ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណីតភាព​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​ពុក​រលួយ

6 ឆ្នាំ មុន

ចិញ្ចៀនពេជ្រ​ធំ ឡាន​ស៊េរី​ថ្មី​ទំនើប​ៗ ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ​ជា​ក្តី​ស្រ​ម៉ៃ​របស់​មនុស្ស​ជា​ច្រើន​។ ពួក​គេ​ត្រូវការ​ប្រណីតភាព​ដោយ​គិត​ថា វា​នឹង​ធ្វើ​ឱ្យ​ជីវិត​មាន​ន័យ និង​ទទួល​ការ​ស្ញប់ស្ញែង​។

តម្រូវការ​នូវ​វត្ថុ​ទំនើប​ៗ​នៅ​ក្នុង

ចិញ្ចៀនពេជ្រ​ធំ ឡាន​ស៊េរី​ថ្មី​ទំនើប​ៗ ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ​ជា​ក្តី​ស្រ​ម៉ៃ​របស់​មនុស្ស​ជា​ច្រើន​។ ពួក​គេ​ត្រូវការ​ប្រណីតភាព​ដោយ​គិត​ថា វា​នឹង​ធ្វើ​ឱ្យ​ជីវិត​មាន​ន័យ និង​ទទួល​ការ​ស្ញប់ស្ញែង​។

តម្រូវការ​នូវ​វត្ថុ​ទំនើប​ៗ​នៅ​ក្នុង​ជីវិត​រស់នៅ​គ្មាន​អ្វី​ខុសឆ្គង​នោះ​ទេ​។ ប៉ុន្តែ​ជា​អកុសល​មនុស្ស​ត្រូវ​បាន​ដឹកនាំ​ឱ្យ​ដើរ​ផ្លូវខុស ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​នៃ​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​ប្រណីតភាព​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​នៅឡើយ​។

ប្រាក់ខែ​ទាប​នៅ​ក្នុង​ស្ថាប័នរដ្ឋ​មិន​អាច​ឱ្យ​ពួក​មន្ត្រី​ស្វែងរក​ប្រណីតភាព​តាម​រយៈ​ប្រាក់ខែ​នោះ​ឡើយ​។ ការ​ងាក​ទៅ​រក​ផ្លូវ​ងងឹត ឬ​អំពើ​ពុក​រលួយ​ក៏​កើត​មាន ដើម្បី​សម្រេច​បំណងប្រាថ្នា​នៃ​ជីវិត​ប្រកបដោយ​ប្រណីតភាព​នេះ​។ ការ​ងុប​ង​ល់​ខ្លាំង​នឹង​ប្រណីតភាព​នឹង​ធ្វើ​ឱ្យ​មនុស្ស​ហ៊ាន​ធ្វើ​គ្រប់យ៉ាង ដើម្បី​បាន​ចិញ្ចៀនពេជ្រ​គ្រាប់​ធំ ឡាន​តម្លៃ​រាប់​សែន និង​វិមាន​ស្កឹមស្កៃ​ជាដើម​។

ដរាបណា​មនុស្ស​នៅ​តែ​ប្រណាំងប្រជែង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដើម្បី​សម្រេច​ប្រណីតភាព​នៅ​ក្នុង​ជីវិត​តាម​មធ្យោបាយ​គ្រប់​វិធី ពេល​នោះ​បញ្ហា​ពុក​រលួយ​នឹង​នៅ​តែ​តាម​ញាំញីក្នុង​សង្គម ដោយ​ធ្វើ​ឱ្យ​ពិបាក​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យ​បាន​លឿន​ជាង​នេះ​។

គេ​មិន​គួរ​គិត​ថា ប្រណីតភាព គឺជា​តម្លៃ​តែ​មួយ​គត់​នៃ​ជីវិត​ឡើយ​។ សេចក្តី​ថ្លៃថ្នូរ សីលធម៌ ចំណេះដឹង កិត្តិយស និង​ការ​ស្រឡាញ់​រាប់អាន​របស់​មនុស្ស គឺជា​តម្លៃ​សំខាន់​ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​។

វា​ពិតជា​រឿង​គួរ​ឱ្យ​សរសើរ​សម្រាប់​មនុស្ស​ប្រកប​របរ​សុច្ចរិត​ដែល​អាច​ធ្វើ​ឱ្យ​ជីវិត​មាន​ប្រណីតភាព​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​ពិតជា​គួរ​ឱ្យ​ខ្មាស​អៀន​ណាស់ ដែល​មនុស្ស​ត្រូវ​លះបង់​តម្លៃ​ជា​មនុស្ស​ដូច​ជា​សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ​ដោយ​បង្កើត​ជា​អំពើ​ពុក​រលួយ និង​អយុត្តិធម៌​សង្គម​ដោយ​គ្រាន់តែ​ដើម្បី​ទិញ​របស់​ប្រណីត​ៗ​ដើម្បី​អួត​មនុស្ស​នៅ​ក្នុង​សង្គម​។

ដូច្នេះ​សង្គម​នឹង​កាន់តែ​ប្រសើរ​ជាង​នេះ កាលបើ​មនុស្ស​អាច​ទប់ចិត្ត​ពី​ប្រណីតភាព​៕