កីឡា » កីឡាជាតិ

ង៉ែត រ​ដ្ឋា និង​រឿង សា​រ័​ត្ន ប៉ះ​ថៃ​2​រូប​ថ្មី​ដណ្ដើម​ឱកាស​យក​ខ្សែក្រវាត់​អន្តរជាតិ

ដោយ ៖ ផាត់ តារារដ្ឋ   

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៥:៤២   (18-05-2017 15:42)

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២០ ឧសភា ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​វគ្គ​៣​របស់​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដល់​ជុំ​ប៉ះ​គ្នា​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​២​រូប​ថ្មី​ទៀត​ហើយ បន្ទាប់​ពី​ពួក​គេ​បាន​សាក​កម្លាំង​ជាមួយ​កីឡាករ​ថៃ​២​នាក់​ដំបូង​ហើយ​ទទួល​បាន​ម្នាក់​៣​ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា ។

កីឡាករ ង៉ែត រ​ដ្ឋា និង រឿង សា​រ័​ត្ន នឹង​ឡើង​ប្រកួត​ជុំ​ទី​២​របស់​ខ្លួន​ជាមួយ​កីឡាករ​ថៃ ដើម្បី​ដណ្ដើម​យក​៣​ពិន្ទុ​បន្ត​ទៀត ដោយ​អ្នក​ទាំង​ពីរ​ត្រូវ​គេ​មើលឃើញ​ថា មានការ​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​យ៉ាង​ខ្លាំង​ដោយសារ​តែ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​នោះ គឺ​ពួក​លោក​ទទួល​បាន​៣​ពិន្ទុ​នាំមុខ​ទៅ​ហើយ ។      

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ក្រោយ​បើក​ដំណើរការ​ការ​ប្រកួត​មិត្តភាព​អស់​មួយ​រយៈ ស្ថានីយទូរទស្សន៍​របស់​លោក​បាន​សម្រេច​បើក​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​៣​បាន​ចំនួន​២ស​ប្ដា​ហ៍​ហើយ ដោយ​ការ​ប្រកួត​ក្នុង​ស​ប្ដា​ហ៍​ទី​៣​នេះ​លោក​ថា ជ័យជម្នះ​របស់​កីឡាករ​ថៃ និង​កីឡាករ​កម្ពុជា សុទ្ធតែ​សំខាន់​ដូច​គ្នា ទើប​លោក​បញ្ជាក់​ថា ការ​ប្រកួត​សម្រាប់​ថ្ងៃស្អែក​នឹង​មាន​សភាព​ស្វិតស្វាញ ។ លោក​ថា ការ​ប្រកួត​លើក​នេះ​ប្រជុំ​ដោយ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង​បរទេស​៤​រូប ដោយ​កីឡាករ​ម្នាក់​ៗ​ទាំង​កម្ពុជា និង​បរទេស សុទ្ធតែ​បាន​រួម​គ្នា​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​កន្ត្រាក់​ការ​គាំទ្រ​តាំងពី​ជុំ​ទី​១ ។

អ្នកគាំទ្រ​កីឡាករ​កម្ពុជា​មាន​អារម្មណ៍​តាមដាន​ចំពោះ​ព្រឹត្តិការណ៍​ថ្មី​នេះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​សមាសភាព​ដណ្ដើម​ខ្សែក្រវាត់​ដែល​ត្រូវ​ប្រកាស​ឡើង​សុទ្ធតែ​ជា​កីឡាករ​ល្អ​ទាំង​កម្ពុជា និង​ថៃ ជា​ពិសេស​បន្ទាប់​ពី​ឃើញ​កីឡាករ​កម្ពុជា​បើក​ឆាក​ក្នុង​ស​ប្ដា​ហ៍​ទី​១​ហើយ​ឈ្នះ​គូប្រកួត​ព្រម​គ្នា ។ អ្នកគាំទ្រ​ទាំងនោះ​កាន់តែ​បង្ហាញ​ការ​ទន្ទឹង​ចង់ឱ្យ​ការ​ប្រកួត​លេចឡើង ដោយសារ​តែ​ចង់​ដឹង​ថា ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​ថ្មី តើ​ម្ចាស់​ខ្សែក្រវាត់​ជា​កម្ពុជា ឬ​ជា​ជនជាតិ​ថៃ​ដូច​វគ្គ​ទី​២​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត ។

មន្ត្រី​ជា​អ្នក​រៀបចំ​បាន​អះអាង​ថា ការ​ប្រកួត​សម្រាប់​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ថ្ងៃ​សៅរ៍​មិន​ខុស​ពី​មានការ​គាំទ្រ​គគ្រឹកគគ្រេង​ពី​សំណាក់​អ្នកចូលរួម​ដែល​ស្នេហា​វិស័យ​ប្រដាល់​ទេ ។ លោក​ថា សមាសភាព​ដែល​ត្រូវ​ប្រកួត​សម្រាប់​វគ្គ​ថ្មី ដែល​បាន​បង្ហាញខ្លួន គឺ​មាន​កីឡាករ​សរុប​៨​រូប ដោយ​៤​រូប​ជា​ជនជាតិ​កម្ពុជា និង​៤​រូប​ទៀត​ជា​ជនជាតិ​ថៃ ។ លោក ញាណ សុធី ដែល​ជា​អ្នក​រៀបចំ​បាន​ទទូច​ឱ្យ​មានការ​គាំទ្រ​ចំពោះ​ការ​ប្រដាល់​ឱ្យ​បាន​ច្រើន ដោយ​លោក​បញ្ជាក់​ថា កីឡាប្រដាល់​កាន់តែ​មានការ​រីក​ចម្រើន​ប៉ុន្តែ​សម្រាប់​ការ​គាំទ្រ​ពី​អ្នក​ទស្សនា​ហាក់​នៅ​មាន​កម្រិត ។ ក្នុង​នោះ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​យក​ការ​ប្រដាល់​ធ្វើ​ជា​អាជីវកម្ម ដោយ​ការ​ចាក់​ភ្នាល់ ហើយ​លាប​ពណ៌​ថា គណៈកម្មការ​ផ្ដល់​ពិន្ទុ​មិន​យុត្តិធម៌​នៅ​ពេល​កីឡាករ​ដែល​ពួក​គេ​ភ្នាល់​មិន​ឈ្នះ​តាម​ការ​ចង់បាន ។ លោក​ថា អ្នកគាំទ្រ​បែប​នេះ​បាន​ធ្វើ​ឱ្យ​វិស័យ​ប្រដាល់​បាក់មុខ ប៉ុន្តែ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក៏​នឹង​សម្រាំង​ការ​ប្រដាល់​ឱ្យ​មានគុណ​ភាព​១០០​ភាគរយ ដោយ​មិន​ចេះ​តែ​ឱ្យ​លទ្ធផល​តាម​ការ​គូសវាស​របស់​អ្នក​ភ្នាល់​នោះ​ទេ ។ លោក​នៅ​តែ​ថា អ្នក​ភ្នាល់​ជា​អ្នក​ធ្វើ​ឱ្យ​វិស័យ​ប្រដាល់​បាក់មុខ ប៉ុន្តែ​អ្នកគាំទ្រ​ផ្កាប់មុខ​ទាំងនោះ ក៏​ជួយ​ឱ្យ​វិស័យ​ប្រដាល់​មាន​ភាព​ផុលផុស​ផង​ដែរ ។ 

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ឱ្យ​តែ​រាល់​ការ​ប្រកួត​ដណ្ដើម​ខ្សែ ក្រវាត់​រមែង​មានការ​លើក​ឡើង​ថា យុត្តិធម៌ និង​មិន​យុត្តិធម៌ ដែល​សុទ្ធតែ​ជា​ការ​លាប​ពណ៌​នៅ​ពេល​ការ​ប្រកួត​រវាង​កីឡាករ​ដែល​ពួក​គេ​ភ្នាល់​មិន​បាន​ជោគជ័យ ។ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​៣​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ នឹង​សម្រាំង​បាន​ល្អ​មិន​ខុស​ពី​ការ​គ្រោងទុក ដើម្បី​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ខា​រ៉ា​បាវ​មាន​ភាព​លេចធ្លោ ។ 

ងាក​មក​កាន់ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​វិញ លោក ញាណ សុធី បញ្ជាក់​ថា កីឡាករ ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ PhlayNoy ក្រោយ​យក​បាន​៣​ពិន្ទុ​ពី​កីឡាករ​ថៃ​ឈ្មោះ Lack Lay ដោយ​កីឡាករ​ទាំង​២​នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​គ្នា​ផង​ដែរ​សម្រាប់​ការ​ដណ្ដើម​យក​៣​ពិន្ទុ​ក្នុង​ជុំ​ទី​២ ។ លោក​ថា កីឡាករ​កម្ពុជា​នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ដោយសារ​តែ​ការ​ប្រកួត​រសៀល​ស្អែក បើ​គេ​ឈ្នះ​ទៀត​នឹង​ក្លាយជា​អ្នកមាន​ឱកាស​ឡើង​ទៅ​ដណ្ដើម​យក​ខ្សែក្រវាត់​អន្តរជាតិ តែបើ​ចាញ់​មិន​ខុស​ពី​ទម្លាក់​ចោល​សំណាង​ខ្លួនឯង ។ លោក​ថា កីឡាករ​រូប​នេះ​ត្រូវការ​ឈ្នះ​ដើម្បី​ឈាន​ឡើង​មុខមាត់ ខណៈ​ដែល​កីឡាករ​ថៃ​ក៏​ពិតជា​ប្រា​ថា្ន​ចង់​ឈ្នះ​ដូច​គ្នា ។ កីឡាករ​ថៃ​ត្រូវ​លោក​ប្រកាស​ថា ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៥៦​លើក  ចាញ់​១២​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​៧៣​លើក ឈ្នះ​៦២​លើក ចាញ់​៨​លើក និង​ស្មើ​៣​លើក ។

សម្រាប់​កីឡាករ រឿង សា​រ័​ត្ន មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ឡើង​ប្រកួត​ជាមួយ កីឡាករ​ថៃ​ឈ្មោះ Lack Lay ក្រោយ​ពី​ឈ្នះ​កីឡាករ​ថៃ​ឈ្មោះ Phaly Noy កាលពី​ជុំ​ទី​១​។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៦​លើក ឈ្នះ​៥០​លើក ចាញ់​១៤​លើក និង​ស្មើ​២​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៦៧​លើក ឈ្នះ​៥៤​លើក ចាញ់​១០​លើក និង​ស្មើ​៣​លើក ទើប​លោក​មិន​ហ៊ាន​ទុកចិត្ត​ចំពោះ​កីឡាករ​កម្ពុជា ៕