ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ហាម​យក​កុំព្យូទ័រ​ឡើង​យន្តហោះធ្វើ​ឱ្យ​អ្នកដំណើរ​ខាត​ប្រាក់​

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ខណៈ​រដ្ឋាភិបាល​លោក​ត្រាំ ពិចារណា​ពង្រីក​ការ​ហាម​យក​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ឡើង​យន្តហោះ​ដល់​ជើងហោះហើរ​ពី​អឺរ៉ុប ការ​ធ្វើ​ដូច្នេះ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ច្រើន​ណាស់ ។

វិធានការ​នេះ​នឹង​រាំងស្ទះ​ផ្នែក​ភស្តុ​ភារ​

សហរដ្ឋអាមេរិក ៖ ខណៈ​រដ្ឋាភិបាល​លោក​ត្រាំ ពិចារណា​ពង្រីក​ការ​ហាម​យក​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ឡើង​យន្តហោះ​ដល់​ជើងហោះហើរ​ពី​អឺរ៉ុប ការ​ធ្វើ​ដូច្នេះ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ច្រើន​ណាស់ ។

វិធានការ​នេះ​នឹង​រាំងស្ទះ​ផ្នែក​ភស្តុ​ភារ​យ៉ាង​ធំ​តាម​អាកាសយានដ្ឋាន ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​អាច​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​សំបុត្រ​ជា​ច្រើន​ផង​ដែរ ។ រីឯ​អ្នក​ធ្វើ​ដំណើរ​ក៏​ត្រូវ​ពន្យារពេល​ជើងហោះហើរ និង​ចំណាយ​ប្រាក់​ច្រើន​ជាង​មុន ។

លោក Alexandre de Juniac ប្រធាន​សមាគម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​អន្តរជាតិ (IATA) បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ៖ « ពួក​យើង​គិត​ថា វា​នឹង​មានការ​ចំណាយ​បន្ថែម​ច្រើន​ជាង​១​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​សម្រាប់​អ្នក​ធ្វើ​ដំណើរ ។ ជើងហោះហើរ​អា​ត្ល​ង់​ទិច គឺជា​ប្រភព​ប្រាក់​ចំណេញ និង​ប្រាក់​ចំណូល​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​សហរដ្ឋអាមេរិក និង​អឺរ៉ុប ហើយ​វា​អាច​នឹង​ប៉ះពាល់​ធំ​ណាស់ » ។

ប្រាក់​ចំណាយ​ប្រចាំឆ្នាំ​ដែល​ត្រូវ​បាន​ព្យាករ​ពី IATA គឺ​ស្មើ​១,១​ប៊ី​លាន​ដុល្លារ រួម​ទាំង​ការ​ខាតបង់​ពេលធ្វើការ​សម្រាប់​អាជីវករ និង​ការ​ចំណាយពេល​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ផង​ដែរ ។

មន្ត្រី​អឺរ៉ុប​នឹង​ជួប​ជាមួយ​ភាគី​អា​មេ​រិ​ក​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ផ្លូវអាកាស ។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​វិធានការ​នេះ​ក្នុង​ខែមីនា ដែល​តម្រូវ​ឲ្យ​យក​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ធំ​ជាង​ទូរស័ព្ទ​ដៃ ដាក់​ក្នុង​វ៉ាលិស​លើ​ជើង​យន្តហោះ​ពី​អាកាសយានដ្ឋាន​ទាំង​១០ ក្នុង​មជ្ឈិម​បូព៌​៌ា និង​អាហ្វ្រិក ។ ពួក​គេ​អះអាង​ថា ភេ​វរ​ករ​អាច​នឹង​លាក់​គ្រឿងផ្ទុះ​ក្នុង​ឧបករណ៍​ទាំងនោះ មាន​ន័យ​ថា មិន​អាច​យក​កុំព្យូទ័រ​ចូល​ក្នុង​កាប៊ី​ន​យន្តហោះ​ទេ ដែល​ជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​អាជីវករ ។

ប្រសិនបើ​បន្ថែម​អឺរ៉ុប​ក្នុង​ការ​ហាមឃាត់​នេះ​ទៀត វា​ជា​ការ​ពង្រីក​ដ៏​ធំ​មួយ ហើយ​វិស័យ​អាកាសចរណ៍​ព្រួយបារម្ភ​ថា ពួក​គេ​នឹង​ត្រូវការ​ធនធាន​បន្ថែម​ដើម្បី​សម្រប​ខ្លួន​តាម​វិធានការ​នេះ​។ ការ​ព្រួយបារម្ភ​ក៏​បាន​លើក​ឡើង​ទាក់ទិន​នឹង​ហានិភ័យ​ឆាបឆេះ​ផង​ដែរ ដោយសារ​ការ​ដាក់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ក្នុង​វ៉ាលិស ។

ជើងហោះហើរ​រវាង​អឺរ៉ុប និង​សហរដ្ឋអាមេរិក គឺជា​ច្រក​ផ្លូវ​មួយ​ដែល​រវល់​ជាងគេ​ក្នុង​ពិភពលោក ។ មាន​ជើងហោះហើរ​ច្រើន​ជាង​៣៥០​ទៀត ដែល​ចាក​ចេញពី​អឺរ៉ុប​ទៅ​កាន់​សហរដ្ឋអាមេរិក​ជា​រៀងរាល់ថ្ងៃ ។ នេះ​បើ​យោង​តាម IATA ។

ប្រសិនបើ​អាជីវករ​បោះបង់​ការ​ហោះហើរ​ដើម្បី​អាច​ប្រើប្រាស់​កុំព្យូទ័រ​នោះ ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ត្រូវ​បង្ខំចិត្ត​ដំណើរការ​ជើងហោះហើរ​តិច​ជាង​មុន ហើយ​វិស័យ​ទេសចរណ៍​របស់​សហរដ្ឋអាមេរិក​ក៏​អាច​ប៉ះពាល់​ផង​ដែរ ។

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ Euromonitor ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ស្វាគមន៍​អ្នកដំណើរ​ច្រើន​ជាង​១៤,៥​លាន​នាក់​ពី​អឺរ៉ុប​ជា​រៀង​រាល់​ឆ្នាំ គឺ​ស្មើ​៤០%​នៃ​អ្នកដំណើរ​ពី​បរទេស​ទាំងអស់​មក​កាន់​សហរដ្ឋអាមេរិក ។

យោង​តាម​សមាគម​ធ្វើ​ដំណើរ​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​ទៀត​ថា អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​ពី​អឺរ៉ុប​បាន​ចំណាយ​ប្រាក់​ពី​៣​ទៅ​៤​ពាន់​ដុល្លារ​រៀង​រាល់ពេល​ពួក​គេ​មក​កាន់​សហរដ្ឋអាមេរិក ៕