ខេត្តបាត់ដំបង ៖ រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​របស់​កម្ពុ​ជាមួយ​គ្រឿង​ត្រូវ​បាន​ឆ្មាំ​ព្រំដែន នៃ​ភាគី​ថៃ​ចាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ពេល​បើក​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង ។ មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ដែល​ភាគី​ថៃ​ហៅ ច្រក​ឡែ​ម បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​ម៉ាក FORTUNER ពណ៌​ស្ករ ចង្កូត​ស្ដាំ​ពាក់​ស្លាក​លេខ ព្រឹទ្ធសភា​3 2-033 តែ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​នៅឡើយ​ទេ ។ 

ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​របស់​កម្ពុជា​នេះ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ប៉ៃលិន​សង្ស័យ​ស្លាក​លេខ​ក្លែងក្លាយ​ហើយ​បាន​សុំ​បើក​ចូល​ក្នុង​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ។ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា អ្នក​បើករថយន្ត​នេះ​ចូល​ដី​ថៃ​ក្នុង​បំណង​អ្វី​ទេ លុះ​ចូល​ដល់​ក្នុង​ទឹកដី​ថៃ​ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​សួរនាំ​ហើយ​ឃាត់​មិន​ឲ្យ​បើក​ចេញ​មក​ដី​ខ្មែរ​វិញ​។ 

ប៉ុន្តែ​បើ​តាម​មន្ត្រី​ព្រំដែន​ខ្មែរ​ដែល​បាន​ទំនាក់ទំនង​សួរ​ទៅ​ភាគី​ថៃ​បាន​ប្រាប់​ថា រថយន្ត​ចង្កូត​ស្ដាំ​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​នេះ​គឺ​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ក្រុមហ៊ុន​លក់​រថយន្ត​នៅ​ប្រទេស​ថៃ ។ មន្ត្រី​ដដែល​និយាយ​ថា ដំបូង​រថយន្ត​នេះ​ត្រូវ​ម្ចាស់​ដើម​ដែល​ជា​ជនជាតិ​ថៃ បាន​ទិញ​បង់​រំលស់​ពី​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ ហើយ​មិន​ទាន់​បង់លុយ​គ្រប់​ចំនួន​ផង​ស្រាប់តែ​ម្ចាស់​បាន​លួច​លក់​រថយន្ត​នេះ​មក​ឲ្យ​ខ្មែរ​ទើប​ខាង​ក្រុមហ៊ុន​គេ​ដាក់​ពាក្យបណ្ដឹង​ទៅ​ឲ្យ​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន​នានា​ជួយ​អន្តរាគមន៍ ។ លុះ​ឃើញ​រថយន្ត​នេះ​បើក​ឆ្លង​ចូល​ដី​ថៃ​ហើយ​ផ្ទៀងផ្ទាត់​លេខ​ម៉ាស៊ីន លេខ​តួ​ត្រូវ​ស៊ីសង្វាក់​គ្នា​នឹង​ពាក្យបណ្ដឹង​ទើប​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់​ទាំង​រថយន្ត​ទាំង​អ្នកបើកបរ​តែ​ម្ដង ។ 

ពាក់ព័ន្ធ​នឹង​ករណី​ភាគី​ថៃ​ចាប់​រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ខ្មែរ​ខាងលើ​នេះ កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក ហម សំខាន់ ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ តែ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ ។ ប៉ុន្តែ​លោក គឹ​ម ពន្លក អធិការ​ស្រុក​កំ​រៀង​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពិតជា​មានការ​ឃាត់​រថយន្ត​ខ្មែរ​ពី​សំណាក់​ភាគី​ថៃ​មែន ៕